26 C
Phnom Penh

បុរស​ខ្លាំង​ព្រមាន​មិន​អត់ឱន​ឱ្យ​ខ្មែរ​និង​អន្តរជាតិ​ណា​ធ្វើ​សកម្មភាព​បំផ្លាញ​កម្ពុជា​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​មិន​អត់ឱន​ឲ្យ​ខ្មែរ និង​អន្តរជាតិ បើសិនជា​ធ្វើ​សកម្មភាព​ដើម្បី​បំផ្លាញ​ប្រទេស​កម្ពុជា​ដែល​កំពុង​ពោរពេញ​ទៅ​ដោយ​សន្តិភាព។

ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​សិស្ស​និស្សិត​នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី នា​ថ្ងៃ​ចន្ទ ទី​៦ ខែ​មីនា ឆ្នាំ​២០២៣ នេះ លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ដែល​ទំនង​សំដៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដា​ប្រទេស​លោក​សេរី​ថា កុំ​ធ្វើ​សកម្មភាព​ដែល​ជំរុញ​ឲ្យ​កម្ពុជា​មាន​សង្គ្រាម។

លោក​បាន​ព្រមាន​មិន​អត់ឱន​ឲ្យ​អ្នក​ទាំងនោះ​ឡើយ ទោះបីជា​ខ្មែរ​ក្ដី និង​បរទេស​ក្ដី បើសិន​ជា​រក​ឃើញ​ថា ធ្វើ​សកម្មភាព​ប្រឆាំង​ទៅ​នឹង​ឯករាជ្យ អធិបតេយ្យភាព​កម្ពុជា ក្រោម​ហេតុផល​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដែល​លោក​ថា​ធ្វើ​ឲ្យ​កម្ពុជា​មាន​សង្គ្រាម​ឡើងវិញ។

ការ​ជំរុញ​របស់​លោក ហ៊ុន សែន ឲ្យ​សង្គម​ស៊ីវិល និង​បណ្ដា​ប្រទេស​លោក​សេរី​ឲ្យ​ជួយ​ការពារ​សន្តិភាព​ក្រោម​ការ​ដឹកនាំ​របស់​លោក​នេះ ធ្វើឡើង​ខណៈ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​កំពុង​ហូរ​ទឹកភ្នែក​ដោយ​ការ​បាត់បង់​ដីធ្លី ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព​ពី​សំណាក់​អាជ្ញាធរ ក្រោម​ការ​ដឹកនាំ​ដោយ​កណ្ដាប់ដៃ​ដែក​របស់​លោក។

ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ពេល​បច្ចុប្បន្ន​នេះ បើក​លំហ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ ក្រោយ​ពេល​រក​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ខ្លាំង​ចាប់តាំងពី​លោក ហ៊ុន សែន ប្រើ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៧ មក។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ថ្មី​នេះៗ តុលាការ​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន បាន​កាត់ទោស​ឲ្យ​លោក កឹម សុខា ជាប់​ពន្ធនាគារ ២៧​ឆ្នាំ និង​ដក​សិទ្ធិ​ពលរដ្ឋ ព្រមទាំង​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត ហើយ​ហាម​មិន​ឲ្យ​ជួប​ខ្មែរ និង​បរទេស លើកលែងតែ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ។

តុលាការ​កាត់ទោស​លោក កឹម សុខា នេះ ក្រោម​បទចោទប្រកាន់ «សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​ក្បត់​ជាតិ» ដែល​លោក ហ៊ុន សែន ចោទ​ថា​ពាក់ព័ន្ធ​ជាមួយ​សហរដ្ឋ​អាមេរិក​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នា​ពេល​បច្ចុប្បន្ន។

លោក ហ៊ុន សែន ក៏​បាន​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ដែរ។ ការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី និង​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​រិះគន់​ថា ជា​វិធានការ​រឹត​បន្តឹង​សេរីភាព​សាធារណៈ ជាពិសេស​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ជិត​មក​ដល់​នៅ​ពេល​ខាងមុខ​នេះ។

ពួកគេ​ក៏​បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ព័ត៌មាន វីអូឌី ដំណើរការ​ឡើងវិញ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា វិធានការ​បន្តបន្ទាប់​របស់​លោក ហ៊ុន សែន ដើម្បី​គាប​សង្កត់ គំរាមកំហែង​តាម​គ្រប់​មធ្យោបាយ​ដោយ​យក​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍ រួម​ទាំង​ប្រើប្រាស់​អំពើ​ហិង្សា​នា​ពេលនេះ គឺ​ក្នុង​គោលបំណង​វែក​ផ្លូវ​ផ្ទេរ​អំណាច​ឲ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស