34 C
Phnom Penh

លោក ហ៊ុន សែន ថា​មរតក​ដំបូង​បំផុត​របស់ CPP សម្រាប់​ខ្មែរ​គឺ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម លោក ហ៊ុន សែន អះអាង​ថា មរតក​ដំបូង​បំផុត​របស់​បក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ជាតិ​ខ្មែរ គឺ​ការ​ជួយ​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ឲ្យ​រស់រាន​មាន​ជីវិត​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ជ្រោមជ្រែង​ដោយ​វៀតណាម លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅ​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៣ នេះ ដោយ​លើក​ឡើង​ជា​សំណួរ​ថា តើ​មាន​នរណា​ម្នាក់​ដែល​ហ៊ាន​និយាយ​ថា បើ​ទោះបី​គ្មាន​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ ក៏​ខ្លួន​អាច​មាន​ជីវិត និង​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែរ​ទេ?

លោក ហ៊ុន សែន បន្ថែម​ថា ដំបូង​បំផុត​កុំ​ភ្លេច​អំពី​ការ​សង្គ្រោះ​ជីវិត​មនុស្ស​ឲ្យ​រស់រាន​មាន​ជីវិត​តាមរយៈ​ថ្ងៃ​រំដោះ ៧​មករា បើ​គ្មាន​ថ្ងៃ​រំដោះ ៧​មករា កុំ​និយាយ​អ្វី​ទៀត គឺ​និយាយ​តែ​ពី​រឿង​ស្លាប់​តែប៉ុណ្ណោះ។

អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន លើកឡើង​ថា ចំណែក​មរតក​ទី​ពីរ​របស់​បក្ស​ប្រជាជន​កម្ពុជា គឺ​ការ​ចូលរួម​របស់​រដ្ឋាភិបាល​អតីត​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋ​កម្ពុជា ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា តាមរយៈ​នៃ​ការ​ចរចា​ឱ្យ​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​នេះ។

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​កាលពី​ឆ្នាំ​១៩៨៥ លោក ហ៊ុន សែន បញ្ជាក់​ថា សមិទ្ធផល​បន្ត​មក​ទៀត គឺ​ការ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​ដែល​ជា​មរតក​ដ៏​សំខាន់​ធ្វើ​ឱ្យ​សន្តិភាព​កើតមាន​ឡើង​នៅ​កម្ពុជា​រហូត​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដូច​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ចុងខែ​មករា ឆ្នាំ​២០២៣ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី រិះគន់​ថា រយៈពេល ៣៨​ឆ្នាំ​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​បាន​បន្សល់​ទុក​នូវ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា ដូចជា​ការ​ដឹកនាំ​ប្រទេស​តាម​របប​ហ្វាស់ស៊ីស បង្កើត​ឱ្យ​មាន​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ដោយ​គ្មាន​ទោស ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយ​កខ្វក់ ជាដើម ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន យ៉ាង​ខ្លាំង។

លោក សម រង្ស៊ី បញ្ជាក់​ថា អ្វី​ដែល​លោក​បាន​រៀបរាប់​នេះ គឺជា​មរតក​ដែល​បក្ស​ប្រជាជន​កម្ពុជា​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បន្សល់​ទុក​សម្រាប់​កម្ពុជា គឺជា​គ្រាប់បែក​ដ៏​ធំ​មួយ​នឹង​ផ្ទុះ​កម្ទេច​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អនាគត។

ចំណែក​អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ មីនា នេះ​ថា លោក​មិន​ជំទាស់​នឹង​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ទេ ប៉ុន្តែ​ថ្ងៃ ៧​មករា ឆ្នាំ​១៩៧៩ នៅតែ​មាន​ការ​ជជែក​គ្នា​មិន​ដាច់ស្រេច​នៅឡើយ​ថា ជា​ថ្ងៃ​រំដោះ​ពលរដ្ឋ​ខ្មែរ​ពី​របប ប៉ុល ពត ឬ​ជា​ថ្ងៃ​ដែល​បើក​ផ្លូវ​ឱ្យ​វៀតណាម​ឈ្លានពាន​កម្ពុជា ដែល​ជា​មរតក​សម្រាប់​ពលរដ្ឋ​នៅ​ពេលនេះ និង​ទៅ​ថ្ងៃ​អនាគត។

លោក​បញ្ជាក់​ថា ជុំវិញ​ថ្ងៃ​រំដោះ ៧​មករា នេះ ក៏​មាន​ការ​លើកឡើង​ច្រើន​ដែរ​ថា ហេតុ​អ្វី​នៅ​ពេល​នោះ​កម្ពុជា​មិន​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​ឱ្យ​មក​រំដោះ​ខ្មែរ បែរ​ជា​ទៅ​ពឹង​វៀតណាម​ទៅវិញ។

លោក​បន្ថែម​ថា បញ្ហា​នេះ​ទាល់តែ​មាន​ការ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់ ទើប​អាច​បែងចែក​ឱ្យ​ដាច់​ស្រឡះ​ថា ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​អ្វី​ឱ្យ​ពិតប្រាកដ។

ដោយឡែក​អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ថា មរតក​ដែល​លោក ហ៊ុន សែន បាន​បន្សល់​ទុក​ឱ្យ​កម្ពុជា​ក្នុង​អំណាច​របស់​គាត់​ជិត ៤០​ឆ្នាំ​មក​នេះ​មាន​ចំណុច ២​ធំៗ គឺ​ទី​១ គំរូ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដើម្បី​អំណាច និង​ទី​២ គឺ​គំរូ​ឧក្រិដ្ឋកម្ម​ជាតិ​ខ្មែរ​ដើម្បី​បម្រើ​បរទេស​ឈ្លានពាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស