27 C
Phnom Penh

អាមេរិក​ទាត់​ចោល​សំណើ​របស់​ចិន​សុំ​យក​កម្ទេចកម្ទី​បាឡុង​ដែល​អាមេរិក​បាញ់​ទម្លាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក​ទាត់​ចោល​សំណើ​របស់​ចិន សុំ​ឱ្យ​អាមេរិក​ប្រគល់​វត្ថុ​កម្ទេចកម្ទី​បាឡុង​ដែល​ត្រូវ​កងទ័ព​អាកាស​អាមេរិក​បាញ់​ទម្លាក់​ដោយ​បាញ់​មីស៊ីល​ចេញពី​យន្តហោះ​ចម្បាំង F-២២ កាលពី​ថ្ងៃ​សៅរ៍​កន្លងមក​នេះ។

បាឡុង​នេះ​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ពេល​វា​កំពុង​ហោះ​សំកាំង​លើ​លំហ​អាកាស​នៃ​ឆកសមុទ្រ​ក្នុង​រដ្ឋ South Carolina។ ការ​បាញ់​ទម្លាក់​បាឡុង​របស់​ចិន ដោយសារតែ​បាឡុង​នោះ​បាន​ហោះ​ចូល​ដែន​អាកាស​អាមេរិក ហើយ​អាមេរិក​ចោទ​ថា​ជា​បាឡុង​ស៊ើបការណ៍។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ នេះ។

អ្នក​នាំពាក្យ​សម្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក John Kirby និយាយ​ថា បាឡុង​នេះ​វា​បាន​រំលោភ​ច្បាប់​អន្តរជាតិ និង​បាន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​អាមេរិក។

លោក​បញ្ជាក់​ថា បើ​ដូចនេះ អាមេរិក​នឹង​មិន​ប្រគល់​វត្ថុ​កម្ទេចកម្ទី​របស់​បាឡុង​នេះ​ទៅ​ឱ្យ​ចិន នោះ​ទេ ទោះ​ជា​ចិន​សុំ​មក​ប្រមូល​កម្ទេចកម្ទី​របស់​បាឡុង ក៏​អាមេរិក​មិន​អនុញ្ញាត​ដែរ ព្រោះ​ដំណើរ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​នៅ​បន្ត​នៅឡើយ។

លោក​ថា មុន​ពេល​អាមេរិក​សម្រេច​បាញ់​ទម្លាក់​បាឡុង​នេះ ក៏​អាមេរិក​ទុក​ពេល​ច្រើន​ថ្ងៃ​ឱ្យ​វា​ហោះ​ចេញពី​លំហ​អាកាស​អាមេរិក​ដែរ តែ​បាឡុង​នេះ​នៅតែ​ស្ថិត​នៅ​លើ​អាកាស​អាមេរិក​ដែល​ចាំបាច់​ត្រូវ​បាញ់​កម្ទេច។

តាម​ឧត្តមសេនីយ៍ Glen VanHerck មេបញ្ជាការ​អាមេរិក​នៅ​ភាគ​ខាងជើង​ប្រទេស ឲ្យ​ដឹង​ថា បាឡុង​នេះ​ហោះ​ក្នុង​កម្ពស់ ២០០​ហ្វិត​នៅ​លើ​លំហ​អាកាស​នៃ​រដ្ឋ South Carolina មុន​ត្រូវ​បាន​បាញ់​ទម្លាក់។ បាឡុង​នេះ​វា​ហោះ​ចូល​លំហ​អាកាស​នៅ​រដ្ឋ​អាឡាស្កា ហើយ​ក៏​ហោះ​ចូល​លំហ​អាកាស​ប្រទេស​កាណាដា ដោយ​បន្ត​ហោះ​មក​លើ​លំហ​អាកាស​របស់​អាមេរិក​ក្នុង​រដ្ឋ South Carolina។

ប្រតិកម្ម​នឹង​អាមេរិក​បាញ់​បាឡុង​របស់​ចិន បាន​នាំ​ឱ្យ​ក្រសួង​ការបរទេស​ចិន ពន្យល់​ថា បាឡុង​នេះ​វា​បាន​ងាក​ចេញពី​គន្លង​ផ្លូវ​ទៅ​ចូល​ដែនអាកាស​អាមេរិក ដោយសារតែ​ខ្យល់​ខាងលិច​ទាញ​ខ្លាំង​ពេក។ ក្រុង​ប៉េកាំង​ចាត់ទុក​ជា​ហេតុការណ៍​អចេតនា​កើតឡើង​ដោយ​បាតុភូត​ធម្មជាតិ និង​ដោយ​ឥត​ព្រាងទុក​ដែល​មិនមែន​ជា​ការ​ទទួល​ខុសត្រូវ​ទាំងស្រុង​របស់​ចិន​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ចិន​បាន​ធានា​ថា បាឡុង​នោះ​ជា​បាឡុង​ស៊ីវិល​សុទ្ធសាធ ដែល​វា​កំពុង​សិក្សា​ស្រាវជ្រាវ​ផ្នែក​ឧតុនិយម។

សហរដ្ឋ​អាមេរិក និង​ចិន កំពុង​មាន​ទំនាស់​គួរ​ឱ្យ​ព្រួយបារម្ភ​ជុំវិញ​រឿង​បាឡុង​របស់​ចិន ដែល​សហរដ្ឋ​អាមេរិក​បាញ់​ទម្លាក់។ ចិន​ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្វើការ​ស្រាវជ្រាវ​លើ​ការ​ចោទប្រកាន់​នេះ​រួម​គ្នា ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​បាញ់​ទម្លាក់​បាឡុង​នោះ​ទៅ​ហើយ ដែល​បង្ក​ឱ្យ​ការ​លំបាក​ជុំវិញ​ការ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​រួម​គ្នា​រក​ការពិត​ណាស់។ ទោះជា​យ៉ាងណាក៏ដោយ ចិន​គំរាម​ថា​នឹង​ធ្វើ​សកម្មភាព​សងសឹក​ប្រហាក់ប្រហែល​គ្នា​វិញ​មក​លើ​សហរដ្ឋ​អាមេរិក។

ប្រទេស​ចិន​អះអាង​ថា ការ​ដែល​បាឡុង​របស់​ខ្លួន​បាន​ហោះ​ខុស​គោលដៅ​នោះ គឺ​ដោយសារតែ​អាកាសធាតុ​ប្រែប្រួល ដែល​គេ​មិន​អាច​គ្រប់គ្រង​បាន ប៉ុន្តែ​សហរដ្ឋ​អាមេរិក​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ការ​ចោទ​របស់​ខ្លួន ដោយ​និយាយ​ថា​វា​ជា​បាឡុង​ប្រើប្រាស់​ក្នុង​ចារកម្ម​យោធា។

ចំពោះ​លោក William Kim អ្នក​ឯកទេស​អំពី​បាឡុង​ចារកម្ម​នៃ​ក្រុម​គំនិត​ផ្ដួចផ្ដើម Marathon ក្នុង​ក្រុង​វ៉ាស៊ីនតោន បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា បាឡុង​នោះ​វា​អាច​ហោះ​មក​ចូល​ដែនអាកាស​របស់​អាមេរិក​ដោយ​ចៃដន្យ​មែន បើ​យោង​ទៅ​លើ​រយៈ​កម្ពស់​ដែល​បាឡុង​នោះ​ហោះ​បណ្ដែត​ខ្លួន។

អ្នកជំនាញ​រូប​នេះ​បន្ត​ថា ប្រសិនបើ​មាន​កម្មវត្ថុ​ចារកិច្ច និង​មិន​ចង់​ឱ្យ​គេ​ចាប់​សញ្ញា​បាន គេ​គួរតែ​បង្ហោះ​វា​ឱ្យ​ខ្ពស់​ជាង​នេះ។

លោក William Kim ពន្យល់​ទៀត​ថា បើ​ទោះបីជា​បាឡុង​នោះ​មាន​ទម្រង់​ខាងក្រៅ​ជា​ឧបករណ៍​ស្រាវជ្រាវ​ឧតុនិយម​មែន តែ​បន្ទុក​របស់​បាឡុង​មាន​ច្រើន​គួរ​ឱ្យ​សង្ស័យ ដោយសារ​វា​មាន​ទាំង​គ្រឿង​អេឡិចត្រូនិក​បញ្ជា​ផ្លូវ និង​ចារកិច្ច ព្រមទាំង​ផ្ទាំង​សូឡា។

លោក​បញ្ជាក់​ថា បាឡុង​នោះ​អាច​មាន​ផ្ទុក​នូវ​បច្ចេកវិទ្យា​បង្ហាញ​ផ្លូវ និង​មាន​បច្ចេកវិទ្យា​ខាង​បញ្ញា​សិប្បនិម្មិត។ ដូច្នេះ​បាឡុង​នេះ​វា​អាច​ប្តូរ​ផ្លាស់​ការ​ហោះហើរ​ក្នុង​រយៈ​កម្ពស់​ទាប ឬ​ខ្ពស់​ខ្លាំង​ក៏​បាន។ ចំពោះ​ការ​សង្ស័យ​ថា​ជា​បាឡុង​ចារកម្ម ក៏​មិន​ខុស​អ្វី​នោះ​ដែរ។

ទោះជា​យ៉ាងណាក៏ដោយ ប្រទេស​ចិន​បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​អំពី​ការ​ប្រើប្រាស់​កម្លាំង​ដោយ​មិន​រើស​មុខ​ក្នុង​ការ​បាញ់​ទម្លាក់​បាឡុង​របស់​ចិន ដោយ​វា​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ និង​ធ្វើ​ឱ្យ​ខូចខាត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ភាគី​ទាំង​ពីរ​ក្នុង​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​ចិន-អាមេរិក​មាន​ស្ថិរភាព។

បាឡុង​របស់​ចិន​នៅ​លើ​លំហ​អាកាស​សហរដ្ឋ​អាមេរិក បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន ដែល​កំពុង​តានតឹង​រួច​ហើយ ហើយ​ដែល​ទំនាក់ទំនង​នេះ​ក៏​បាន​ធ្លាក់​ចុះ​អស់​ជាច្រើន​ឆ្នាំ​ដែរ។

ជុំវិញ​រឿង​នេះ បាន​ជំរុញ​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​លុប​ចោល​ភ្លាមៗ​នូវ​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉េកាំង នៅ​សប្ដាហ៍​ក្រោយ​ដែល​មាន​គោលបំណង​បន្ធូរបន្ថយ​ភាព​តានតឹង។

ចំណែក​អតីត​នាយសេនាធិការ​យោធា​របស់​សហរដ្ឋ​អាមេរិក លោក Mike Mullen យល់​ឃើញ​ថា យោធា​របស់​ចិន​បាន​បង្ហោះ​បាឡុង​នោះ​ក្នុង​ចេតនា​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឱ្យ​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​តែប៉ុណ្ណោះ។

លោក ចូ បៃដិន បាន​ចេញ​បទបញ្ជា​របស់​លោក​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បង្គាប់​ទៅ​កងទ័ព​អាកាស​អាមេរិក​នៃ​ក្រុម​យន្តហោះ​ចម្បាំង F-22 ឱ្យ​បាញ់​ទម្លាក់​បាឡុង​យក្ស​ដ៏​ធំ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស