34 C
Phnom Penh

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ខេត្ត​សៀមរាប​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ខែ​មីនា នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​អាកាសចរណ៍​ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា អះអាង​ថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ​ថ្មី នឹង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នៅ​ក្នុង​ដំណាច់​ខែ​មីនា នេះ ខណៈ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ចាស់ នឹង​ត្រូវ​បិទ​ជា​ស្ថាពរ​នៅ​ចុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​អាកាសចរណ៍​ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា អះអាង​នៅ​ថ្ងៃ​ពុធ ទី​៨ មីនា នេះ​ថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ​ថ្មី កំពុង​ត្រៀម​ធ្វើ​តេស្ដ​សាកល្បង​នៅ​អំឡុង​ខែ​ឧសភា ឬ​ខែ​មិថុនា ឆ្នាំ​២០២៣ នេះ ដើម្បី​ឈាន​ទៅ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែ​តុលា ខាងមុខ ខណៈ​ការ​សាងសង់​ដំណើរការ​បាន ៨៥​ភាគរយ​ហើយ​នៅ​ពេលនេះ។

លោក ស៊ីន ចាន់សិរីវុត្ថា អះអាង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ​ថ្មី ជា​ប្រភេទ​អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់​ថ្នាក់ 4E ដែល​អាច​ទទួល​ការ​ចុះចត​យន្តហោះ​ប្រភេទ​ធំ និង​មកពី​ឆ្ងាយៗ ព្រមទាំង​ទទួល​អ្នក​ដំណើរ​បាន​ពី ៧​លាន​នាក់​ទៅ ១០​លាន​ក្នុង​មួយ​ឆ្នាំ និង​មាន​ឃ្លាំង​ផ្ទុក​ទំនិញ​បាន​រហូត​ដល់ ១០​លាន​តោន​ផង​ដែរ។

អ្នក​នាំពាក្យ​អាកាសចរណ៍​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ទុន​នៃ​ការ​សាងសង់​អាកាសយានដ្ឋាន​នេះ​បាន​កើន​ឡើង​ដល់​ជាង ១១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ហើយ ដោយសារតែ​វិបត្តិ​ផ្សេងៗ​បាន​ធ្វើ​ឱ្យ​តម្លៃ​សាងសង់​កើន​ឡើង​លើស​តម្លៃ​ដែល​បាន​គ្រោង​ទុក​ពី​ដំបូង ក្រោម​ទុន​វិនិយោគ​ប្រមាណ ៨៨០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ​ថ្មី បាន​ចាប់ផ្តើម​សាងសង់​កាលពី​ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd (AIAI) លើ​ផ្ទៃដី​ប្រមាណ ៧០០​ហិកតារ ស្ថិត​នៅ​ក្នុង​ភូមិ​ក្រៀលពង ឃុំ​ពពេល និង​ភូមិ​ប្រវ៉ាល ឃុំ​តាយ៉ែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ដែល​មាន​ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ក្រុង​សៀមរាប និង​មាន​ចម្ងាយ ៤០​គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន​អង្គរ។

ដោយឡែក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ចាស់​ដែល​កំពុង​ដំណើរការ​សព្វថ្ងៃ ជា​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​សម្បទាន​ព្រលាន​យន្តហោះ​នៃ​ប្រទេស​បារាំង Société Concessionaire de l’Aéroport (SCA) ដែល​មាន​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​ទាំង​៣ គឺ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ រហូត​ដល់​ឆ្នាំ​២០៤០ ជាមួយ​នឹង​ក្រុមហ៊ុន​ម៉ាឡេស៊ី Muhbbah Masteron ដោយ​មាន​ការ​ខ្ចី​បុល​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ International Finance Corporation (IFC) ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បង្កើត​គណៈកម្មការ​ចរចា​មួយ​ជាមួយ​ក្រុមហ៊ុន​បារាំង ដើម្បី​សម្របសម្រួល​បញ្ចប់​កិច្ចសន្យា​មុន​កាលកំណត់។

គេ​មន្ទិល​សង្ស័យ​ពី​ដើម​ទី​ថា រាជរដ្ឋាភិបាល​នឹង​ប្រគល់​សម្បទាន​អាកាសយានដ្ឋាន​ជាតិ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​វិញ។

ការ​សង្ស័យ​មិន​ខុស​មែន។ ក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​សំណង់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដក​សិទ្ធិ​គ្រប់គ្រង​ព្រលាន​យន្តហោះ​នៅ​ខេត្ត​សៀមរាប ពី​ក្រុមហ៊ុន​បារាំង ហើយ​ប្រគល់​សិទ្ធិ​វិនិយោគ​ទាំងស្រុង​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន គ្រប់គ្រង​រយៈពេល ៥៥​ឆ្នាំ ដែល​មាន​ទុន​ជាង ៨០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ជំនួស​វិញ។

លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​នេះ​ព្រលាន​យន្តហោះ​ក្នុង​ខេត្ត​សៀមរាប ដែល​កំពុង​ដំណើរការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បារាំង ប៉ុន្តែ​កម្ពុជា​នឹង​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​ជំនួស​វិញ ព្រោះ​ថា​ការ​វិនិយោគ​ជាមួយ​ចិន គឺ​ប្រៀប​ដូចជា​ចិន​មាន​ម្សៅ​ស្ទើរតែ​ទាំងស្រុង​សម្រាប់​ធ្វើ​នំ​ឲ្យ​ខ្មែរ​ហូប ខណៈ​កម្ពុជា​មាន​ត្រឹមតែ​ដី​សម្រាប់​ការ​សាងសង់​ព្រលាន​យន្តហោះ​នេះ​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​ឲ្យ​បង្កើត​គណៈកម្មការ​ចរចា​ជាមួយ​ក្រុមហ៊ុន SCA របស់​បារាំង ដើម្បី​បញ្ចប់​កិច្ចសន្យា​សម្បទាន​មុន​ពេល​កំណត់​ក្នុង​ការ​ប្រតិបត្តិការ​អាជីវកម្ម​លើ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​បច្ចុប្បន្ន ដើម្បី​ទូទាត់​សំណង​ដល់​ក្រុមហ៊ុន​នោះ ដោយ​បង្វែរ​ការ​គ្រប់គ្រង​នេះ​ទៅ​ឱ្យ​ចិន​ជា​អ្នក​គ្រប់គ្រង​ជំនួស​វិញ​ទៅ​ថ្ងៃ​មុខ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក ស៊ឹង សែនករុណា ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លងទៅ​ថា ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​បាន​បោះ​ទុន​វិនិយោគ​លើ​វិស័យ​អាកាសចរណ៍​នៅ​ប្រទេស​កម្ពុជា​មុនគេ ខណៈ​ចិន​មិន​បាន​ជួយ​ខ្មែរ​ទេ​នៅ​ពេល​នោះ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​សម្រុក​ជួយ​ប្រទេស​កម្ពុជា​យ៉ាង​ច្រើន ជាពិសេស​តាមរយៈ​នៃ​ការ​ផ្តល់​ប្រាក់​បុល​នានា ដែល​ធ្វើ​ឱ្យ​ប្រទេស​លោក​សេរី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​បន្ទាប់ពី​គេ​មើល​ឃើញ​ថា ប្រទេស​កម្ពុជា​ហាក់ដូចជា​ងាក​ទៅ​មហាអំណាច​កុម្មុយនីស្ត​នា​ពេល​ចុងក្រោយ​នេះ។

ចំណែក​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ក៏​ធ្លាប់​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ដែរ​ថា ប្រសិនបើ​ការ​សាងសង់​ព្រលាន​យន្តហោះ​នេះ​ជា​ប្រាក់​ខ្ចី​ចិន ហើយ​ផ្តល់​សិទ្ធិ​ឱ្យ​ចិន​កាន់កាប់​ប្រមូល​ផល​ប្រយោជន៍​តាម​ទំនើង​ចិត្ត​នៅ​ពេល​ដាក់​ដំណើរការ​នោះ គឺ​មាន​ន័យ​ថា ចិន​កំពុង​ធ្វើ​ស្រែ​លើ​ខ្នង​ខ្មែរ​យ៉ាង​ពិតប្រាកដ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ដាក់​វិនិយោគ​របស់​ចិន​លើ​អាកាសយានដ្ឋាន​ថ្មី​នេះ មិន​បាន​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ព្រោះ​ថា​បើ​គិត​លើ​ចំណូល​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​កម្មករ និង​ការ​លក់ដូរ​អីវ៉ាន់​បន្តិចបន្តួច​នៅ​ក្នុង​វាល​យន្តហោះ​ថ្មី​នេះ គឺ​ទទួល​បាន​ផល​តិចតួច​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុមហ៊ុន​ចិន​ដែល​ត្រូវ​ប្រមូល​លុយ​ពី​សេវាកម្ម​ទេសចរណ៍​ដែល​ចូល​មក​អាកាសយានដ្ឋាន​ថ្មី​នេះ​ក្នុង​រយៈពេល ៥៥​ឆ្នាំ​នោះ ខណៈ​អ្នក​ប្រកប​អាជីវកម្ម​ធំៗ​សុទ្ធសឹងតែ​ជា​ឈ្មួញ​ចិន​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស