28 C
Phnom Penh

ចិន​សច្ចា​ជួយ​ស្វែងរក​សន្តិភាព​សម្រាប់​អ៊ុយក្រែន​និង​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពី​ទីក្រុង​ប៉េកាំង ឯណោះ​វិញ ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា ចិន​ត្រូវ​ព្យាយាម​រក្សា​ទំនាក់ទំនង​ជាមួយ​គ្រប់​ភាគី​នៃ​វិបត្តិ​នៅ​អ៊ុយក្រែន ដោយ​នៅតែ​ប្រកាន់​ជំហរ​របស់​ខ្លួន​ចង់​ឱ្យ​មាន​សន្តិភាព​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ឡើងវិញ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន អ្នកស្រី Mao Ning កាលពី​ថ្ងៃ​ចន្ទ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង ថា «ខ្លឹមសារ​សំខាន់​គឺ​ការ​អំពាវនាវ​ដើម្បី​ស្វែងរក​សន្តិភាព លើក​កម្ពស់​ការ​សន្ទនា និង​លើក​កម្ពស់​ដំណោះស្រាយ​នយោបាយ​ចំពោះ​វិបត្តិ​នៅ​អ៊ុយក្រែន»

ស្ត្រី​អ្នក​នាំពាក្យ​ចិន​រូប​នេះ​បាន​និយាយ​ថា ចិន​ជំរុញ​ឱ្យ​មាន​កិច្ច​សន្ទនា និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​វិបត្តិ​អ៊ុយក្រែន បើ​ទោះបី​សហរដ្ឋ​អាមេរិក​បន្ត​ចោទ​ថា ទីក្រុង​ប៉េកាំង​កំពុង​ពិចារណា​ការ​ផ្គត់ផ្គង់​អាវុធ​ដល់​រុស្ស៊ី​ក៏ដោយ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែ​កុម្ភៈ នេះ។

ចិន​ដែល​បាន​ប្រកាស​សម្ព័ន្ធភាព «គ្មាន​ព្រំដែន» ជាមួយ​រុស្ស៊ី នៅ​មុន​រុស្ស៊ី​លុកលុយ​ប្រទេស​អ៊ុយក្រែន បាន​បដិសេធ​មិន​ថ្កោលទោស​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​នោះ​ទេ។

កាលពី​សប្តាហ៍​មុន ចិន​បាន​ចេញផ្សាយ​ផែនការ «សន្តិភាព ១២​ចំណុច» ដែល​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់ ហើយ​មាន​ការ​យោគយល់​គ្នា​នៃ​ប្រទេស​ទាំង​ពីរ គឺ​រុស្ស៊ី និង​អ៊ុយក្រែន។

ប៉ុន្តែ​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី បាន​និយាយ​នៅ​ក្នុង​បណ្ដាញ​សង្គម Telegram កាលពី​ថ្ងៃ​ចន្ទ​ថា អ៊ុយក្រែន​ពិត​ជា​ចង់​ឱ្យ​មាន​ជ័យជម្នះ​កើតឡើង​នៅ​ឆ្នាំ​នេះ តែ​ចំពោះ​ផែនការ​សន្តិភាព​របស់​ចិន អាច​ជា​ការ​លើក​ទឹកចិត្ត ទំនុកចិត្ត មិត្តភ័ក្ដិ និង​ការទូត។

ជាមួយ​គ្នា​នេះ នៅ​ពេល​ទទួល​ដំណឹង​ថា ប្រធានាធិបតី​ចិន ស៊ី ជីនពីង នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​មូស្គូ នៅ​ខែ​មេសា ដើម្បី​ជួប​សមភាគី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន លោក វូឡូឌីមៀរ ហ្សេឡេនស្គី បាន​ថ្លែង​ថា លោក​ចង់​ជួប​លោក ស៊ី ដើម្បី​បង្ហាញ​អារម្មណ៍​របស់​លោក​ចំពោះ​ចិន អំពី​ការ​បង្កើត​ផែនការ​សន្តិភាព ១២​ចំណុច​សម្រាប់​ប្រជាជន​អ៊ុយក្រែន។

តែ​មក​ដល់​ពេលនេះ ភាគី​ចិន​នៅ​ពុំ​ទាន់​ឱ្យ​ដឹង​ថា លោក ស៊ី នឹង​យល់ព្រម​ជួប​លោក ហ្សេឡេនស្គី ឬ​យ៉ាងណា​ទេ។ យ៉ាងណា អ្នក​សង្កេតការណ៍​គិត​ថា លោក ហ្សេឡេនស្គី អាច​នឹង​ស្នើ​ចិន​ដាក់​បញ្ចូល​បន្ថែម​ចំណុច​មួយ​ទៀត គឺ​ការ​ដក​ទ័ព​រុស្ស៊ី​ទាំងស្រុង​ចេញពី​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស