29 C
Phnom Penh

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន ពាក់ព័ន្ធ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ក្នុង​ផ្ទះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​ដែល​មាន​ឈ្មោះ​ថា វេទិកា​ពលរដ្ឋ អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​គាត់ រួម​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​កម្ពុជា ដែល​ចូលរួម​សមគំនិត​កាត់ក្តី​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា មាន​ទោស​ក្បត់​ជាតិ​ទាំង​អយុត្តិធម៌​កាលពី​ពេល​ថ្មីៗ​នេះ។

វេទិកា​ពលរដ្ឋ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៣ ថា ការ​កាត់ក្តី​ទាំង​បំពាន​លើ​លោក កឹម សុខា ឲ្យ​មាន​ទោស​ក្បត់​ជាតិ មិនមែន​ត្រឹមតែ​ជា​ការ​ដើរ​ថយ​ក្រោយ​នៃ​ប្រជាធិបតេយ្យ​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្រឡាប់​ចាក់​ទាំងស្រុង​ទៅវិញ។

វេទិកា​ពលរដ្ឋ​អះអាង​ថា ដើម្បី​ស្ដារ​ស្ថានភាព​ក្រឡាប់ចាក់​នេះ សហគមន៍​អន្តរជាតិ អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក មហាអំណាច​លោក​សេរី និង​អង្គការ​បណ្ដាញ​ហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ ត្រូវតែ​ដាក់​ទណ្ឌកម្ម​ឲ្យ​ចំ​ក្រុម​បុគ្គល​ដែល​មាន​អំណាច​អាជ្ញា​ទំនើង​នៅ​កម្ពុជា។

ក្រុម​នេះ​ព្រមាន​ថា ជន​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​ទាំងនោះ​មាន​ដូចជា លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត លោក ឌី វិជ្ជា លោក នេត សាវឿន និង​សមាជិក​គ្រួសារ​របស់​គាត់​ដទៃ​ទៀត​ដែល​កំពុង​ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះ។ ជាង​នេះ​ទៀត ក៏​ត្រូវ​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​គ្រួសារ​ដែល​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន ផង​ដែរ ដោយសារតែ​ពួកគេ​បាន​ឃុបឃិត​ជា​ប្រព័ន្ធ​ដើម្បី​រក្សា​អំណាច​ទំនើង​របស់​ត្រកូល «ហ៊ុន» បច្ចុប្បន្ន​នេះ ដូចជា៖

  • ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ជាប់​សង្ស័យ​ក្នុង​ការ​ជួយ​លាង​លុយ​កខ្វក់​ឱ្យ​ត្រកូល «ហ៊ុន»
  • រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន
  • រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា
  • និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ជាដើម ដែល​សុទ្ធសឹងតែ​ជា​ដៃ​ជើង​របស់​លោក ហ៊ុន សែន ចូលរួម​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដាំ​ក្បាល​ចុះ​រហូត​មក។

ប្រភព​ដដែល​លើកឡើង​ថា ក្រៅពី​បុគ្គល​ទាំងនេះ ក៏​នៅ​មាន៖

  • អគ្គនាយក​គយ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម
  • ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង
  • អគ្គនាយក​ពន្ធដារ លោក គង់ វិបុល
  • និង​មន្ត្រី​ក្នុង​ស្ថាប័ន​តុលាការ​រាប់​ចាប់តាំងពី​ប្រធាន​តុលាការ​រហូត​ដល់​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញា​រង ជាដើម ដែល​បាន​រួម​ដៃ​គ្នា​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

វេទិកា​ពលរដ្ឋ​បញ្ជាក់​ថា បើ​មិន​មាន​វិធានការ​ច្បាស់លាស់​ជុំវិញ​ការ​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ លោក ហ៊ុន សែន ច្បាស់​ជា​មិន​ញញើត​នឹង​សហគមន៍​អន្តរជាតិ​ឡើយ ព្រោះ​លោក ហ៊ុន សែន នៅ​ពេលនេះ​កំពុង​តែ​បោះ​ជំហាន​កាន់តែ​ជ្រៅ​ទៅៗ​ទៅ​រក​ការ​ដឹកនាំ​ផ្ដាច់ការ និង​ការ​ដឹកនាំ​តាម​បែប​គ្រួសារ​និយម តាមរយៈ​ផែនការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូនប្រុស​របស់​គាត់​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​បញ្ជូន​ខ្លួន​ទៅ​ឲ្យ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ទេ ដោយ​អនុញ្ញាត​ឲ្យ​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​សាច់ញាតិ​ធម្មតា តែ​ត្រូវ​ដកហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត។

ក្រោយពី​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ឱ្យ​លោក កឹម សុខា មាន​ទោស​ក្បត់​ជាតិ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​នានា​បាន​ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់ ខណៈ​សារព័ត៌មាន​ធំៗ​លើ​ពិភពលោក ដូចជា Reuter, Aljazeera, BBC និង New York Times ជាដើម បាន​នាំគ្នា​ចុះផ្សាយ​ព្រោងព្រាត​ដែល​ធ្វើ​ឱ្យ​ការ​សម្រេច​ក្តី​លើ​សំណុំរឿង​លោក កឹម សុខា ល្បី​ទូទាំង​សកលលោក។

ទាក់ទិន​នឹង​ការ​ប្រកាស​សាលក្រម​កាត់ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ទោស​ក្បត់​ជាតិ​នៅ​ពេលនេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​អះអាង​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​អន្តរជាតិ AlJazeera កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា អំណាច​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ​កាន់តែ​សាហាវ​ទៅៗ​ដោយសារតែ​គាត់​អាង​ប្រទេស​ចិន គាំទ្រ​ពីក្រោយ​ខ្នង​ដូច​មេដឹកនាំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត អាង​ចិន​គាំទ្រ​ពីក្រោយ​កាលពី​អំឡុង​ទសវត្ស​ឆ្នាំ​១៩៧០ ដូច្នោះ​ដែរ។

លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ទាំងអស់​ក្នុង​ពិភពលោក​កុំ​ទទួលស្គាល់​ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ប្រសិនបើ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​ទេ​នោះ។

ចំណែក​សមាជិក​សភា​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ (Twitter) កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ផ្ដន្ទាទោស​លោក កឹម សុខា ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ គឺជា​រឿង​ដ៏​អាម៉ាស់​បំផុត។ លោក ជូលៀន ហ៊ីល (Julian Hill) បន្ថែម​ថា បើ​ធៀប​នឹង​អាយុ​របស់​គាត់​នៅ​ពេលនេះ គឺ​ស្មើ​នឹង​ការ​កាត់ទោស​ប្រហារ​ជីវិត​ទៅ​ហើយ។

សមាជិក​សភា​អូស្ត្រាលី​រូប​នេះ​រិះគន់​ថា ការ​ប្រកាស​សាលក្រម​របស់​តុលាការ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បែប​នេះ គួរតែ​ត្រូវ​បាន​ថ្កោលទោស​ពី​សំណាក់​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ទាំងអស់។

រីឯ​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា យ៉ាងហោចណាស់​មាន​សមាជិក​គណបក្ស​ប្រឆាំង​ចំនួន ៣៩​នាក់​ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​នៃ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ បន្ទាប់ពី​ត្រូវ​បាន​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​ក្រោម​ការ​ចោទប្រកាន់​ក្លែងក្លាយ ដោយ​គ្រាន់តែ​អនុវត្ត​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​របស់​ពួកគេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស