38.8 C
Phnom Penh

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ប្រឆាំង​គោរព​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​នយោបាយ ខណៈ​លោក​តែង​ធ្វើ​ទុក្ខបុកម្នេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ប្រឆាំង​គោរព​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​នយោបាយ ស្រប​ពេល​ដែល​មាន​ក្រុម​យុវជន​មួយ​ក្រុម​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ធ្វើការ​វាយប្រហារ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សិក្សា និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​ថ្ងៃទី​០១ ខែ​មីនា នេះ លោក ហ៊ុន សែន ចេញ​មុខ​ការពារ​យុវជន​មួយ​ក្រុម​ដែល​ធ្លាប់​ធ្វើការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​គាំទ្រ​គណបក្ស​ប្រឆាំង ដែល​បាន​នាំគ្នា​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ។

លោក​បញ្ជាក់​ថា យុវជន​ទាំងនោះ​បាន​រង​ការ​ប្រមាថ​ពី​អ្នក​នយោបាយ គណបក្ស​បក្ស​ប្រឆាំង ឬ​បុគ្គល​មួយ​ចំនួន បន្ទាប់ពី​ពួកគេ​បាន​ងាក​មក​គាំទ្រ​រដ្ឋាភិបាល​វិញ ដោយសារ​កន្លងមក​ពួកគេ​គាំទ្រ​បក្ស​ប្រឆាំង​មិន​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ឡើយ ក្រៅពី​បណ្ដុះបណ្ដាល​ពួកគេ​ឲ្យ​ប្រឆាំង​រដ្ឋាភិបាល។

លោក​ចាត់ទុក​គណបក្ស​នយោបាយ និង​បុគ្គល​មួយ​ចំនួន​ដែល​រិះគន់ និង​ចោទ​យុវជន​ដែល​ងាក​មក​ធ្វើការ និង​ចូលរួម​ជាមួយ​រដ្ឋាភិបាល «លក់​ឧត្ដមគតិ ឬ​ស៊ីលុយ​បរទេស» នោះ​ថា មិនមែន​ជា​អ្នក​ប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​នាំគ្នា​តាំង​ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ។

លោក ហ៊ុន សែន ស្នើ​ទៅ​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​បុគ្គល​មួយ​ចំនួន​ត្រូវ​គោរព​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​នយោបាយ ក្នុង​នោះ​លោក​ព្រមាន​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ឲ្យ​ប្រុងប្រយ័ត្ន​ក្រុម​យុវជន​ទាំងនោះ​ដែល​នាំគ្នា​ធ្វើ​បាតុកម្ម​ដើម្បី​ប្រឆាំង​នឹង​ពួកគេ​វិញ បើសិនជា​មិន​បញ្ឈប់​សកម្មភាព​រិះគន់​ទៀត។

ការ​ចេញ​មុខ​ការពារ​របស់​លោក ហ៊ុន សែន នា​ថ្ងៃ​នេះ បន្ទាប់ពី​យុវជន​ចំនួន ៨​នាក់ ក្នុង​នោះ​អតីត​សហ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក ម៉េង ហេង អតីត​សកម្មជន​បរិស្ថាន​កូនភ្លោះ​ពីរ​នាក់ គឺ​លោក ជុំ ហួត និង​លោក ជុំ ហួរ ព្រមទាំង​អតីត​សកម្មជន ១០០​រាត្រី លោក មួង សូនី និង​លោក មួង សុភ័ក្រ ជាដើម បាន​នាំគ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​សម្រេច​បិទ​អង្គភាព​សារព័ត៌មាន VOD កាលពី​ពេល​ថ្មីៗ​នេះ។

ក្រុម​នេះ​មិន​ត្រឹមតែ​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​បិទ​សារព័ត៌មាន​ឯករាជ្យ VOD ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​បាន​នាំគ្នា​វាយប្រហារ​ទៅ​គណបក្ស​ប្រឆាំង និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ពួកគេ​ធ្លាប់​ធ្វើការ​ជាមួយ​កន្លងមក​ថែម​ទៀត។

យ៉ាងណា​ក៏ដោយ គេ​សង្កេត​ឃើញ​លោក ហ៊ុន សែន តែង​ប្រកាស និង​ទាមទារ​ឲ្យ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ព្រមទាំង​សកម្មជន​នានា គោរព​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​នយោបាយ ប៉ុន្តែ​សម្រាប់​រូបលោក​វិញ មិន​បាន​គោរព​សិទ្ធិ​ពលរដ្ឋ​ឡើយ ជាពិសេស​លោក​តែង​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ចំពោះ​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

ជាក់ស្ដែង​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ​សារព័ត៌មាន VOD និង​ធ្វើ​ទុក្ខបុកម្នេញ​លោក សុន ឆ័យ លោក គង់ គាំ លោក ថាច់ សេដ្ឋា និង​ចាប់​ខ្លួន​មេដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស