33 C
Phnom Penh

បទ​អត្ថាធិប្បាយ៖ ប្រជាជន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​រង់ចាំ​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ងាក​មក​ប្រទេស​ភូមា​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជា​អង្គការ​សហគមន៍​ដ៏​ធំ​មួយ​នៃ​ពិភពលោក​មាន ១០​ប្រទេស និង​មាន​ប្រជាជន​ជាង ៦៨០​លាន​នាក់។ សមាគម​នេះ​មាន​របប​ដឹកនាំ ៣​ខុស​គ្នា គឺ​វៀតណាម និង​ឡាវ ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​សង្គម​និយម។

ចំណែក​ប្រទេស​ប្រ៊ុយណេ ជា​ដែនដី​តូច​ជាងគេ​មាន​ប្រជាជន​តិច​ជាងគេ។ ដែនដី​នេះ​ស្ថិត​នៅ​ក្នុង​របប​រាជា​និយម​ដាច់ដោយឡែក​ពី​គេ។ មាន​ន័យ​ថា ជា​របប​រាជា​និយម​បែប​ពាក់កណ្ដាល​ផ្ដាច់ការ ព្រោះ​មហាក្សត្រ​របស់​ប្រទេស​នេះ​មាន​តួនាទី​ជា​ប្រមុខរដ្ឋ​ផង និង​ជា​ប្រមុខ​រដ្ឋាភិបាល​ផង។ តែ​ក៏​ជា​ប្រទេស​មួយ​ឱ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ការ​លើក​តម្កើង​ជីវភាព​របស់​ប្រជាជន​ជាមួយ​នឹង​គោលនយោបាយ​កាត់បន្ថយ​កម្រិត​ជីវភាព​អ្នក​ក្រីក្រ និង​អ្នក​អត់​ការងារ​ធ្វើ។ របប​ជីវភាព​ប្រចាំ​ឆ្នាំ​របស់​ប្រជាជន​មាន​កម្រិត​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស ៨ ទៀត​នៃ​សមាគម​អាស៊ាន លើកលែងតែ​ប្រទេស​សិង្ហបុរី។

និយាយ​ទៅ ទោះជា​របប​បែប​រាជា​និយម​ពាក់កណ្ដាល​ផ្ដាច់ការ តែ​សង្គម​ជាតិ​របស់​ប្រទេស​ដ៏​តូច​មួយ​នេះ​មិន​ពោរពេញ​ដោយ​អំពើ​អយុត្តិធម៌​ពេក​នោះ​ទេ។

ក្នុង​សមាគម​អាស៊ាន​ដែល​មាន ១០​ប្រទេស​នេះ ក្រៅពី​វៀតណាម ឡាវ និង​ប្រ៊ុយណេ គឺ​សុទ្ធសឹងតែ​ជា​ប្រទេស​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ពហុបក្ស ហើយ​សូម្បី​ប្រទេស​ភូមា ដែល​ធ្លាក់​ក្នុង​របប​សឹក ក៏​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ​បាន​ចែង​អំពី​ការ​ប្រកួត​ប្រជែង​អំណាច​គ្នា​តាមរយៈ​ការ​បោះឆ្នោត​ដែរ។

យ៉ាងណា ប្រទេស​ភូមា មិន​ត្រឹម​ធ្លាក់​ក្នុង​របប​សឹក​នោះ​ទេ គឺ​វា​ធ្លាក់​ក្នុង​របប​សម្លាប់​មនុស្ស​យ៉ាង​រង្គាល ដែល​ចុងក្រោយ​នេះ​ពួក​យោធា​វាយ​បង្ក្រាប​ទៅ​លើ​ក្រុម​ប្រឆាំង​ដែល​រុញ​ឱ្យ​ដែនដី​មួយ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល ព្រោះតែ​ប្រជាជន​ងើប​ឡើង​ប្រឆាំង​របប​សឹក​ដែល​បាន​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ដោយសារតែ​ប្រជាជន​ភូមា ស្រេក​ឃ្លាន​សេរីភាព និង​ប្រជាធិបតេយ្យ បាន​នាំ​ឱ្យ​មេដឹកនាំ​នៃ​សមាគម​មួយ​នេះ ជាពិសេស​មេដឹកនាំ​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ទូលំទូលាយ កំពុងតែ​សិក្សា​រូបមន្ត​ថ្មី​មួយ​ទៀត​បង្ខំ​ឱ្យ​ពួក​យោធា​ឆាប់​ផ្ទេរ​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ។

តែ​ជា​អកុសល នៅ​ពេល​សហគមន៍​អន្តរជាតិ​សម្រុក​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​ភូមា​ឡើងវិញ ស្រាប់​តែ​ផ្ទុះ​សង្គ្រាម​នៅ​លើ​ទឹកដី​មួយ​នៅ​អឺរ៉ុប ដែល​ជា​សង្គ្រាម​មហាអំណាច​រុស្ស៊ី​ឈ្លានពាន​ប្រទេស​ទន់ខ្សោយ​មួយ​ជាប់​នឹង​របង​ព្រំដែន​របស់​ខ្លួន គឺ​ប្រទេស​អ៊ុយក្រែន។

សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ផ្ទុះ​ភ្លាម គេ​សង្កេត​ឃើញ​ពួក​បស្ចិម​ប្រទេស ជាពិសេស​ពួក​អឺរ៉ុប ដែល​ជា​កម្លាំង​ប្រជាធិបតេយ្យ​ដ៏​ធំ សម្រុក​ជួយ​រំដោះ​ប្រទេស​អ៊ុយក្រែន​ពី​មាត់​ដង្កាប់​របស់​រុស្ស៊ី ដែល​ធ្វើ​ឱ្យ​ថមថយ​កម្លាំង​របស់​ពួកគេ​មក​ជួយ​សង្គ្រោះ​ប្រជាជន​ភូមា​ពី​របប​សឹក។

ចាប់តាំងពី​របប​សឹក​ប្លន់​អំណាច​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ មក របប​នេះ​សម្លាប់​ប្រជាជន​ដែល​ជា​ក្រុម​អ្នក​ប្រជាធិបតេយ្យ​អស់​រាប់​ពាន់​នាក់ ហើយ​ចាប់​ដាក់​គុក​ជាង ១​ម៉ឺន ៦​ពាន់​នាក់។

នៅ​លើ​បណ្ដាញ​សង្គម​នៃ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ ឃើញ​ថា​មាន​ការ​បញ្ចេញមតិ​ជាច្រើន ដោយ​ពួកគេ​ភាគច្រើន​ចង់​ឃើញ​ការ​ឆាប់​បិទ​បញ្ចប់​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

ប្រជាជន​បញ្ចេញមតិ​មាន​ចំនួន​ច្រើន​លើសលប់ ទទូច​សុំ​ឱ្យ​អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក និង​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ មេត្តា​ជួយ​បញ្ចប់​របប​សឹក​ភូមា ព្រោះ​ថា​ពេលនេះ​ប្រជាជន​ភូមា​នៅតែ​រង​ទុក្ខ​ទោស​យ៉ាង​ខ្លាំង​ដោយ​ការ​បាញ់​បង្ក្រាប បាញ់​សម្លាប់​ពី​សំណាក់​ពួក​យោធា។

ភ្លាមៗ​ក្រោយពី​ពួក​យោធា​ភូមា​ធ្វើ​រដ្ឋប្រហារ គេ​សង្កេត​ឃើញ​សហរដ្ឋ​អាមេរិក ក្រុម​សហភាព​អឺរ៉ុប រួម​នឹង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​បង្កើន​សំឡេង ហើយ​រក​វិធានការ​ដើម្បី​ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​យោធា​បញ្ចប់​អំណាច​របស់​ខ្លួន ដោយ​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ។

ក្នុង​ពេល​នោះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ រួម​ទាំង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បន្តបន្ទាប់​ទាមទារ​ឲ្យ​ពួក​យោធា​បញ្ចប់​អំពើ​ហិង្សា និង​សម្របសម្រួល​ខ្លួន​ជាបន្ទាន់ ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាជន​ភូមា និង​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​រស់​ឡើងវិញ។

សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ជាច្រើន​ទៀត​ដែល​ប្រកាន់​ប្រជាធិបតេយ្យ​រឹងមាំ ដាក់​ទណ្ឌកម្ម​ទៅ​លើ​ពួក​យោធា​ភូមា រហូត​ដល់​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី បង្កើត​ឲ្យ​មាន​ផែនការ ៥​ចំណុច​ទៅ​លើ​របប​សឹក​ភូមា ដែល​ក្នុង​នោះ​ការ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ ហើយ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ និង​ឈាន​ទៅ​ដល់​ការ​បង្កើត​ស្ថាប័ន​ប្រជាធិបតេយ្យ​ឡើងវិញ។

តែ​ចុង​ក្រោយ​នេះ នៅ​ពេល​ដែល​អ៊ុយក្រែន ធ្លាក់​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ឃើញ​ថា​ពួក​អ្នក​ប្រជាធិបតេយ្យ​ធំៗ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​មិន​វិធានការ​ខ្លាំងក្លា​ទៅ​លើ​របប​សឹក​នោះ​ទេ ដោយ​សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស​ជំរុញ​ឲ្យ​សមាគមន៍​អាស៊ាន​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន ខណៈ​ពួក​បស្ចិម​ប្រទេស​កំពុង​ជាប់​ដៃ​ក្នុង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន។

តើ​សង្គ្រាម​រុស្ស៊ីអ៊ុយក្រែន អាច​បិទ​បញ្ចប់​នៅ​ពេល​ណា ព្រោះ​ក្ដី​សង្ឃឹម​របស់​ប្រជាជន​ភូមា ក៏​កើតឡើង​ដោយសារតែ​ការ​រង់ចាំ​ការ​បញ្ចប់​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​នេះ​ផង​ដែរ។

គេ​ពុំ​ទាន់​មាន​ការ​កំណត់​ជាក់លាក់​ថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន នឹង​បិទ​បញ្ចប់​នៅ​ពេល​ណា ហើយ​និង​របៀប​ណា​នោះ​ទេ ព្រោះ​ពេលនេះ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នៅតែ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​បំផុត ហើយ​សញ្ញា​នៃ​ការ​ធ្វើការ​ដំណើរ​ទៅ​រក​តុ​ចរចា​ដើម្បី​ពន្លត់​ភ្នក់ភ្លើង​សង្គ្រាម​ក៏​គ្មាន​នោះ​ដែរ។

ទាំង​អ៊ុយក្រែន និង​រុស្ស៊ី អះអាង​ថា ពួកគេ​ចង់​បាន​សន្តិភាព លុះត្រាតែ​សន្តិភាព​នោះ​តម្រូវ​តាម​ស្ថានការណ៍​ជាក់ស្ដែង​របស់​ខ្លួន។ រុស្ស៊ី​ចុងក្រោយ​នេះ​ប្រាប់​ទៅ​ពិភពលោក​ថា ក្រុង​មូស្គូ មិន​ចង់​ចរចា​ជាមួយ​នឹង​អ៊ុយក្រែន នោះ​ទេ លុះត្រាតែ​សម្រេច​គោលដៅ​របស់​ខ្លួន​ជា​មុន​សិន គឺ​ការ​វាយ​យក​ទឹកដី​អ៊ុយក្រែន ឱ្យ​បាន​នូវ​ផ្នែក​ណា​មួយ​ពិតប្រាកដ។

ចំណែកឯ​អ៊ុយក្រែន ឯណោះ​វិញ ដែល​អាង​ជំនួយ​យោធា​របស់​ពួក​បស្ចិម​ប្រទេស នៅតែ​ប្រកាន់​ជំហរ​ថា ខ្លួន​ក៏​មិន​ចូល​ទៅ​ចរចា​ដែរ បើ​ចរចា​ត្រឹមតែ​ផ្ដល់​ពេលវេលា​ឲ្យ​រុស្ស៊ី​ពង្រឹង​ទ័ព​ឈ្លានពាន​អ៊ុយក្រែន​ប៉ុណ្ណោះ។

អ៊ុយក្រែន​អះអាង​ថា សង្គ្រាម​នៅ​ពេលនេះ​ក៏​បង្ខំ​ចិត្ត​ឲ្យ​អ៊ុយក្រែន​ពង្រីក​សមរភូមិ ហើយ​អាច​វាយ​ចូល​ឧបទ្វីប​គ្រីមៀរ ដើម្បី​យក​អតីត​ដែនដី​របស់​ខ្លួន​ពី​រុស្ស៊ី​មកវិញ។ បើ​ដូចនេះ ប្រជាជន​ភូមា​ត្រូវ​រង់ចាំ​ថា តើ​រុស្ស៊ី​ឈ្នះ​សង្គ្រាម ឬ​ក៏​អ៊ុយក្រែន​ឈ្នះ​សង្គ្រាម ទើប​ពិភពលោក​ក្រឡេក​មក​រក​ប្រទេស​ភូមា​វិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស