32.5 C
Phnom Penh

លោក ហ៊ុន សែន ស្នើ​ឱ្យ​អ្នកស្រី ទ្រី ដាណា ទទួល​យក​ការ​ណែនាំ​ពី​ក្រសួង​វប្បធម៌​រឿង​បង្ហាញ​សម្លៀក​បំពាក់​បុរាណ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​អ្នកស្រី ទ្រី ដាណា ឲ្យ​ទទួល​យក​ការ​ណែនាំ និង​កែតម្រូវ​ទៅ​តាម​ការ​កំណត់​ពី​ក្រសួង​វប្បធម៌ ប្រសិនបើ​ចង់​បង្ហាញ​សម្លៀកបំពាក់​បែប​បុរាណ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នា​ពេល​ខាងមុខ​នេះ។

តាមរយៈ​សារ​សំឡេង​ជាង ១៣​នាទី នា​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​បាន​ឲ្យ​អ្នកស្រី ទ្រី ដាណា ពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ការ​បង្ហាញ​ឈុត​សម្លៀកបំពាក់​នោះ​ខុស​នឹង​ទម្រង់ និង​បែបបទ​របស់​ខ្មែរ​នា​ពេល​ថ្មីៗ​នេះ។

លោក​ថា ការ​ផ្ទៀងផ្ទាត់​នេះ ដើម្បី​ចៀសវាង​នាំ​មក​នូវ​ការ​ភាន់ច្រឡំ ដែល​ធ្វើ​ឲ្យ​ខូច​នូវ​ច្បាប់​ដើម​របស់​ខ្មែរ ហើយ​អាច​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង​ចោទប្រកាន់​លើ​ប្រទេស​កម្ពុជា ថា​លួច​ចម្លង​ពី​ប្រទេស​របស់​គេ ដោយ​ហេតុ​ថា​នៅ​ពេល​យក​សម្លៀកបំពាក់​ទៅ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នោះ គេ​នឹង​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​សាធារណៈ​មិន​ខាន។

មួយ​វិញ​ទៀត លោក​ថា​អ្វី​ដែល​ក្រសួង​វប្បធម៌​ធ្វើ​នោះ មិនមែន​មកពី​ក្រសួង​តឹងតែង​ឡើយ ផ្ទុយទៅវិញ មកពី​ក្រសួង​ធ្វើ​ដើម្បី​ការពារ​វប្បធម៌​ដូនតា​តែប៉ុណ្ណោះ ខណៈ​ក្រសួង​វប្បធម៌​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​រាជរដ្ឋាភិបាល​ផង និង​ទទួល​ខុសត្រូវ​ចំពោះ​រដ្ឋសភា​ផង។

លោក ហ៊ុន សែន ប្រាប់​ឲ្យ​អ្នកស្រី ទ្រី ដាណា ទទួល​យក​ការ​ណែនាំ និង​កែតម្រូវ​ទៅ​តាម​ការ​កំណត់​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ប៉ុន្តែ​ក្នុង​ករណី​ថា បើសិន​ទទួល​យក​មិន​បាន​ទេ លោក​ថា​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​តាំង​បង្ហាញ​សម្លៀកបំពាក់​ដែរ ដើម្បី​ចៀសវាង​ការ​តាំង​ណា​មួយ​ខុស​នឹង​ទម្រង់​សិល្បៈ​ខ្មែរ គឺ​វា​ស្មើ​នឹង​បំផ្លាញ​នូវ​វប្បធម៌​របស់​ខ្មែរ​ទៅវិញ។

លោក ហ៊ុន សែន ចេញ​ប្រតិកម្ម​នា​ពេលនេះ បន្ទាប់ពី​អ្នកស្រី ទ្រី ដាណា បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ ដោយ​ប្រកាស​លុប​ចោល​គម្រោង​ដែល​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ក្នុង​ថ្ងៃ​សង្ក្រាន្ត​ដែល​ចំណាយ​ទឹកប្រាក់​ខ្ទង់ ១០​ម៉ឺន​ដុល្លារ ប៉ុន្តែ​អ្នកស្រី​ថា​នៅ​ពេល​សុំ​ច្បាប់​ថតរូប​បែប​ប្រពៃណី និង​វប្បធម៌​នៅ​អង្គរ​ពីរ​ឈុត​សោះ បែរ​ជា​វេទនា​ដូច​ទៅ​សុំ​ភ្លើង​យក្ស។

ជាមួយ​គ្នា​នេះ អ្នកស្រី ទ្រី ដាណា កាលពី​ថ្ងៃទី​៧ មីនា នេះ​ដែរ បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​ខ្លួន ចោទ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ថា​បាន​បង្ក​ការ​លំបាក​ដល់​ខ្លួន​ក្នុង​ការ​រៀបចំ​បង្ហាញ​ឈុត​សម្លៀកបំពាក់​បែប​បុរាណ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស