38.1 C
Phnom Penh

លោក សម រង្ស៊ី ថា​ទង្វើ​ឃោរឃៅ​របស់​លោក ហ៊ុន សែន គឺ​ដើម្បី​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ​និង​គំរាម​ផ្ទៃក្នុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា ទង្វើ​ឃោរឃៅ​ព្រៃផ្សៃ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន មិនមែន​គ្រាន់តែ​ដើម្បី​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ តែ​មាន​បំណង​គំរាមកំហែង​ដល់​កម្លាំង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯង​ផង​ដែរ​ចំពោះ​ក្រុម​ដែល​មិន​គាំទ្រ​អំណាច​ផ្ដាច់ការ​របស់​គាត់។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ កុម្ភៈ នេះ​ថា កាលពី ២៦​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​១៩៩៧ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ក្នុង​នាម​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្តេច សឺន សាន ក្នុង​នាម​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ព្រះពុទ្ធសាសនា និង​លោក សម រង្ស៊ី ក្នុង​នាម​គណបក្ស​ជាតិ​ខ្មែរ បាន​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​មួយ ដើម្បី​ប្រឆាំង​របប​ផ្ដាច់ការ​ក្នុង​បំណង​រៀបចំ​ប្រទេស​កម្ពុជា​តាម​បែបបទ​ប្រជាធិបតេយ្យ​ឡើងវិញ ប៉ុន្តែ​ត្រូវ​លោក ហ៊ុន សែន តាម​បំផ្លាញ​គ្រប់​រូបភាព និង​គ្រប់​កាលៈទេសៈ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ដើម្បី​កម្ទេច​រណសិរ្ស​រួបរួម​ជាតិ លោក ហ៊ុន សែន បាន​រៀបចំ​ផែនការ​គប់​គ្រាប់បែក​នៅ​មុខ​វត្ត​បទុមវតី នៅ​ទីក្រុង​ភ្នំពេញ ក្នុង​បំណង​សម្លាប់​រូបលោក និង​បង្កើត​ឲ្យ​មាន​រដ្ឋប្រហារ​បង្ហូរ​ឈាម​នៅ​ថ្ងៃទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដើម្បី​បំបែក​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ផង និង​ដើម្បី​កម្ចាត់​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ស្មោះស្ម័គ្រ​នឹង​របប​រាជា​និយម​ផង​ដែរ។

លោក សម រង្ស៊ី បញ្ជាក់​ថា ការ​រៀប​ផែនការ​តាម​កម្ទេច​រណសិរ្ស​រួបរួម​ជាតិ និង​ការ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​នៅ​ពេល​នោះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម មិន​គាំទ្រ​អំណាច​ផ្ដាច់ការ​លោក ហ៊ុន សែន ឡើយ ព្រោះ​លោក ជា ស៊ីម ក៏​ចង់​ឲ្យ​មាន​ការ​រួបរួម​ជាតិ​ដែរ ប៉ុន្តែ​ដើម្បី​សម្រេច​មហិច្ឆតា​ខ្លួនឯង លោក ហ៊ុន សែន បាន​ចោទ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ថា​មាន​ផែនការ​បំបែក​បំបាក់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​គាត់​មាន​លេស​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​នោះ។

ការ​អះអាង​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បែប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កាន់តែ​គំរាម​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ខ្លាំង​ឡើងៗ​ដែល​នាំ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ​កាន់តែ​ធំ​ទៅៗ​សព្វថ្ងៃ​នេះ។

អតីត​អ្នក​ទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ កុម្ភៈ នេះ​ថា សព្វថ្ងៃ​នេះ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន រួម​ទាំង​មតិ​ជាតិ និង​អន្តរជាតិ​នានា មើល​ឃើញ​ថា លោក ហ៊ុន សែន បាន​ប្រើ​អំណាច​ហួស​ដែន​កំណត់​របស់​ខ្លួន​ដែល​រំលោភ​ទៅ​លើ​អំណាច​នៃ​ស្ថាប័ន​កំពូលៗ​ដទៃ​ទៀត ដូចជា​ស្ថាប័ន​នីតិប្បញ្ញត្តិ ឬ​រដ្ឋសភា និង​ស្ថាប័ន​តុលាការ ជាដើម។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា នៅ​ពេល​ដែល​មេដឹកនាំ​នៃ​ប្រទេស​មួយ​ប្រើ​អំណាច​របស់​ខ្លួន​រំលោភ​លើ​អំណាច​នៃ​ស្ថាប័ន​កំពូល​នានា​បែប​នេះ គឺជា​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​នូវ​លទ្ធិប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​លំហ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​កាន់តែ​រួម​តូច សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ត្រូវ​បាន​គាប​សង្កត់ ជាពិសេស​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ក៏​នឹង​ត្រូវ​បាន​រឹតត្បិត​កាន់តែ​ខ្លាំង​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ប្រែ​ជា​ល្អ​សម្រាប់​អ្នក​នយោបាយ និង​ពលរដ្ឋ គឺ​គ្មាន​ជម្រើស​ផ្សេង​ណា​ក្រៅពី​ការ​ចរចា​របស់​អ្នក​នយោបាយ​កំពូលៗ​ឡើយ។

លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​វិបត្តិ​នយោបាយ​ត្រូវ​បាន​ដោះស្រាយ អ្នក​បន្ត​វេន​របស់​គណបក្ស​នយោបាយ​ទាំងអស់​នឹង​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​អនុវត្ត​ដឹកនាំ​នយោបាយ​ក្នុង​តួនាទី​របស់​ខ្លួន ដោយ​គ្មាន​ការ​ផ្ចាញ់ផ្ចាល​គ្នា​ទៅ​ថ្ងៃ​មុខ​ឡើយ។

ស្មារតី​ក្នុង​បុព្វកថា​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា បាន​ចែង​ថា យើង​ជា​ប្រជារាស្ត្រ​ខ្មែរ​ដែល​ធ្លាប់​មាន​អរិយធម៌​ឧត្តុង្គឧត្តម ប្រទេស​ជាតិ​ស្តុកស្តម្ភ​បាន​ធ្លាក់​ខ្លួន​ដ៏​សែន​រន្ធត់​ក្នុង​អំឡុង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ប៉ុន្តែ​យើង​បាន​ភ្ញាក់​រឭក​ក្រោកឈរ​ឡើង​រួបរួម​គ្នា​ពង្រឹង​ឯកភាព​ជាតិ ដើម្បី​កសាង​ប្រទេស​ទៅ​ជា​កោះសន្តិភាព​ឡើងវិញ ដោយ​ផ្អែក​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ធានា​សិទ្ធិមនុស្ស គោរព​ច្បាប់ និង​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​អនាគត​វាសនា​ប្រទេស​ជាតិ​របស់​ខ្លួន​ជា​និរន្តរ។

យ៉ាងណា​ក៏ដោយ កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​បាន​នាំ​កម្ពុជា​ទៅ​រក​ការ​បែកបាក់​ជាតិ​កាន់តែ​ធំ​ឡើងៗ ដោយ​ការ​កម្ទេច​អ្នក​ប្រជាធិបតេយ្យ​គ្រប់​រូបភាព ជាក់ស្តែង​លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​បង្ហាញ​ពី​ការ​សោកស្តាយ​ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ថា គាត់​មាន​ការ​សោកស្តាយ​ជា​ខ្លាំង​ដែល​មិន​បាន​សម្លាប់​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា កាលពី ១០​ឆ្នាំ​មុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស