ក្រុមអ្នកឃ្លាំមើលព្យាករថា មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា អាចនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព ដោយសារការតស៊ូនយោបាយដើម្បីសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ រហូតរងនូវការកាត់ទោសពីរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវជាប់គុកក្នុងផ្ទះ ២៧ឆ្នាំ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily ថា ការតស៊ូនយោបាយក្នុងជីវិតលោក កឹម សុខា ដែលត្រូវតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់គុកក្នុងផ្ទះរហូតដល់ជិត ៣ទសវត្សរ៍ព្រោះតែការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យកន្លងមកនេះ គាត់អាចនឹងត្រូវបានដាក់ជាបេក្ខភាពដែលនឹងត្រូវទទួលបានពានរង្វាន់ណូបែលសន្តិភាពនៅពេលខាងមុខ។
លោក ម៉ែន ណាត រិះគន់ថា ការកាត់ទោសលោក កឹម សុខា បែបនេះ គឺជារឿងអយុត្តិធម៌បំផុតសម្រាប់រូបលោក និងប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ។ ជាងនេះទៀត ការសម្រេចឃុំខ្លួនលោក កឹម សុខា ក្នុងផ្ទះរបស់គាត់ គឺកាន់តែបង្ហាញពីភាពអយុត្តិធម៌ថែមទៀត ព្រោះតុលាការក្រោមបញ្ជារបស់លោក ហ៊ុន សែន បានប្រែក្លាយផ្ទះលោក កឹម សុខា ទៅពន្ធនាគារទៅហើយ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា នៅពេលដែលផ្ទះលោក កឹម សុខា ត្រូវបានកំណត់ជាពន្ធនាគារ មានន័យថា ក្នុងផ្ទះនេះនឹងមិនអនុញ្ញាតឱ្យមានអ្នកបម្រើ ដូចជាអ្នករៀបចំម្ហូបអាហារ និងអ្នកបើកបររថយន្តឲ្យលោក កឹម សុខា ទៀតនោះទេ។ លោកថា លើសពីនេះ សេវាទូរសព្ទក៏ត្រូវកាត់ផ្តាច់ សេវាអ៊ីនធឺណិតក៏ត្រូវហាមឃាត់ ជាពិសេសបើលោក កឹម សុខា ចង់លក់ផ្ទះនេះ ក៏មិនអាចធ្វើទៅបានដែរ។
លោក ម៉ែន ណាត គូសបញ្ជាក់ថា ម្ចាស់ផ្ទះក៏ត្រូវកាត់ទោសបិទសេរីភាព ២៧ឆ្នាំ រីឯផ្ទះក៏ត្រូវកាត់ទោសបិទសេរីភាព ២៧ឆ្នាំដូចគ្នា។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ត្រូវសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសឲ្យជាប់គុកក្នុងផ្ទះរយៈពេល ២៧ឆ្នាំ មិនអនុញ្ញាតឱ្យជួបអ្នកដទៃក្រៅតែពីសាច់ញាតិ និងត្រូវដកហូតសិទ្ធិមិនឲ្យធ្វើនយោបាយអស់មួយជីវិត។
ការផ្ដន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់លោក កឹម សុខា ដាក់ក្នុងពន្ធនាគារត្រពាំងផ្លុងកាលពីជាង ៥ឆ្នាំមុន គឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ក្រោមបទចោទពីបទក្បត់ជាតិដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
នេះមិនមែនជាលើកទីមួយទេដែលលោក កឹម សុខា រងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយពីគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន តាំងពីជិត ២០ឆ្នាំមុនមក ព្រោះតែការតស៊ូដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងនោះលោកត្រូវជាប់ពន្ធនាគារលើកដំបូងនៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០០៥ ពីការចោទប្ដឹងពីលោក ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ក្នុងនាមលោកជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅពេលនោះ ប៉ុន្តែលោកត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៦ ក្រោយពីរដ្ឋាភិបាលលោក ហ៊ុន សែន រងសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ។
ការចោទប្តឹងពីលោក ហ៊ុន សែន នេះ ធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានដឹកនាំមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាតាំងពីអំឡុងឆ្នាំ២០០២ មក ដែលលោកបានចុះអប់រំ និងពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីសិទ្ធិពលរដ្ឋ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការអប់រំទាំងផ្លូវលោក និងផ្លូវធម៌ផងដែរ។
នៅដើមឆ្នាំ២០០៧ លោក កឹម សុខា បានដឹកនាំក្បួនសិទ្ធិយាត្រា ដែលត្រូវធ្វើដំណើរដោយថ្មើរជើងរយៈពេល ១៦ថ្ងៃពីវត្តភ្នំទៅកាន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដើម្បីទាមទារសិទ្ធិសេរីភាពបញ្ចេញមតិ និងភាពអត់ឱនផ្នែកនយោបាយនៅកម្ពុជា ក្នុងនោះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៧ លោក កឹម សុខា បានបង្កើតគណបក្សនយោបាយមួយដែលមានឈ្មោះថា គណបក្សសិទ្ធិមនុស្ស ដែលលោកជាអ្នកដឹកនាំដោយផ្ទាល់។
ក្រោយគណបក្សសិទ្ធិមនុស្សរបស់លោក និងគណបក្ស សម រង្ស៊ី បានច្របាច់បញ្ចូលគ្នាទៅជាគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១២ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋជិត ៣លាននាក់ដែលទទួលសំឡេងក្នុងរដ្ឋសភាជាតិ ៥៥អាសនៈ។ លោក កឹម សុខា ក៏ត្រូវអាជ្ញាធរក្រុងភ្នំពេញឆ្មក់ចូលចាប់ខ្លួនទាំងមានអភ័យឯកសិទ្ធិសភាទាំងកណ្តាលអាធ្រាត្រ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ជុំវិញបញ្ហានេះ សារព័ត៌មាន Southeast Asia Globe កាលពីខែកក្កដា ឆ្នាំ២០១៤ បានចុះផ្សាយពីការលើកឡើងរបស់អ្នកផ្តល់ប្រឹក្សាផ្នែកនយោបាយឯករាជ្យនៅកម្ពុជា បណ្ឌិត ម៉ាខឺស ស្កាប៊ូ ថាលោក កឹម សុខា បានដាក់ខ្លួនគាត់ក្នុងភ្នក់ភ្លើងជាច្រើនលើកច្រើនគ្រា ដោយសារតែគាត់ហ៊ាននិយាយប្រឆាំងនឹងក្រុមអ្នកកាន់អំណាចបច្ចុប្បន្ននេះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា លោកនឹងមិនក្បត់ប្រទេសជាតិ មិនក្បត់ឆន្ទៈពលរដ្ឋ និងមិនបោះបង់ចោលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់លោកជាដាច់ខាត ហើយអ្វីៗដែលលោកធ្លាប់បានសន្យាចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងពលរដ្ឋខ្មែរ លោកនៅតែហ៊ាន និងបន្តសន្យាជូនជនរួមជាតិជានិច្ច។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ស្ថិតនៅឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានតស៊ូដើម្បីសេរីភាព និងយុត្តិធម៌សង្គមនៅប្រទេសកម្ពុជាពីមេដឹកនាំមជ្ឈមណ្ឌលសិទ្ធិមនុស្ស រហូតក្លាយជាអ្នកនយោបាយមួយរូបដែលបានឆ្លងកាត់ឧបសគ្គមិនចេះចប់ និងកំពុងរងការគាបសង្កត់សិទ្ធិនយោបាយពីសំណាក់បក្សកាន់អំណាចរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ៕