អ្នកជំនាញផ្នែកសារព័ត៌មានលើកឡើងថា ការបិទអង្គភាពសារព័ត៌មាន វីអូឌី (VOD) មិនមែនត្រឹមតែខុសទៅនឹងច្បាប់ស្ដីពីរបបសារព័ត៌មានរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់ពលរដ្ឋរងគ្រោះរាប់លាននាក់ ដែលកំពុងរងនូវការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរដែលពួកគេមិនត្រូវបានអង្គភាពសារព័ត៌មានក្នុងស្រុកណាមួយហ៊ានធ្វើសេចក្តីរាយការណ៍។
អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក មួង ណារ៉េត បានលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃពុធ ទី១៦ កុម្ភៈ ថា ការបិទអង្គភាពសារព័ត៌មាន វីអូឌី មិនមែនត្រឹមតែខុសទៅនឹងច្បាប់ស្ដីពីសារព័ត៌មានរបស់កម្ពុជាទេ ប៉ុន្តែវាគឺជាទង្វើអមនុស្សធម៌ថែមទៀត ព្រោះថាការបិទអង្គភាពមួយនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់បុគ្គលិក VOD រាប់សិបនាក់យ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺប៉ះពាល់ដល់ពលរដ្ឋរងគ្រោះរាប់លាននាក់ ដែលកំពុងរងនូវការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ ប៉ុន្តែមិនត្រូវបានការពារដោយអង្គភាពសារព័ត៌មានដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល។
លោក មួង ណារ៉េត លើកឡើងថា កម្ពុជាគ្មានសង្គ្រាមដែលមិនបានសម្លាប់ ឬគំរាមកំហែងដល់រូបរាងកាយរបស់ប្រជាពលរដ្ឋខ្មែរទេ ប៉ុន្តែទង្វើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបិទ វីអូឌី បែបនេះ គឺជាការសម្លាប់ និងគំរាមកំហែងដល់ផ្លូវចិត្តរបស់ពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យពួកគាត់ទទួលអារម្មណ៍ថា ការរស់នៅក្រោមការដឹកនាំរបស់លោកមិនទទួលបានសេចក្តីសុខ និងសុភមង្គលដូចដែលរដ្ឋាភិបាលបានអះអាងថា មានសន្តិភាពនោះឡើយ។
អតីតបុគ្គលិកវិទ្យុអាស៊ីសេរីរូបនេះបញ្ជាក់ថា ការបិទសារព័ត៌មានឯករាជ្យ គឺធ្លាប់តែកើតមានឡើងនៅប្រទេសដឹកនាំតាមបែបផ្ដាច់ការប៉ុណ្ណោះ ដូចជាប្រទេសអ៊ីរ៉ាក់ ដែលធ្លាប់បិទសារព័ត៌មាន រ៉យទ័រ ប្រទេសរុស្ស៊ី បានបិទសារព័ត៌មានឯករាជ្យ បន្ទាប់ពីខ្លួនចូលឈ្លានពានទឹកដីអ៊ុយក្រែន ប៉ុន្តែកម្ពុជាជាប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យ មិនគួរឱ្យមានរឿងបែបនេះកើតឡើងដូចប្រទេសកុម្មុយនីស្តផ្ដាច់ការទាំងនោះឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន សម្រេចបិទអង្គភាពសារព័ត៌មាន VOD ក្រោមហេតុផលថា អង្គភាពសារព័ត៌មានមួយនេះមានចេតនាធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាល និងកូនប្រុសរបស់លោកកាលពីពេលថ្មីៗនេះ។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា អង្គភាពសារព័ត៌មាន វីអូឌី មានតួនាទីសំខាន់ក្នុងការនាំយកក្តីកង្វល់ពិតប្រាកដរបស់ពលរដ្ឋឱ្យរដ្ឋាភិបាលបានដឹង ដែលក្តីកង្វល់ទាំងនោះមានពេលខ្លះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលរហូតដល់ទៅទីប្រឹក្សានាយករដ្ឋមន្ត្រីក៏មិនហ៊ានប្រាប់ប្រមុខរាជរដ្ឋាភិបាលឱ្យបានដឹងដែរ។
លោក ណុប វី លើកឡើងថា នៅពេលដែលរដ្ឋាភិបាលចង់ដឹកនាំប្រទេសបានល្អឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយបែរជាមកបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នឹងកាន់តែធ្វើឱ្យការដឹកនាំរបស់រដ្ឋាភិបាលកាន់តែឃ្លាតឆ្ងាយពីការចង់បានរបស់ពលរដ្ឋថែមទៀត ព្រោះថាការដឹកនាំមួយដែលមានតែអ្នកស្របតាម តែមិនបង្ហាញពីកង្វល់ពិតរបស់ពលរដ្ឋក្នុងសង្គម នោះការដឹកនាំបែបនេះនឹងមិនអាចធ្វើឱ្យសង្គមជាតិរីកចម្រើនបានទេ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញសេចក្តីប្រកាសព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បន្ទាប់ពីមានបញ្ជាពីលោក ហ៊ុន សែន ថាអង្គភាពសារព័ត៌មានមួយនេះមានចេតនាមួលបង្កាច់កូនប្រុសរបស់លោក ជុំវិញការចុះហត្ថលេខាផ្តល់ជំនួយឱ្យប្រទេសតួកគី និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាលរបស់លោកជុំវិញការគ្រប់គ្រងថវិកាជាតិផងដែរ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៤ កុម្ភៈ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បញ្ជាក់ថា ដោយសារតែវិទ្យុវីអូឌី ត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងគិតគូរទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារដោយសារកំហុសរបស់មេដឹកនាំ លោកសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បុគ្គលិកវីអូឌី ដែលមានបំណងចូលបម្រើកិច្ចការរដ្ឋនៅពេលនេះ។
ទោះជាបែបនេះក្តី ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ការប្រកាសរបស់លោក ហ៊ុន សែន ក្នុងការផ្តល់ក្របខ័ណ្ឌរដ្ឋដល់បុគ្គលិក វីអូឌី ដែលលោកបានរំលាយអង្គភាពរបស់ពួកគេ គឺជាទង្វើប្រជាភិថុតិប៉ុណ្ណោះ។
មាត្រា១០ នៃច្បាប់ស្ដីពីរបបសារព័ត៌មានរបស់កម្ពុជា ចែងថា មនុស្សមានសិទ្ធិទាមទារឱ្យមានការកែតម្រូវ និងការឆ្លើយតបពីអ្នកផ្សាយព័ត៌មាន នៅពេលដែលពួកគេយល់ថា សេចក្ដីថ្លែងការណ៍មួយមិនត្រឹមត្រូវ ហើយអ្នកផ្សាយព័ត៌មានត្រូវឆ្លើយតបក្នុងសេចក្ដីថ្លែងការណ៍មួយត្រឹមត្រូវ។ អ្នកផ្សាយព័ត៌មានត្រូវឆ្លើយតបក្នុងរយៈពេល ៧ថ្ងៃ។ ពួកគេក៏មានសិទ្ធិផងដែរក្នុងការប្ដឹងទៅតុលាការពីបទបរិហារកេរ្តិ៍ និងបទមួលបង្កាច់៕