29 C
Phnom Penh

សមយុទ្ធ​ពស់វែក​មាស​ដឹកនាំ​ដោយ​ថៃ​និង​អាមេរិក​ចាប់ផ្ដើម​ដោយ​មាន​ទ័ព​អាមេរិក​៦​ពាន់​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ថៃ និង​សហរដ្ឋ​អាមេរិក បាន​ចាប់ផ្តើម​ដឹកនាំ​ការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ធំ​មួយ​ដែល​មាន​កងទ័ព​អាមេរិក ៦​ពាន់​នាក់​ចូលរួម ជាមួយ​នឹង​កងទ័ព​មួយ​ចំនួន​មកពី ៣០​ប្រទេស។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

សមយុទ្ធ «ពស់វែក​មាស» ដែល​បង្កើត​ឡើង​ដំបូង​តាំងពី​ឆ្នាំ​១៩៨២ គឺជា​សមយុទ្ធ​យោធា​ពហុភាគី​ដ៏​ចំណាស់​បំផុត​មួយ​របស់​ពិភពលោក និង​ធំ​ជាងគេ​បង្អស់​ប្រចាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ល្បែង​លំហាត់​យោធា​នេះ ជា​គន្លឹះ​មួយ​សម្រាប់​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន ពង្រឹង​សម្ព័ន្ធភាព​របស់​ខ្លួន​នៅ​តំបន់​អាស៊ី ក្នុង​កាលៈទេសៈ​ដែល​អាមេរិក​កំពុង​ប្រឈម​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង​ពី​សំណាក់​ប្រទេស​ចិន។

បន្ទាប់ពី​ត្រូវ​បាន​កាត់បន្ថយ​ចំនួន​ទ័ព​អំឡុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ តែ​សម្រាប់​ឆ្នាំ​នេះ កងទ័ព​អាមេរិក​ជាង ៦០០០​នាក់​ចូលរួម​ក្នុង​សមយុទ្ធ​ដែល​ជា​ចំនួន​ច្រើន​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ។ នេះ​បើ​តាម​លោក John Aquilino មេបញ្ជាការ​ជាន់ខ្ពស់​យោធា​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោក John Aquilino និយាយ​ថា សមយុទ្ធ​នេះ​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៨ កុម្ភៈ នេះ​ដល់​ថ្ងៃទី​១០ ខែ​មីនា។

ព្រឹត្តិការណ៍​នេះ​វា​បង្ហាញ​ពី​របៀប​ដែល​ការ​ឆ្លើយតប​រួម​គ្នា និង​ជួយ​ការពារ​ឱ្យ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ឱ្យ​មាន​លក្ខណៈ​សេរី និង​បើក​ចំហ ដើម្បី​ឱ្យ​ប្រជាជាតិ​ទាំងអស់​អាច​រក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់។

សមយុទ្ធ​យោធា «ពស់វែក​មាស ២០២៣» មាន​ការ​ចូលរួម​ពី​កងកម្លាំង​សរុប ៧៣៩៤​នាក់​មកពី ៣០​ប្រទេស ដែល​ក្នុង​នោះ​ប្រទេស​ដែល​ចូលរួម​ពេញលេញ រួម​មាន​ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី។ ចំណែក​ចិន ឥណ្ឌា និង​អូស្ត្រាលី ក៏​ចូលរួម​ដែរ​ក្នុង​លំហាត់​ប្រតិបត្តិការ​មនុស្សធម៌។

ជាមួយ​គ្នា​នេះ ប្រទេស​ចំនួន ១០ រួម​មាន​ទាំង​កម្ពុជា ចូលរួម​ក្នុង​នាម​ជា​ក្រុម​អ្នក​សង្កេតការណ៍ ខណៈ ១០​ប្រទេស​ផ្សេង​ទៀត​ចូលរួម​ក្នុង​នាម​ជា​ក្រុម​រៀបចំ​ផែនការ​ប្រតិបត្តិការ​ពហុភាគី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស