28.4 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​សម្រុះសម្រួល​នយោបាយ​នឹង​នាំ​មក​នូវ​ប្រយោជន៍​ដ៏​ច្រើន​សម្រាប់​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ការ​សម្រុះសម្រួល​នយោបាយ​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺជា​កម្លាំង​ចលករ​មួយ​នាំមក​នូវ​ភាព​ខ្លាំងក្លា និង​រឹងមាំ​នៃ​នយោបាយ​ការទូត និង​សេដ្ឋកិច្ច​នៅ​លើ​ឆាក​អន្តរជាតិ​ទៅ​ថ្ងៃ​អនាគត​សម្រាប់​ផល​ប្រយោជន៍​របស់​កម្ពុជា។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ កុម្ភៈ នេះ​ថា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​គុណតម្លៃ​ការទូត​ខ្ពង់ខ្ពស់ ដោយសារ​តែ​លោក​ធ្លាប់​បំពេញ​តួនាទី​ជា​អតីត​អ្នក​តំណាងរាស្ត្រ អតីត​ប្រធាន​អង្គការ​សង្គម​ស៊ីវិល និង​ជា​មេដឹកនាំ​កំពូល​នៃ​បក្ស​ជំទាស់​ក្នុង​រដ្ឋសភា ក្នុង​ការ​សាបព្រោះ​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស និង​ទៅ​រក​ការ​អនុវត្ត​នីតិរដ្ឋ​នៅ​ក្នុង​របប​សេរី​ពហុបក្ស​ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា មិន​ថា​ប្រមុខ​ការទូត ប្រមុខ​រដ្ឋាភិបាល ឬ​ប្រមុខ​រដ្ឋ​នៃ​សហគមន៍​អន្តរជាតិ​ទេ នៅ​ពេល​ដែល​ពួកគេ​មាន​ជំនួប​ផ្លូវ​រដ្ឋ​ជាមួយ​លោក ហ៊ុន សែន ពួកគេ​តែងតែ​ទទូច​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ពេញលេញ មិន​ថា​សិទ្ធិ​នយោបាយ សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​នៃ​របប​សារព័ត៌មាន​សេរី សិទ្ធិ​សង្គម​ស៊ីវិល និង​សិទ្ធិ​ការងារ ជាដើម ជាពិសេស​គឺ​សិទ្ធិ​សេរីភាព​របស់​លោក កឹម សុខា ឱ្យ​អាច​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ​ផង​ដែរ។

កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ការ​គាបសង្កត់ គឺ​លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ក្រោយ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី និង​គណៈប្រតិភូ​សហព័ន្ធ​អាល្លឺម៉ង់ ដែល​ទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១៥ កុម្ភៈ នេះ​ថា ប្រធានាធិបតី រដ្ឋាភិបាល និង​រដ្ឋសភា​សហព័ន្ធ​អាល្លឺម៉ង់ ក៏ដូចជា​សហភាព​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ កំពុង​តាមដាន​លើ​សិទ្ធិ​សេរីភាព​របស់​លោក​យ៉ាង​ខ្លាំង ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នៅ​កម្ពុជា​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ទៅ​ហើយ​នោះ។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​នូវ​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សម្ដែង​នូវ​អំណរគុណ​ចំពោះ​ប្រធានាធិបតី​នៃ​សហព័ន្ធ​អាល្លឺម៉ង់ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) និង​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​នៅតែ​បន្ត​ផ្តល់​តម្លៃ​ដល់​រូបលោក​ដែល​កំពុង​តស៊ូ​ដោយ​អហិង្សា និង​ដោយ​ការ​អត់ធ្មត់ ដើម្បី​បុព្វហេតុ​លើកស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​រហូត​មក។

កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ប្រធានាធិបតី​នៃ​សហព័ន្ធ​អាល្លឺម៉ង់ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) និង​គណៈប្រតិភូ​ជាច្រើន​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ក្នុង​នោះ​ប្រធានាធិបតី និង​គណៈប្រតិភូ​សហព័ន្ធ​អាល្លឺម៉ង់ ក៏​ឆ្លៀត​ឱកាស​ជួប​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​រង​នូវ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ផង​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​តុលាការ​តាំងពី​ឆ្នាំ​២០១៩ មក បន្ទាប់ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ ពី​បទ​ក្បត់​ជាតិ ដែល​នឹង​ត្រូវ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

កាលពី​ចុង​ឆ្នាំ​២០២២ តំណាង​សហភាព​អឺរ៉ុប បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ឡើងវិញ ដើម្បី​ធានា​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

យ៉ាងណាក៏ដោយ កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារ​ពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ រួច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស