34 C
Phnom Penh

លោក ហ៊ុន សែន អះអាង​ថា​ក្រុមហ៊ុន​ធំៗ​ចិន​គ្រោង​បន្ត​ការ​វិនិយោគ​គម្រោង​ធំៗ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្រុមហ៊ុន​ធំៗ​ប្រចាំ​ប្រទេស​ចិន បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​ក្នុង​ការ​បន្ត​វិនិយោគ​លើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​នៅ​ប្រទេស​កម្ពុជា។

មេដឹកនាំ​ខ្មែរ​ដែល​ជា​មិត្ត​ដែកថែប​របស់​ចិន លោក ហ៊ុន សែន បាន​អះអាង​កាលពី​ថ្ងៃទី​៩ កុម្ភៈ ថា បន្ទាប់ពី​ជួប​ជាមួយ​ក្រុម​វិនិយោគ​ប្រចាំ​ប្រទេស​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ពេលនេះ ក្រុមហ៊ុន​វិនិយោគ​ធំៗ​ចំនួន ៣ របស់​ប្រទេស​ចិន រួម​មាន​ក្រុមហ៊ុន​សាងសង់​គមនាគមន៍​ចិន ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន និង​ក្រុមហ៊ុន China Metro Group Limited កំពុង​ពិនិត្យ​លទ្ធភាព​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដទៃ​ទៀត​នៅ​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

មេដឹកនាំ​ខ្មែរ​ដែល​មាន​និន្នាការ​ទៅ​រក​មិត្ត​ចិន លោក ហ៊ុន សែន លើកឡើង​ថា ក្រុមហ៊ុន​ទាំងនោះ​អះអាង​ថា ការ​សាងសង់ និង​ដាក់​ឲ្យ​ប្រតិបត្តិការ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​បាវិត ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​កិច្ចសន្យា​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ដើម្បី​ឈាន​ទៅ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៣ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២៧ ស្រប​គ្នា​នឹង​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ-ម៉ុកបៃ ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០២៧ ខាងមុខ​នេះ​ដែរ។

ជាង​នេះ​ទៀត ក្រុមហ៊ុន​វិនិយោគ​ចិន​ទាំងនោះ​ក៏​មាន​គម្រោង​វិនិយោគ​លើ​ការ​ដឹកជញ្ជូន​ផ្លូវ​ទឹកសាប ការ​វិនិយោគ​លើ​ការ​ចម្រាញ់​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ និង​ការ​សិក្សា​ពី​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ភ្នំពេញ-ប៉ោយប៉ែត និង​គម្រោង​នៃ​ការ​វិនិយោគ​ផ្លូវ​រថភ្លើង-ល្បឿន​លឿន​ធុន​ស្រាល​ពី​ខេត្ត​សៀមរាប ទៅ​កាន់​អាកាសយាន​អន្តរជាតិ​ថ្មី​នៅ​ស្រុក​ជីក្រែង ក្នុង​ខេត្ត​សៀមរាប ថែម​ទៀត។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា លោក​ក៏​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន China Metro Group Limited សិក្សា​ពី​គម្រោង​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​ធុន​ស្រាល​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ធុន​ស្រាល​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ។

លោក ហ៊ុន សែន គូស​បញ្ជាក់​ថា ក្រុមហ៊ុន​វិនិយោគ​ទាំង​បី​របស់​ប្រទេស​ចិន សន្យា​ថា​នឹង​សិក្សា​លើ​លទ្ធភាព​វិនិយោគ​ថ្មីៗ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ពេល​ខាងមុខ​នេះ ជាពិសេស​ក្រោយ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​នឹង​សំណួរ​អ្នក​រៀបចំ​កម្មវិធី​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦ ស្ដីពី​អនាគត​របស់​អាស៊ី ថា បើ​មិន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ពឹង​មហាអំណាច​ចិន តើ​ឲ្យ​កម្ពុជា​ទៅ​ពឹង​បរទេស​មួយ​ណា ខណៈ​ចិន​បាន​ផ្តល់​ជំនួយ​ជាច្រើន​ដល់​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​នៅ​ពេល​នោះ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​មហាអំណាច​ពិភពលោក​ដទៃ​ទៀត ដូច​អាមេរិក ជាដើម ថា បើ​កម្ពុជា​មិន​បាន​ពឹង​មហាអំណាច​កុម្មុយនីស្ត​ចិន​ទេ នោះ​កម្ពុជា​ក៏​មិន​មាន​ការ​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះ​ដែរ។ លោក​អះអាង​ថា ដោយសារតែ​បាន​មិត្ត​ចិន ទើប​កម្ពុជា​មាន​ស្ពាន​ឆ្លង​ទន្លេ មាន​ផ្លូវ​ខ្វាត់ខ្វែង​ដូច​សព្វថ្ងៃ​នេះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ កុម្ភៈ នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចិន​លើក​នេះ គឺ​ដើម្បី​វាស់​ស្ទង់​ពី​ទំនាក់ទំនង​របស់​មិត្ត​ដែកថែប​ចិន យ៉ាងហោចណាស់ ៣​លក្ខខណ្ឌ​ជុំវិញ​ការ​ផ្ទេរ​អំណាច​របស់​គាត់​ទៅ​លោក ហ៊ុន ម៉ាណែត នៅ​ពេល​ខាងមុខ ដែល​ជា​សញ្ញា​អាក្រក់​សម្រាប់​ប្រជាធិបតេយ្យ។

លោក គឹម សុខ លើកឡើង​ថា លក្ខខណ្ឌ​ទាំងនោះ​មាន​ដូចជា ទី​១ គាត់​ត្រូវ​ប្រាកដ​ថា អ្នក​វិនិយោគ​ចិន​នៅតែ​បន្ត​ទម្លាក់​ថវិកា​ក្នុង​កម្រិត​ណា​បន្ត​ទៀត​នៅ​កម្ពុជា ដើម្បី​វិនិយោគ ក៏​ដើម្បី​ឲ្យ​ប្រាកដ​ដែរ​ថា រដ្ឋាភិបាល​ចិន​នៅ​ផ្តល់​កម្ចី​ឲ្យ​រដ្ឋាភិបាល​របស់​គាត់​ច្រើន​ប៉ុនណា​បន្ត​ទៀត និង​មាន​រយៈពេល​យូរ​ប៉ុនណា​ទៅ​ថ្ងៃ​មុខ។

លោក​បន្ត​ថា លក្ខខណ្ឌ​ទី​២ គឺ​ដើម្បី​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ចិន​នៅ​បន្ត​ជួយ​ការពារ​មុខមាត់​រដ្ឋាភិបាល​របស់​គាត់ និង​រដ្ឋាភិបាល​ជំនាន់​ក្រោយ ដែល​អាច​នឹង​ដឹកនាំ​ដោយ​កូនប្រុស​របស់​គាត់​នៅ​លើ​ឆាក​អន្តរជាតិ​ដែរ​ឬ​ក៏​អត់។

លោក គឹម សុខ បន្ថែម​ថា លក្ខខណ្ឌ​ទី​៣ គឺ​ដើម្បី​ឲ្យ​ប្រាកដ​ថា ភាគី​ចិន​នៅតែ​បន្ត​ប្រកាន់​ជំហរ​ជួយ​ជ្រោមជ្រែង​ក្នុង​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​រដ្ឋាភិបាល​របស់​គាត់ និង​រដ្ឋាភិបាល​ជំនាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​កាលៈទេសៈ​ដូច​ពេល​នេះ​ដែរ​ឬ​ក៏​អត់។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​គូស​បញ្ជាក់​ថា ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​សញ្ញា​វិជ្ជមាន​ជាក់លាក់​ណា​មួយ​ដោយ​មាន​ការ​ធានា​ពី​ភាគី​ចិន ទាំង​ការ​វិនិយោគ​នៅ​កម្ពុជា ទាំង​ការ​សន្យា​បន្ត​ផ្តល់​កម្ចី​ក្នុង​ទំហំ​ទឹកប្រាក់​សម​ល្មម​ក្នុង​លក្ខខណ្ឌ​សមស្រប​ណា​មួយ នោះ​គាត់​នឹង​បន្ត​បិទ​ខ្ទប់​លំហ​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ញញើត​នោះ​ទេ ដើម្បី​អនុវត្ត​ផែនការ​ផ្ទេរ​អំណាច​គ្រួសារ​និយម​ពី​គាត់​ទៅ​លោក ហ៊ុន ម៉ាណែត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស