បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា កម្ពុជានឹងអនុញ្ញាតឱ្យអ្នកទោសថៃ និងឡាវ ដែលកំពុងជាប់ទោសនៅកម្ពុជា វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញឱ្យបានមុនពិធីបុណ្យចូលឆ្នាំ ដោយមិនចាំបាច់ធ្វើបដិការ ឬការបញ្ជូនតាមនីតិវិធីច្បាប់នោះឡើយ។
ថ្លែងក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក្រោយពីបញ្ចប់ជំនួបកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅឡាវ ប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ។
បុរសខ្លាំងរូបនេះអះអាងថា លោកក៏នឹងផ្តល់អ្នកទោសជនជាតិថៃ ដែលជាប់ពន្ធនាគារនៅកម្ពុជាទៅឱ្យប្រទេសថៃ វិញដែរ នៅមុនបុណ្យចូលឆ្នាំថ្មី ខណៈដែលកម្ពុជា ឡាវ និងថៃ មានមហាសង្ក្រាន្តក្នុងពេលតែមួយរួមគ្នា។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ការបញ្ជូនអ្នកទោសឡាវ និងអ្នកទោសថៃ ដែលជាប់ឃុំនៅកម្ពុជា ទៅប្រទេសកំណើតរបស់ពួកគេ នឹងត្រូវធ្វើឡើងឲ្យបានមុនពិធីចូលឆ្នាំថ្មីនៃប្រទេសទាំង៣ នេះ ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៣ ដូចគ្នា។
លោកនាយករដ្ឋមន្ត្រីក៏បានណែនាំឲ្យលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យធ្វើការជាមួយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីធ្វើកិច្ចការនេះឲ្យបានឆាប់។
លោក ហ៊ុន សែន បានលើកឡើងទៀតថា លោកធ្លាប់ពិភាក្សាជាមួយលោក ឆឺតគៀត អាត់ថាក័រ (Cherdkiat Atthakor) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ២០២៣ អំពីការផ្ទេរអ្នកទោសនេះ។ លោកបានឯកភាពជាមួយភាគីថៃ ហើយបានប្រាប់ឲ្យក្រសួងយុត្តិធម៌ ពិនិត្យលើការបញ្ជូនអ្នកទោសថៃ ទៅប្រទេសរបស់ពួកគេវិញ ដោយមិនចាំបាច់ធ្វើបត្យាប័ននោះទេ ពោលគឺផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមកដោយយោងទៅលើការស្ម័គ្រចិត្តរបស់ពួកគេ។
យោងតាមរបាយការណ៍ដែលបង្ហាញដោយលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា បច្ចុប្បន្នអ្នកទោសជនជាតិឡាវ ដែលកំពុងអនុវត្តទោសនៅប្រទេសកម្ពុជា មានចំនួន ៧៥នាក់ ក្នុងនោះមានបទល្មើសគ្រឿងញៀន រំលោភសេពសន្ថវៈ និងបទល្មើសផ្សេងៗទៀត។
ដោយឡែកសម្រាប់អ្នកទោសដែលជាជនជាតិថៃ វិញ មានចំនួន ១០៩នាក់ ក្នុងនោះមានបទល្មើសគ្រឿងញៀន មនុស្សឃាត និងឃាតកម្ម រំលោភសេពសន្ថវៈ និងបទល្មើសផ្សេងៗទៀត៕