33 C
Phnom Penh

លោក ហ៊ុន សែន ប្រកាស​បើក​ផ្លូវ​ឱ្យ​លោក ស៊ន តារា ជានិច្ច​បើសិនជា​ចង់​ចូល​កម្ពុជា​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ទៀត​ថា​នឹង​បើក​ផ្លូវ​ឲ្យ​លោក ស៊ន តារា ជានិច្ច បើសិនជា​ចង់​ត្រឡប់​មក​ចូល​ប្រទេស​កម្ពុជា​វិញ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) នា​ថ្ងៃ​សុក្រ ទី​២៤ កុម្ភៈ នេះ លោក ហ៊ុន សែន ថ្លែង​ថា ទោះបីជា​លោក ស៊ន តារា មិន​ស្ដាប់​រូបលោក ប៉ុន្តែ​ក៏​គួរ​ស្ដាប់​ឪពុក​ម្ដាយ ព្រមទាំង​បងប្អូន​របស់​ខ្លួន​ដែល​កំពុង​នៅ​ប្រទេស​កម្ពុជា​ដែរ។

លោក​បញ្ជាក់​ថា លោក ស៊ន តារា មិន​អាច​អម​ដំណើរ​លោក សម រង្ស៊ី ចូល​ទៅ​ក្នុង​ក្ដាម​មឈូស​បាន​ទេ ដោយសារ​លោក សម រង្ស៊ី មាន​អាយុ​ជាង ៧០​ឆ្នាំ​ទៅ​ហើយ តែ​លោក ស៊ន តារា ទើប​អាយុ​ជាង ៤០​ឆ្នាំ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ជំរុញ​ឲ្យ​លោក ស៊ន តារា ត្រូវ​ងាក​មក​មើល​ឪពុក​ម្ដាយ​របស់​ខ្លួន​វិញ ដោយ​ឈប់​ធ្វើ​សកម្មភាព​គាំទ្រ​លោក សម រង្ស៊ី ទៀត ដោយសារ​ឪពុក​របស់​លោក ស៊ន តារា ជា​ទាហាន ហើយ​ប្អូន​ជា​ប៉ូលិស​ដែល​ជា​អ្នកគាំទ្រ​រដ្ឋាភិបាល​បច្ចុប្បន្ន។

ករណី​នេះ លោក ហ៊ុន សែន ថា​បាន​ជា​លោក​មិន​ធ្វើការ​វាយប្រហារ​ទៅ​លោក ស៊ន តារា ធ្ងន់ៗ​នោះ​ទេ ទោះបីជា​លោក ស៊ន តារា បាន​វាយប្រហារ​លើ​រូបលោក និង​លោក ហ៊ុន ម៉ាណែត នា​ពេល​កន្លងមក និង​អំឡុង​ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប្រ៊ុចសែល ខណៈ​លោក គឹម សុខ វិញ​ត្រូវ​បាន​លោក​ហៅ​ថា ក្មេង​ពាល។

ក្រៅពី​មិន​វាយប្រហារ​ឆ្លើយតប​ហើយ បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុង​រៀបចំ​បន្ត​ផ្ទេរ​អំណាច​ទៅ​លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា រូបលោក​នឹង​បើក​ផ្លូវ​ឲ្យ​លោក ស៊ន តារា ជានិច្ច បើសិនជា​ចង់​ចូល​ប្រទេស​កម្ពុជា​វិញ​នោះ ខណៈ​ឪពុក​ម្តាយ​លោក ស៊ន តារា ក៏​បាន​អំពាវនាវ​ឲ្យ​កូន​កែប្រែ​ឥរិយាបថ ដោយ​ឈប់​រិះគន់ និង​វាយប្រហារ​រដ្ឋាភិបាល​បន្ត​ទៀត។

ក្នុង​ពិធី​ដដែល​នេះ លោក ហ៊ុន សែន ក៏​បាន​បង្ហាញ​ពី​សមិទ្ធផល​របស់​ខ្លួន ដូចជា​ការ​រំដោះ​ប្រទេស​ចេញពី​របប ប៉ុល ពត ហើយ​បាន​ជួយ​កសាង​ប្រទេស​កម្ពុជា​ដោយ​ការ​នាំ​សន្តិភាព និង​ការ​រីកចម្រើន​ដល់​កម្ពុជា​បច្ចុប្បន្ន​ផង​ដែរ។

តែ​យ៉ាងណា ផ្ទុយ​ពី​ការ​លើកឡើង​របស់​លោក ហ៊ុន សែន រយៈពេល​ជិត ៤០​ឆ្នាំ​ដែល​លោក​បាន​កាន់​អំណាច​ដឹកនាំ​ប្រទេស បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ហូរ​ទឹកភ្នែក ដោយសារ​បាត់បង់​ដីធ្លី​របស់​ខ្លួន​ព្រោះ​ការ​អភិវឌ្ឍ ការ​រំលោភ​បំពាន​ពី​សំណាក់​គ្រួសារ​សាច់ញាតិ​របស់​លោក ហ៊ុន សែន ផ្ទាល់ និង​បក្ខពួក​ក្នុង​ជួល​រដ្ឋាភិបាល​បច្ចុប្បន្ន។

ក្រៅពី​បញ្ហា​ដីធ្លី ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​កាន់តែ​បាត់បង់ ខណៈ​ដីធ្លី ភ្នំ បឹង ទន្លេ សមុទ្រ ជាដើម កំពុង​ត្រូវ​បាន​អ្នក​មាន​អំណាច​រំលោភ​យក​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ផង​ដែរ។

ការ​ប្រកាស​របស់​លោក ហ៊ុន សែន នា​ពេលនេះ បាន​ធ្វើឡើង​បន្ទាប់ពី​ឪពុក​ម្តាយ​របស់​លោក ស៊ន តារា បាន​ចេញ​មុខ​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​អត្តចរិត​របស់​កូន ដែល​មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ។

ថ្លែង​ក្នុង​វីដេអូ​ឃ្លីប​ជាង ២​នាទី​ក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន​ជា​ទាហាន លោក សុខ ស៊ុនណារ៉េត ដែល​ជា​ឪពុក​បង្កើត​របស់​លោក ស៊ន តារា បាន​រៀបរាប់​ថា លោក​បាន​ព្យាយាម​អប់រំ និង​ទូន្មាន​លោក ស៊ន តារា ជាច្រើន​ដង​តែ​មិន​ស្តាប់ ហើយ​រហូត​ដល់​កូន​រូប​នេះ​ប្រមាថ​រូបលោក​ថា​ចេះ​មិន​ដល់​ខ្លួន​ថែម​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស