31 C
Phnom Penh

កូនស្រី​លោក កឹម សុខា៖ អន្តរជាតិ​ត្រូវ​ដាក់​សម្ពាធ​លោក ហ៊ុន សែន ដើម្បី​រក​ដំណោះស្រាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនស្រី​ច្បង​របស់​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​បញ្ជាក់​បាន​ទេ​ថា តើ​នឹង​ត្រូវ​ប្តឹង​ឧទ្ធរណ៍​លើ​សំណុំរឿង​ឪពុក​របស់​ខ្លួន ប៉ុន្តែ​កញ្ញា​ទាមទារ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​ងាក​ចូល​តុ​ចរចា​នយោបាយ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ឪពុក​របស់​ខ្លួន​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ខាងមុខ​នេះ។

កញ្ញា កឹម មនោវិទ្យា កូនស្រី​ច្បង​របស់​លោក កឹម សុខា បាន​ផ្តល់​បទសម្ភាសន៍​ទៅ​ទូរទស្សន៍​ក្រៅ​ស្រុក​មួយ​ថា កញ្ញា​មិន​ផ្ដោត​ខ្លាំង​ទៅ​លើ​ភាព​ស្រប​ច្បាប់​នោះ​ទេ ដូច​ទាំងអស់​គ្នា​បាន​ដឹង​ស្រាប់​រួច​មក​ហើយ​ថា តុលាការ​គឺ​គ្រាន់​ជា​ឧបករណ៍​មួយ​ដែល​គ្រប់គ្រង និង​ប្រើ​ដោយ​បក្ស​កាន់​អំណាច ដូច្នេះ​ចំពោះ​ដំណោះស្រាយ​ករណី​ឪពុក​របស់​ខ្លួន គឺ​ត្រូវ​រក​ដំណោះស្រាយ​តាមរយៈ​ដំណោះស្រាយ​នយោបាយ ហើយ​បក្ស​កាន់​អំណាច​តែងតែ​បង្កើត​ឲ្យ​មាន​ដំណោះស្រាយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

កញ្ញា​បាន​លើកឡើង​ទៀត​ថា កញ្ញា​តែងតែ​ផ្ដោត​លើ​ដំណោះស្រាយ​នយោបាយ និង​ការ​សន្ទនា។ ការ​សន្ទនា គឺ​សំខាន់​ណាស់ ក្រុម​របស់​ខ្លួន​តែងតែ​បើក​ផ្លូវ​ឲ្យ​មាន​កិច្ច​សន្ទនា​រវាង​កម្ពុជា និង​កម្ពុជា ហើយ​ក៏​ពេញ​ចិត្ត​ឲ្យ​លោក​ខាងលិច​បើក​កិច្ច​សន្ទនា​ជាមួយ​របប​នេះ​ផង​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​មាន​គម្រោង​ជាមួយ​នឹង​សកម្មភាព​ជាក់លាក់ ពីព្រោះ​វា​បាន​កើត​ឡើង ៦​ឆ្នាំ​មក​ហើយ អ្នក​មិន​អាច​ធ្វើ​រឿង​ដដែល​ជាមួយ​សេវាកម្ម​ដែល​ចេញ​តែ​ពី​បបូរ​មាត់​នោះ​ទេ។

កញ្ញា​បាន​លើកឡើង​ទៀត​ថា កញ្ញា​មិន​ខ្វល់​ពី​រឿង​កាត់ទោស​នោះ​ទេ គឺ​ខ្វល់​ឲ្យ​ឪពុក​របស់​ខ្លួន​អាច​ចូលរួម​បោះឆ្នោត​បាន ពីព្រោះ​ឪពុក​របស់​ខ្លួន​ធ្វើ​ដើម្បី​ជាតិ គឺ​គាត់​មិន​គិត​រឿង​ផ្ទាល់ខ្លួន​របស់​គាត់​នោះ​ទេ ដូច្នេះ​អ្វី​ដែល​ចង់​ឃើញ គឺ​គាត់​មាន​វត្តមាន​ចំពោះ​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​នេះ ជាមួយ​នឹង​បរិយាកាស​មួយ​ដែល​មាន​ភាព​ត្រឹមត្រូវ។

ប្រភព​ដដែល​បាន​លើកឡើង​ថា កញ្ញា​សុំ​ធ្វើការ​អំពាវនាវ​ទៅ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី ថា ករណី​នេះ​ជាង ៦​ឆ្នាំ​ហើយ អូស្ត្រាលី​គួរ​ធ្វើ​អ្វី​មួយ​លើស​ពី​ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន និង​កិច្ច​សន្ទនា។ អូស្ត្រាលី​គួរ​ប្រើប្រាស់​បណ្ដាញ​ដើម្បី​ដាក់​សម្ពាធ​តាមរយៈ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ទ្រព្យសម្បតិ្ត​នៅ​ក្រៅ​ប្រទេស។ កញ្ញា​ជឿជាក់​ថា វា​នឹង​មាន​ឥទ្ធិពល​ដូច​អ្វី​ដែល​អាមេរិក​បាន​ធ្វើ​កន្លងមក។ កញ្ញា​ធ្លាប់​ខកចិត្ត​ចំពោះ​អូស្ត្រាលី​ដែល​បាន​ធ្វើ​កន្លងមក។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ប្រាប់​បណ្តា​ទូត​នៅ​កម្ពុជា​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ ៨​មីនា លើក​ទី​១១២ នា​ព្រឹក​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា លោក​នឹង​មិន​ស្នើសុំ​ការ​លើកលែង​ទោស​ដល់​អ្នក​នយោបាយ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដែល​បាន​ប្រមាថ​ដល់​សព​ប្អូនថ្លៃ​ស្រី និង​ក្រុម​គ្រួសារ​របស់​លោក​ពេល​ដែល​មាន​ទុក្ខ​នោះ​ឡើយ។

លោក​នាយករដ្ឋមន្ត្រី​លើកឡើង​ថា លោក​ផ្តាំ​ទៅ​ក្រុម​ប្រឆាំង និង​បណ្តា​ទូត កុំ​ឱ្យ​ស្រមៃ​ថា លោក​នឹង​ប្រើ​ប៊ិក​របស់​ខ្លួន​ដើម្បី​ចុះហត្ថលេខា​ដើម្បី​ស្នើ​លើកលែង​ទោស​ឱ្យ​អ្នក​នយោបាយ​ណា​មួយ​ឱ្យ​សោះ។

ចំណែក​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ជា​ការ​សោកស្តាយ​ណាស់​ដែល​ឃើញ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​នៅតែ​មាន​ភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ​សម្រាប់​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​ទាំងអស់។ លោក​ថា ទោះបី​សិទ្ធិ​ដែល​ចាំបាច់​បំផុត​ដែល​ត្រូវ​បាន​ធានា​ដោយ​សកលលោក និង​រដ្ឋធម្មនុញ្ញ ក៏​នៅតែ​អាច​មាន​ភាព​គំរាមកំហែង បង្ក​ការ​ភ័យខ្លាច រារាំង​ការ​អនុវត្ត​សិទ្ធិ​ខ្លួន​បាន​ពេញលេញ។

លោក យ៉េង វីរៈ បាន​លើកឡើង​ថា នៅ​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​ដែល​គោរព និង​អនុវត្ត​សិទ្ធិមនុស្ស​ពិតប្រាកដ អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​គ្រប់​រូប​នឹង​មាន​សេរីភាព​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​មិន​មាន​ភាព​ភ័យខ្លាច​ការ​ចាប់ ការ​ដាក់​ទោស​បែប​នេះ​ទេ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​បញ្ជូន​ខ្លួន​ទៅ​ឲ្យ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ទេ ដោយ​អនុញ្ញាត​ឲ្យ​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​សាច់ញាតិ​ធម្មតា តែ​ត្រូវ​ដកហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស