26 C
Phnom Penh

មន្ត្រី​ចិន៖ ទស្សនកិច្ច​លោក ហ៊ុន សែន បង្ហាញ​ពី​ការ​ពង្រឹង​មិត្តភាព​ដែកថែប​រវាង​ប្រទេស​ទាំង​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​ចិន រំពឹង​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១១ ខែ​កុម្ភៈ ខាងមុខ​នេះ នឹង​ពង្រឹង​មិត្តភាព​ដែកថែប​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹងមាំ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស លោកស្រី Mao Ning បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នកកាសែត​នា​អំឡុង​នៃ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​កាលពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ថា មេដឹកនាំ​ចិន នឹង​ជួប​ពិភាក្សា​ជាបន្តបន្ទាប់​ជាមួយ​លោក ហ៊ុន សែន ដើម្បី​ផ្លាស់ប្ដូរ​ទស្សនៈ​ស៊ីជម្រៅ​លើ​ទំនាក់ទំនង​ទ្វេភាគី រួម​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ សម្រាប់​ផល​ប្រយោជន៍​រួម។

លោកស្រី​បញ្ជាក់​ថា ចិន​និង​កម្ពុជា ជា​អ្នក​ជិតខាង​គ្នា​ជា​ប្រពៃណី និង​ជា​មិត្ត​ដែកថែប ដូច្នេះ​ចិន​នឹង​យក​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើជា​ឱកាស​មួយ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​រីកចម្រើន​បន្ថែម​ទៀត​ក្នុង​ការ​កសាង​សហគមន៍​ចិន-កម្ពុជា ជាមួយ​នឹង​អនាគត​រួម​គ្នា ហើយ​បន្ត​ឆ្ពោះ​ទៅ​មុខ​នៃ​ទំនាក់ទំនង​មិត្តភាព​ចិន-កម្ពុជា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។

ក្រៅពី​និយាយ​ពី​ការ​ពង្រឹង​មិត្តភាព​ហើយ លោកស្រី Mao Ning ក៏​បាន​រំលឹក​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​សាង​ដោយ​មេដឹកនាំ​ជំនាន់​មុន ហើយ​បន្ត​កាន់តែ​រឹងមាំ​ជា​លំដាប់ ខណៈ​ឆ្នាំ​នេះ​ឈាន​ដល់​ខួប ៦៥​ឆ្នាំ​នៃ​ការ​ស្ថាបនា​ទំនាក់ទំនង​ការទូត​ចិន-កម្ពុជា និង​ជា​ឆ្នាំ​នៃ​មិត្តភាព​ចិន-កម្ពុជា (ចិន-កម្ពុជា Friendship Year)។

ចំណែកឯ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន​លើក​ទី​៥ កាលពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៣ កន្លងមក​ថា ទស្សនកិច្ច​នេះ​វា​ជា​ការ​រៀបចំ​មួយ​ដើម្បី​រំលឹក​ទៅ​ដល់​ពេលវេលា​ដ៏​លំបាក ដែល​ជា​ខួប​លើក​ទី​៣ នៃ​ថ្ងៃ​ដែល​លោក​ទៅ​ទស្សនកិច្ច​ក្នុង​ពេលវេលា​ដែល​គេ​ទាំងឡាយ​រត់​ចោល​ចិន ដោយសារតែ​ខ្លាច​នូវ​ជំងឺ​កូវីដ-១៩។

លោក ហ៊ុន សែន ក៏​សង្ឃឹម​ដែរ​ថា ទស្សនកិច្ច​របស់​លោក​នា​ពេល​ខាងមុខ នឹង​មាន​គម្រោង​ថ្មីៗ​បន្ថែម​ទៀត​ដែល​ត្រូវ​ពឹងពាក់​ពី​មិត្ត​ចិន ដើម្បី​អភិវឌ្ឍ​កម្ពុជា ដោយ​ក្នុង​នោះ​ប្រហែល​ជា​ត្រូវ​រៀបចំ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ផង​ដែរ។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា អ្វី​ដែល​បាន​កើតឡើង​រួច​មក​ហើយ​នោះ គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ត្រូវ​បាន​ចូល​ជា​ធរមាន ដែល​ឥឡូវ​នេះ ការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ធ្វើ​កាន់តែ​ច្រើន និង​មាន​កិច្ច​សហប្រតិបត្តិការ​នានា​ក៏​នឹង​ត្រូវ​ធ្វើ​កាន់តែ​ច្រើន​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស