ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ទទូចឱ្យរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍រកដំណោះស្រាយលើវិវាទការងារនៃបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យបានចប់មុនការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីកិត្តិយសរដ្ឋាភិបាល និងបក្សកាន់អំណាច។
លោក វន់ ពៅ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ កុម្ភៈ នេះថា ដើម្បីបញ្ចប់រឿងនេះដោយយុត្តិធម៌ តុលាការត្រូវតែទម្លាក់ចោលរាល់បទចោទលើប្រធានសហជីព និងតំណាងសហជីពដែលកំពុងរងនូវការចោទប្រកាន់ទាំងអយុត្តិធម៌កន្លងមក ដើម្បីឱ្យពួកគេមានសេរីភាពពេញលេញឡើងវិញ ជាពិសេសត្រូវតែបញ្ចប់ឱ្យបានមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីកិត្តិយសរដ្ឋាភិបាល និងបក្សកាន់អំណាច។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះបញ្ជាក់ថា ក្រៅពីទម្លាក់ចោលនូវបទចោទនានា ក្រុមហ៊ុនណាហ្គាវើលដ៍ ក៏ត្រូវទទួលយកបុគ្គលិកដែលខ្លួនបានបញ្ឈប់ឱ្យចូលធ្វើការវិញ និងត្រូវបើកឱ្យសហជីពដែលរងនូវការរំលាយកាលពីពេលកន្លងទៅ ដំណើរការឡើងវិញផងដែរ ដើម្បីធានានូវការគោរពសិទ្ធិកម្មករគ្មានការរំលោភបំពានបន្តទៀត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍រាប់សិបនាក់បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ទាមទារឱ្យអាជ្ញាធររកយុត្តិធម៌ឱ្យមេដឹកនាំសហជីព និងតំណាងសហជីពរបស់ពួកគេដែលកំពុងរងនូវបណ្តឹងពីតុលាការសព្វថ្ងៃនេះ។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណជា ៥០នាក់ បាននាំគ្នាចេញធ្វើកូដកម្មទាមទាររកយុត្តិធម៌បន្តទៀតនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ទី១ បន្ទាប់ពីប្រធានសហជីព និងតំណាងសហជីពរបស់ពួកគេចំនួន ៩នាក់ ត្រូវតុលាការកោះហៅឱ្យចូលសវនាការដើម្បីសាកសួរកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមបទចោទប្រកាន់ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមកាលពីឆ្នាំ២០២១ កន្លងទៅ។
ក្រុមបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បានឈរតវ៉ាដោយលើកបដា វាយស្គរ និងច្រៀងបទចម្រៀងរៀបរាប់ពីការរំលោភសិទ្ធិការងារពីសំណាក់ក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងគោលបំណងឲ្យថៅកែចេញមកដោះស្រាយវិវាទការងារ បន្ទាប់ពីអតីតបុគ្គលិកក្រុមហ៊ុន និងប្រធានសហជីព ត្រូវបានឃុំខ្លួន និងរងនូវការចោទប្រកាន់ទាំងអយុត្តិធម៌អស់រយៈពេលជាង ១ឆ្នាំមកនេះ។
ការចេញធ្វើកូដកម្មនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើសំណុំរឿងប្រធានសហជីព និងតំណាងសហជីពចំនួន ៩នាក់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ រួមមានកញ្ញា ឈឹម ស៊ីថរ កញ្ញា ឈឹម សុខន អ្នកស្រី រី សុវណ្ណឌី អ្នកស្រី សុន ស្រីពេជ្រ អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ដ កញ្ញា ទូច សិរីមាស លោក សុខ ណារិទ្ធ និងលោក សុខ គង្គា ផងដែរ។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្មករនិយោជិតរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៣៦៥នាក់ ត្រូវបានបញ្ឈប់ពីការងារដោយបង្ខំ និងមិនបានផ្តល់សំណងទៅតាមច្បាប់ការងារ ដែលជាមូលហេតុនាំឱ្យមានការតវ៉ាទាមទារពីកម្មករនិយោជិតដោយការធ្វើកូដកម្មនៅមុខក្រុមហ៊ុន ប៉ុន្តែអាជ្ញាធររដ្ឋមិនបានជួយរកយុត្តិធម៌ឱ្យកម្មករនិយោជិតដែលជាជនរងគ្រោះនោះទេ បែរជានាំគ្នាបង្ក្រាបលើកម្មករទាំងនោះទៅវិញ រហូតឈានដល់ការចាប់ឃុំខ្លួនតំណាងកម្មករជាច្រើនរូបថែមទៀត៕