28.4 C
Phnom Penh

តុលាការ​កំពូល​នឹង​ប្រកាស​បណ្តឹង​សារទុក្ខ​របស់​លោក សុន ឆ័យ នៅ​សប្តាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​កំពូល​ក្រុង​ភ្នំពេញ សម្រេច​ប្រកាស​បណ្តឹង​សារទុក្ខ​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ នៅ​សប្តាហ៍​ក្រោយ ជុំវិញ​បណ្តឹង​លើ​សំណុំរឿង​បរិហារ​កេរ្តិ៍ ដែល​ប្តឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ជីវ កេង បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​សារទុក្ខ​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ ដោយ​មាន​វត្តមាន​មេធាវី​ការពារ​ក្តី​គណបក្ស​ប្រជាជន​កម្ពុជា និង​មេធាវី គ.ជ.ប ព្រមទាំង​មាន​វត្តមាន​លោក សុន ឆ័យ និង​មេធាវី​ការពារ​ក្តី ២​រូប​របស់​លោក​ផង​ដែរ។ ប៉ុន្តែ​ក្រោយ​ដំណើរ​សវនាការ​ពេញ​មួយ​ព្រឹក តុលាការ​សម្រេច​ថា​នឹង​ប្រកាស​បណ្តឹង​សារទុក្ខ​របស់​អនុប្រធាន​បក្ស​ភ្លើង​ទៀន​រូប​នេះ​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ខាងមុខ។

ការ​សម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សុន ឆ័យ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល ក្រោយពី​សាលាដំបូង និង​សាលា​ឧទ្ធរណ៍​កាត់ក្តី​ឲ្យ​លោក​ចាញ់​ក្នុង​សំណុំរឿង​ដែល​ប្តឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង គ.ជ.ប កាលពី​ពេល​កន្លងទៅ។

កាលពី​អំឡុង​ឆ្នាំ​២០២២ គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​លោក សុន ឆ័យ ពី​បទ​បរិហារ​កេរ្តិ៍​ទាក់ទិន​នឹង​ការ​លើកឡើង​ជុំវិញ​ភាព​មិន​ប្រក្រតី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ កន្លងទៅ ដោយ​លោក​ប្រៀបធៀប​ថា​ដូចជា​ចោរ​លួច​គោ​លួច​ក្របី។

ក្រោយ​ការ​ប្តឹងផ្តល់​របស់​បក្ស​កាន់​អំណាច និង គ.ជ.ប នៅ​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​នេះ ដោយ​សម្រេច​ផ្ដន្ទាទោស​លោក សុន ឆ័យ ពិន័យ​ជា​ប្រាក់​ចំនួន ៩​លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​តម្រូវ​ឲ្យ​ធ្វើ​លិខិត​សុំទោស​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជា​សាធារណៈ​ថែម​ទៀត​សម្រាប់​សំណុំរឿង​ដែល​ប្តឹង​ដោយ គ.ជ.ប។

ចំណែក​សំណុំរឿង​ដែល​ប្តឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តុលាការ​សម្រេច​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ចំនួន ៨​លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​បង្គាប់​ឱ្យ​លោក សុន ឆ័យ សង​សំណង​ជំងឺចិត្ត​ទៅ​ភាគី​ដើមបណ្ដឹង គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៣​ពាន់​លាន​រៀល​ផង​ដែរ ដែល​ស្មើ​នឹង​ប្រមាណ​ជា ៧៥​ម៉ឺន​ដុល្លារ​អាមេរិក។

ក្រោយ​ប្រកាស​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សុន ឆ័យ បាន​សម្រេច​ប្តឹង​តវ៉ា​ទៅ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​បន្ត​ទៀត ប៉ុន្តែ​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​សំណុំរឿង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​របស់​លោក សុន ឆ័យ ទុក​ជា​បានការ​ដដែល។

ជាង​នេះ​ទៀត សាលា​ឧទ្ធរណ៍​បាន​សម្រេច​ពិន័យ​ជា​ទឹកប្រាក់​កាន់តែ​ច្រើន​បន្ថែម​ទៀត​លើ​លោក សុន ឆ័យ ទៅវិញ ក្នុង​នោះ​ការ​សម្រេច​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល​នៅ​សាលាដំបូង ត្រូវ​បន្ថែម​ទៅ​ជា ១០​លាន​រៀល​វិញ និង​ការ​ពិន័យ​សង​ជំងឺចិត្ត ៣​ពាន់​លាន​រៀល​របស់​សាលាដំបូង ត្រូវ​បន្ថែម​ទៅ​ជា ៤​ពាន់​លាន​រៀល​វិញ ដែល​ស្មើ​នឹង​ប្រមាណ​ជា ១​លាន​ដុល្លារ​អាមេរិក។

ក្រោយ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ លោក សុន ឆ័យ បាន​សម្រេច​ប្តឹង​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៣ កន្លងទៅ ប៉ុន្តែ​ក្រោយ​ការ​សម្រេច​របស់​តុលាការ​កំពូល​នៅ​ថ្ងៃទី​១៧ កុម្ភៈ នេះ ដែល​គ្រោង​នឹង​ប្រកាស​បណ្តឹង​សារទុក្ខ​របស់​លោក​នៅ​សប្តាហ៍​ក្រោយ ត្រូវ​គេ​កត់សម្គាល់​ឃើញ​ថា ប្រហែល​ជា​ពុំ​មាន​សញ្ញា​វិជ្ជមាន​សម្រាប់​រូបលោក​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ ក្រោយពី​តុលាការ​កាត់​ឲ្យ​ចាញ់​ក្ដី​ជា​បន្តបន្ទាប់ កាលពី​ខែ​ធ្នូ ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​ដីកា​សម្រេច​រឹបអូស​ផ្ទះ ២​កន្លែង​របស់​លោក សុន ឆ័យ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​ជា​បណ្ដោះអាសន្ន​ផង​ដែរ ក្រោម​ហេតុផល​ថា លោក សុន ឆ័យ មិន​បាន​អើពើ​ចំពោះ​ការ​សម្រេច​ក្តី​របស់​តុលាការ​ដែល​សម្រេច​ឲ្យ​អ្នក​នយោបាយ​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​សង​ជំងឺចិត្ត​ទៅ​គណបក្ស​កាន់​អំណាច។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៣ ក្នុង​ពិធី​ពិនិត្យ​ដំណើរការ​នៃ​ការ​សាងសង់​មន្ទីរពេទ្យ​ថ្មី​មួយ​នៅ​រាជធានី​ភ្នំពេញ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ថា អ្នក​ដែល​ចោទ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ចោរ​លួច​សន្លឹកឆ្នោត គឺ​ត្រូវតែ​ប្តឹង ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ក្រោយ​ផុត​ពី​តួនាទី​ជា​ប្រធាន​អាស៊ាន លោក ហ៊ុន សែន បាន​បង្កើន​នូវ​ការ​រឹតត្បិត​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ សេរីភាព​សារព័ត៌មាន និង​សេរីភាព​នយោបាយ​កាន់តែ​ខ្លាំង ក្នុង​នោះ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើង​ទៀន ដូចជា​លោក សុន ឆ័យ លោក គង់ គាំ និង​លោក ថាច់ សេដ្ឋា សុទ្ធតែ​ត្រូវ​រង​នូវ​បន្តឹង និង​ត្រូវ​លោក ហ៊ុន សែន រឹបអូស​ទ្រព្យសម្បត្តិ​ថែម​ទៀត ដែល​គេ​អាច​សម្គាល់​បាន​ថា​ជា​ផែនការ​បង្ក្រាប​បក្ស​ក្រៅ​រដ្ឋាភិបាល​មុន​នឹង​ការ​បោះឆ្នោត​ជាតិ​ឈាន​ចូល​មក​ដល់​នា​ពេល​ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស