នៅថ្ងៃនេះ ប្រធានាធិបតីអ៊ុយក្រែន បានទៅដល់ទីក្រុង ប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីថ្លែងសុន្ទរកថាទៅកាន់សភារបស់សហភាពអឺរ៉ុប។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេសជាលើកទី២ បន្ទាប់ពីបានទៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអ៊ុយក្រែន បានទៅធ្វើទស្សនកិច្ចនៅអង់គ្លេស ដោយបានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស រីហ្ស៊ី ស៊ូណាក់ និងបានថ្លែងទៅកាន់សភានៃប្រទេសមហាអំណាចអឺរ៉ុបមួយនេះផងដែរ។ នៅថ្ងៃនេះ លោក ហ្សេឡេនស្គី ត្រូវថ្លែងសុន្ទរកថាទៅកាន់សភាសហភាពអឺរ៉ុប។
តាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់ DW លោក ហ្សេឡេនស្គី ធ្វើដំណើរទៅទីក្រុងប្រ៊ុចសែល ដោយអមដំណើរដោយប្រធានាធិបតីបារាំង អេម៉ានូអេល ម៉ាក្រុង។
វត្តមានរបស់លោក ហ្សេឡេនស្គី ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅដោយមេដឹកនាំសហភាពអឺរ៉ុប។ យោងតាមប្រភពព័ត៌មានរបស់ DW ឲ្យដឹងថា លោក ហ្សេឡេនស្គី ភ្លាមៗនៅចំពោះមុខសមាជិកសភាអឺរ៉ុបនោះ បានប្រើពាក្យថា Glory to Ukraine ដែលមានន័យថា អ៊ុយក្រែនដ៏រុងរឿង ហើយអរគុណសភាអឺរ៉ុបដែលកំពុងតែបន្តគាំទ្រប្រជាជនអ៊ុយក្រែន ក្នុងការតស៊ូដើម្បីសេរីភាព និងធ្វើសង្គ្រាមដើម្បីអធិបតេយ្យភាពនៃទឹកដីអ៊ុយក្រែន ចំពោះការឈ្លានពានពីប្រទេសរុស្ស៊ី។
លោកអះអាងថា វាមានន័យសំខាន់ណាស់ដែលអ៊ុយក្រែន ជាបេះដូងនៃប្រជាធិបតេយ្យមិនត្រឹមសម្រាប់ខ្លួនឯងនោះទេ គឺសម្រាប់ប្រជាធិបតេយ្យនៅអឺរ៉ុបទាំងមូល។
លោក ហ្សេឡេនស្គី បានថ្លែងថា នៅពេលនេះ អ៊ុយក្រែនកំពុងតែដើរលើផ្លូវជ័យជម្នះ ព្រោះអ៊ុយក្រែននឹងក្លាយជាសមាជិកសហភាពអឺរ៉ុប។
ការថ្លែងរបស់លោក ហ្សេឡេនស្គី ដូចនេះ នាំឲ្យសមាជិកសភាអឺរ៉ុបទះដៃប្រាវៗ ហើយរន្ធត់ចិត្តជាខ្លាំង។ លោកបន្តថា អឺរ៉ុបគឺជាបេះដូងរបស់ប្រជាជនអ៊ុយក្រែន។ លោកថា អឺរ៉ុបកំពុងតែសាមគ្គីគ្នាដើម្បីការពារអ៊ុយក្រែន និងអឺរ៉ុបទាំងមូល។
លោកថា សហភាពអឺរ៉ុបដែលកំពុងបន្តជួយប្រជាជនអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងអំពើឈ្លានពានរបស់រុស្ស៊ី នៅពេលនេះ សហភាពអឺរ៉ុបគឺជាខ្នងបង្អែករបស់ប្រជាជនអ៊ុយក្រែនដ៏ខ្លាំងក្លា ដែលធ្វើឲ្យប្រជាជនអ៊ុយក្រែនមានកម្លាំងចិត្តក្នុងការតស៊ូដើម្បីសេរីភាពរបស់ខ្លួន។
បើតាម DW នៅមុនពេលលោក ហ្សេឡេនស្គី ថ្លែងសុន្ទរកថាទៅកាន់សភាអឺរ៉ុប សមាជិកសភាអឺរ៉ុបមួយចំនួន និងនៅក្នុងសាលប្រជុំទាំងមូលមានទង់ជាតិអឺរ៉ុប និងអ៊ុយក្រែនរួចទៅហើយ ដោយទង់ជាតិទាំងពីរនេះគឺជានិមិត្តរូបបង្ហាញអំពីអ៊ុយក្រែន អនាគតនឹងក្លាយជាសមាជិកសហភាពអឺរ៉ុប។
ជាមួយគ្នានេះ សមាជិកសភាអឺរ៉ុបម្នាក់ គឺអ្នកស្រី Metsola បានថ្លែងថា លោកស្រីចង់ឃើញសភាអឺរ៉ុបបន្ថែមជំនួយយោធាថែមទៀតទៅឲ្យអ៊ុយក្រែន ដែលក្នុងនោះមានប្រព័ន្ធមីស៊ីលវង់ប្រតិបត្តិការឆ្ងាយ និងយន្តហោះចម្បាំងទៀតផង ដែលអ្នកស្រីថាជំនួយនេះនឹងនាំឲ្យប្រជាជនអ៊ុយក្រែនរំដោះប្រទេសរបស់ខ្លួនបានពីការឈ្លានពានរបស់រុស្ស៊ី។
ស្របពេលនេះ ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី អ៊ុយសូឡា ហ្វុងដឺលីយ៉េន និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីឆេល បានស្វាគមន៍លោក ហ្សេឡេនស្គី ដោយភាពកក់ក្ដៅជាខ្លាំង។
លោក ហ្សេឡេនស្គី កាលពីថ្ងៃទី៨ កុម្ភៈ លោកបានជួបនាយករដ្ឋមន្ត្រីអង់គ្លេស រីហ្ស៊ី ស៊ូណាក់ នៅទីក្រុងឡុងដ៍ ហើយក្រោយមកលោកបានថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាទាំងពីរថ្នាក់របស់ប្រទេសនេះ ប៉ុន្តែសុន្ទរកថារបស់លោក ហ្សេឡេនស្គី ដែលធ្វើឲ្យសមាជិកសភាអង់គ្លេសរំជួលចិត្តនោះ គឺលោកទទូចសុំយន្តហោះចម្បាំងពីអង់គ្លេស ហើយលោកសច្ចាថាយន្តហោះនេះនឹងធ្វើឲ្យប្រជាជនអ៊ុយក្រែនសម្រេចបាននូវការទាមទារសេរីភាពរបស់ខ្លួនមកវិញពីការឈ្លានពានរបស់ប្រទេសរុស្ស៊ី។
ភ្លាមៗក្រោយពីលោក ហ្សេឡេនស្គី ចាកចេញពីសភាអង់គ្លេស លោកបានទៅគាល់មហាក្សត្រអង់គ្លេស ខណៈនាយករដ្ឋមន្ត្រី រីហ្ស៊ី ស៊ូណាក់ បានប្រាប់ទៅរដ្ឋមន្ត្រីការពារជាតិ បេនវ៉េល លេន ឲ្យពិនិត្យមើលលទ្ធភាពនៃការផ្ដល់យន្តហោះចម្បាំងតាមសំណើរបស់លោក ហ្សេឡេនស្គី។
នៅពេលលោកទៅដល់ទីក្រុងប៉ារីស ទៀតនោះ មេដឹកនាំអ៊ុយក្រែនដែលបានក្លាយពីតារាកំប្លែងរូបនេះក៏បានជួបនឹងលោក ម៉ាក្រុង។
ប្រធានាធិបតីបារាំង សន្យាថា បារាំងនៅជាមួយប្រជាជនអ៊ុយក្រែនជានិច្ច។ លោក ម៉ាក្រុង បន្ថែមថា យើងមិនត្រូវឲ្យរុស្ស៊ីឈ្នះសង្គ្រាមជាដាច់ខាត។ ជាមួយគ្នានេះ សេចក្ដីរាយការណ៍របស់ AFP បានឲ្យដឹងថា លោកក៏បានជួបអធិការបតីអាល្លឺម៉ង់ Olaf Scholz នៅទីក្រុងប៉ារីស ផងដែរ។
អធិការបតីអាល្លឺម៉ង់រូបនេះបានធានាបន្តការគាំទ្រដល់ប្រជាជនអ៊ុយក្រែនបន្តទៀត ដែលលោកថារុស្ស៊ីឈ្លានពានអ៊ុយក្រែនចាប់ផ្ដើមចូលដល់មួយឆ្នាំហើយនៅពេលនេះ ហើយអាល្លឺម៉ង់ និងដៃគូអាល្លឺម៉ង់សន្យាថា បន្តគាំទ្រអ៊ុយក្រែនទាំងហិរញ្ញវត្ថុ ទាំងជំនួយមនុស្សធម៌ និងសព្វាវុធបន្តទៀត៕