30 C
Phnom Penh

ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន ទៅ​អ៊ុយក្រែន​ជួប​លោក ហ្សេឡេនស្គី ដ៏​ភ្ញាក់ផ្អើល​បំផុត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​ចន្ទ ទី​២០ កុម្ភៈ នេះ ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​គៀវ ដោយ​ពុំ​មាន​ការ​ប្រកាស​ឱ្យ​ដឹង​ជា​មុន។ ទស្សនកិច្ច​របស់​មេដឹកនាំ​អាមេរិក​វ័យ ៨០​ឆ្នាំ​រូប​នេះ ធ្វើឡើង​នៅ​មុន​គម្រប់​ខួប ១​ឆ្នាំ​នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន បាន​ឱ្យ​ដឹង​ថា នៅ​ទីក្រុង​គៀវ លោក បៃដិន បាន​ជួប​គ្នា​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី។ ជាមួយ​គ្នា​នេះ លោក ហ្សេឡេនស្គី បាន​បង្ហោះ​រូបថត​របស់​លោក​ដែល​ចាប់​ដៃ​លោក បៃដិន ខណៈ​លោក​បាន​ចេញពី​វិមាន​ប្រធានាធិបតី​ទៅ​ទទួល​លោក បៃដិន។

នៅ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ លោក ហ្សេលេនស្គី មាន​ទឹកមុខ​រីករាយ មើល​ទៅ​ដូចជា​ការ​រំភើប​យ៉ាង​ខ្លាំង​ដោយ​ទទួល​បាន​ការ​មក​ធ្វើ​ទស្សនកិច្ច​របស់​មេដឹកនាំ​អាមេរិក ដែល​ជា​មហាអំណាច​យោធា​ទី​១ នៃ​ពិភពលោក មក​ជួប​លោក​ផ្ទាល់​នៅ​រដ្ឋធានី​គៀវ ជា​ដែនដី​កំពុង​ធ្លាក់​ក្នុង​ភ្លក់​ភ្លើង​សង្គ្រាម​ឈ្លានពាន​ដ៏​សហាវ​ពី​សំណាក់​មហាអំណាច​យោធា​លំដាប់​ទី​២ ពិភពលោក គឺ​ប្រទេស​រុស្ស៊ី។

ដំណើរ​ទស្សនកិច្ច​របស់​លោក បៃដិន គឺជា​សញ្ញា​ដ៏​សំខាន់​បំផុត​បង្ហាញ​ពី​ការ​គាំទ្រ​របស់​រដ្ឋការ​អាមេរិក​ចំពោះ​ប្រជាជន​អ៊ុយក្រែន។

នេះ​ជា​ទស្សនកិច្ច​លើកដំបូង​របស់​លោក បៃដិន ទៅ​កាន់​ទីក្រុង​គៀវ គិត​ចាប់តាំងពី​សង្គ្រាម​ផ្ទុះ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដែល​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី​បញ្ជា​ឱ្យ​លើក​ទ័ព ២៥​ម៉ឺន​នាក់​វាយលុក​ប្រទេស​អ៊ុយក្រែន។

សេចក្ដី​ប្រកាស​ព័ត៌មាន​សេតវិមាន​បាន​បញ្ជាក់​ថា លោក បៃដិន ពុំ​មាន​ផែនការ​ជួប​ជាមួយ​លោក ហ្សេឡេនស្គី ឬ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​គៀវ ទេ ប៉ុន្តែ​ក្រោយ​មាន​ដំណឹង​នៃ​វត្តមាន​របស់​លោក បៃដិន នៅ​ទីក្រុង​គៀវ នៅ​ថ្ងៃ​ចន្ទ​នេះ សេតវិមាន​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​ដោយ​ប្រកាស​ថា លោក បៃដិន បាន​ទៅ​ដល់​រដ្ឋធានី​គៀវ។

កន្លងមក​នេះ សេតវិមាន​បាន​ប្រកាស​ថា លោក បៃដិន នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ប៉ូឡូញ ដែល​នៅ​ជាប់​អ៊ុយក្រែន ក្នុង​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ដោយ​បញ្ជាក់​ថា​ជា​ទស្សនកិច្ច​ក្នុង​ឱកាស​ខួប ១​ឆ្នាំ​បន្ទាប់ពី​រុស្ស៊ី បាន​លើក​ទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។

កាលពី​ខែ​ធ្នូ ឆ្នាំ​២០២២ លោក ហ្សេឡេនស្គី បាន​បំពេញ​ទស្សនកិច្ច​ចេញពី​ប្រទេស​ជា​លើកដំបូង​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន និង​បាន​ជួប​លោក បៃដិន នៅ​សេតវិមាន។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​រាយការណ៍​មក​ថា ស៊ីរ៉ែន​បាន​បន្លឺ​សំឡេង​ពេញ​រដ្ឋធានី​អ៊ុយក្រែន ខណៈ​ដែល​លោក បៃដិន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​គៀវ ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប៉ុន្តែ​មិន​មាន​របាយការណ៍​អំពី​ការ​បាញ់​មីស៊ីល ឬ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​រុស្ស៊ី​មក​លើ​ទីក្រុង​គៀវ នៅឡើយ​ទេ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ចូ បៃដិន បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយក្រែន ជាមួយ​នឹង​ការ​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ប្រជាជន​អ៊ុយក្រែន។

លោក បៃដិន បាន​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ឈរ​ជាមួយ​អ៊ុយក្រែន​គ្រប់​ស្ថានការណ៍​ទាំងអស់។ រហូត​មក​ដល់​ពេលនេះ សហរដ្ឋ​អាមេរិក​គឺជា​អ្នក​ផ្តល់​ជំនួយ​យោធា​ដ៏​ធំ​បំផុត​ដល់​អ៊ុយក្រែន ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

នា​ឱកាស​នោះ លោក បៃដិន សន្យា​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ផ្តល់​កញ្ចប់​ជំនួយ​យោធា​ថ្មី​មួយ​ទៀត​ដែល​មាន​តម្លៃ ៥០០​លាន​ដុល្លារ​ដល់​ទីក្រុង​គៀវ ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ដោយ​រួម​បញ្ចូល​ទាំង​គ្រាប់រំសេវ​បន្ថែម​ទៀត​សម្រាប់​ប្រព័ន្ធ​មីស៊ីល​កាំភ្លើង​ធំ។

យ៉ាងណា ទស្សនកិច្ច​របស់​លោក បៃដិន នៅ​រដ្ឋធានី​គៀវ ជា​ទីតាំង​នៃ​ភ្នក់​ភ្លើង​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន គឺ​មិនមែន​ជា​លើក​ទី​១ នៃ​មេដឹកនាំ​ក្រុម​បស្ចិម​ប្រទេស​នោះ​ទេ។

ជាបន្តបន្ទាប់ ប្រធានាធិបតី នាយករដ្ឋមន្ត្រី​នៃ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​ណាតូ តែងតែ​ទៅ​ទស្សនកិច្ច​នៅ​រដ្ឋធានី​គៀវ ដោយ​បាន​ជួប​ផ្ទាល់​នឹង​លោក ហ្សេឡេនស្គី មេដឹកនាំ​អ៊ុយក្រែន ជា​វីរជន​សង្គ្រាម​របស់​ប្រជាជន​អ៊ុយក្រែន។

ចំពោះ​លោក បៃដិន ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា​ជា​មេដឹកនាំ​មហាអំណាច​ដ៏​កំពូល​បំផុត​របស់​ពិភពលោក ដែល​សម្រេច​ជាន់​ទឹកដី​អ៊ុយក្រែន ជា​សមរភូមិ​កំពុង​ក្ដៅ​គគុក​នៃ​ការ​វាយប្រហារ​របស់​កងទ័ព​រុស្ស៊ី។ លោក បៃដិន តែងតែ​ប្រកាស​ថា ពិភពលោក​មិន​ត្រូវ​ឲ្យ​អ៊ុយក្រែន​ចាញ់​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស