27 C
Phnom Penh

លោក សម រង្ស៊ី ស្វាគមន៍​បណ្តឹង​របស់​លោក ហ៊ុន សែន ទៅ​កាន់​តុលាការ​បារាំង​ជាថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាស​ស្វាគមន៍​បណ្តឹង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​គ្រោង​ប្តឹង​រូបលោក​ជា​ថ្មី​មក​តុលាការ​ប្រទេស​បារាំង ជុំវិញ​ការ​លើកឡើង​របស់​លោក​ទាក់ទិន​នឹង​ប្រវត្តិ​របស់​អ្នកស្រី ប៊ុន សុថា ទាក់ទង​ការ​សម្លាប់​ប្តី​ខ្លួនឯង​កាលពី​ពេល​កន្លងទៅ។

អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អង្គារ ទី​៧ កុម្ភៈ ថា លោក​ទទួល​ដំណឹង​ថា​មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ត្រូវ​ជា​បងថ្លៃ​របស់​អ្នកស្រី ប៊ុន សុថា គ្រោង​ប្តឹង​លោក​មក​តុលាការ​ប្រទេស​បារាំង បន្ទាប់ពី​លោក​បាន​រំលឹក​ពី​ប្រវត្តិ​ប្អូនថ្លៃ​របស់​លោក​ថា បាន​សម្លាប់​ប្តី​ខ្លួនឯង គឺ​លោក កូវ សាមុត កាលពី​ឆ្នាំ​១៩៩៦ ដែល​លោក ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ។

លោក​បន្ត​ថា អំពើ​ឃាតកម្ម​នេះ​កើតឡើង​ដោយសារតែ​លោក កូវ សាមុត ប្រើ​អំពើ​ហិង្សា​លើ​អ្នកស្រី ប៊ុន សុថា ក្រោយ​បែកធ្លាយ​រឿង​អ្នកស្រី​លួចលាក់​សហាយស្មន់​ជាមួយ​អ្នក​បើក​ឡាន​របស់​ខ្លួន គឺ​លោក តាន់ បញ្ញាវុធ ដែល​ជា​ប្តី​របស់​អ្នកស្រី​បច្ចុប្បន្ន​នេះ។

លោក សម រង្ស៊ី លើកឡើង​ថា ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​នេះ គ្រួសារ​របស់​លោក ហ៊ុន សែន បាន​រង​នូវ​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង​ក្នុង​នាម​ខ្លួនឯង​ជា​មេដឹកនាំ​ខ្មែរ ព្រោះ​រឿង​នេះ​គឺ​ទាក់ទង​ទៅ​នឹង​ភរិយា​របស់​គាត់ គឺ​អ្នកស្រី ប៊ុន រ៉ានី ដោយ​ផ្ទាល់ ដូច្នេះ​ជម្រើស​ដែល​លោក ហ៊ុន សែន បិទ​រឿង​នេះ​មិន​ឲ្យ​លេច​ឮ​ទៅ​ខាង​ក្រៅ គឺ​មាន​តែ​សម្លាប់​លោក កូវ សាមុត ហើយ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ​ទាំង​អយុត្តិធម៌​ប៉ុណ្ណោះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បញ្ជាក់​ថា ការ​រំលឹក​ពី​ឃាតកម្ម​ដែល​ប្រព្រឹត្ត​ដោយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នេះ គឺ​មាន​សារសំខាន់ និង​សារប្រយោជន៍​ខ្លាំង​ណាស់​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ដែល​លោក ហ៊ុន សែន បាន​សម្លាប់។

លោក សម រង្ស៊ី គូស​បញ្ជាក់​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​ទាំង​អយុត្តិធម៌​រហូត​ដល់​សព្វថ្ងៃ​នេះ គឺ​មាន​ច្រើន​ណាស់ ក្នុង​នោះ​មាន​ដូចជា​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​ឆ្នាំ​២០០៤ សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ត្រូវ​ឃាតករ​ផ្តាច់​ជីវិត​ក្នុង​ឆ្នាំ​២០១២ និង​បណ្ឌិត កែម ឡី ត្រូវ​គេ​បាញ់​ប្រហារ​ស្លាប់​ក្នុង​ថ្លុក​ឈាម​ក្នុង​ឆ្នាំ​២០១៦ ជាដើម ដែល​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ទាំងនេះ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​លោក ហ៊ុន សែន រួម​ទាំង​ក្រុម​គ្រួសារ​របស់​គាត់។

បន្ទាប់ពី​អ្នកស្រី ប៊ុន សុថា ទទួល​មរណភាព អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​លើកឡើង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៥ កុម្ភៈ ថា ក្នុង​ជួរ​គ្រួសារ​លោក ហ៊ុន សែន មាន​មនុស្ស​សាហាវៗ​ជាច្រើន ដូច​ករណី​អ្នកស្រី ប៊ុន សុថា ដែល​មាន​ឈ្មោះ​ដើម ប៊ុន សាមហ៊ឹង ជាដើម ធ្លាប់​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​ប្តី​ខ្លួនឯង គឺ​លោក កូវ សាមុត កាលពី​អំឡុង​ឆ្នាំ​១៩៩៦ ដោយសារតែ​ជម្លោះ​ផ្ទៃក្នុង​គ្រួសារ​របស់​ខ្លួន​ដែល​មាន​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ពីក្រោយ​ខ្នង។

ក្រោយ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ចាត់ទុក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ និង​អ្នកគាំទ្រ​មួយ​ចំនួន​របស់​គាត់​ថា ពួកគេ​លែង​មាន​សារជាតិ​ជា​មនុស្ស​ទៀត​ហើយ ព្រោះ​អ្នក​ទាំងនោះ​ចេះ​តែ​នាំគ្នា​មក​និន្ទា និង​រុក​ឆ្កៀល​ក្រុម​គ្រួសារ​របស់​លោក​ទាំង​ដែល​លោក​កំពុង​ជួប​ទុក្ខ​មាន​ប្អូនស្រី​ស្លាប់​នៅ​ពេលនេះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ កុម្ភៈ នេះ​ថា ប្រសិនបើ​លោក សម រង្ស៊ី មាន​ភស្តុតាង​គ្រប់គ្រាន់​ជុំវិញ​ការ​អះអាង​របស់​គាត់ ដែល​ថា​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នៅ​ពីក្រោយ​នៃ​ការ​ស្លាប់​របស់​លោក កូវ សាមុត គាត់​គួរតែ​ដាក់​ពាក្យ​បណ្តឹង និង​ភស្តុតាង​ទៅ​តុលាការ ដើម្បី​រក​យុត្តិធម៌​ជុំវិញ​ករណី​នេះ។

លោក​បន្ថែម​ថា បើ​តុលាការ​មិន​រក​យុត្តិធម៌​ក្នុង​រឿង​នេះ​ទេ នោះ​បង្ហាញ​កាន់តែ​ច្បាស់​ថា អ្វី​ដែល​គាត់​បាន​អះអាង គឺជា​រឿង​ពិត ហើយ​ពលរដ្ឋ​ខ្មែរ​ច្បាស់​ជា​មាន​សុភវិនិច្ឆ័យ​ក្នុង​រឿង​នេះ​ជាមិនខាន។

លោក សេក សុជាតិ បញ្ជាក់​ថា ផ្ទុយទៅវិញ បើ​គាត់​គ្រាន់តែ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន ស្រប​ពេល​ដែល​ការ​បោះឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់​បែប​នេះ គេ​អាច​នឹង​គិត​ថា លោក សម រង្ស៊ី ព្យាយាម​កេង​ចំណេញ​នយោបាយ​ក្នុង​រឿង​នេះ​ច្រើនជាង។ លើស​ពី​នេះ ក៏​ជា​ការ​បញ្ជាក់​ដែរ​ថា អ្នក​នយោបាយ​ប្រឆាំង​សព្វថ្ងៃ​នេះ​គ្មាន​ការ​ដឹកនាំ​នយោបាយ​ថ្មី​សម្រាប់​កម្ពុជា​នោះ​ទេ គឺ​មាន​តែ​បង្ក​បរិយាកាស​អាប់អួរ និង​ភាព​ស្មុគស្មាញ​សម្រាប់​កម្ពុជា​ទៅវិញ​ប៉ុណ្ណោះ។

ចំណែក​សកម្មជន​សហគមន៍​ខ្មែរ​នៅ​ក្រុង​ឡុងប៊ិច (Long Beach) នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក លោក មួង ណារ៉េត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ថា ប្រពៃណី​ខ្មែរ​ដែល​ចាស់​បុរាណ​អប់រំ​ឲ្យ​ប្រកាន់​សីលធម៌ គឺ​គេ​តែងតែ​ណែនាំ​ឲ្យ​អហោសិកម្ម​ដល់​អ្នក​ដែល​ស្លាប់ បើ​ទោះបីជា​អ្នក​នោះ​បាន​ប្រព្រឹត្ត​ខុស​កាលពី​នៅ​រស់​ក៏ដោយ។

លោក មួង ណារ៉េត បញ្ជាក់​ថា យ៉ាងណាក៏ដោយ ការ​ជជីក​បើក​កកាយ​ប្រវត្តិ​អ្នក​ស្លាប់​ប្រហែល​ជា​ភាគី​ដែល​គិត​ថា​ខ្លួន​ជា​ជនរងគ្រោះ គ្រាន់តែ​ចង់​ឈ្នះ ឬ​ចង់​រំដោះ​កំហឹង​ផ្លូវចិត្ត​របស់​ខ្លួន​ដែល​រង​អយុត្តិធម៌​ពី​ភាគី​ម្ខាង​ទៀត​ដែល​ខ្លួន​មិន​អាច​ទាមទារ​យុត្តិធម៌​បាន​ប៉ុណ្ណោះ ប៉ុន្តែ​វិធី​នេះ​មិនមែន​ជា​ដំណោះស្រាយ​ទេ តែ​នឹង​ធ្វើ​ឲ្យ​រឿងរ៉ាវ​ដែល​កើតមាន​កាន់តែ​រីក​ធំ និង​ស្មុគស្មាញ​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស