កាលពីថ្ងៃទី២៤ ខែកុម្ភៈ ជាថ្ងៃខួបមួយឆ្នាំដែលរុស្ស៊ីលើកទ័ព ២៥ម៉ឺននាក់លុកលុយប្រទេសអ៊ុយក្រែន ដែលនៅថ្ងៃនោះចិនបានបញ្ចេញផែនការសន្តិភាព ១២ចំណុច ដើម្បីបញ្ចប់ភ្លើងសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។
ផែនការ ១២ចំណុចនេះត្រូវបានផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនៅពេលដែលអង្គមហាសន្និបាតអង្គការសហប្រជាជាតិកំពុងតែប្រជុំ ហើយឈានដល់ការអនុម័តលើសេចក្ដីសម្រេចមួយជាថ្មីម្ដងទៀត ដោយទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីប្រទេសអ៊ុយក្រែន។
ផែនការ ១២ចំណុចរបស់ចិន ទោះជាត្រូវបានទម្លាយតាមរយៈបណ្ដាញផ្សាយព័ត៌មានអន្តរជាតិ តែពុំបានលម្អិតត្រង់ចំណុចណាមួយនោះទេ។ ក្នុង ១២ចំណុចនេះ គេរកឃើញយ៉ាងហោចណាស់ ២ចំណុចស្ថិតក្នុងភាពអាថ៌កំបាំង ព្រោះតែចិនពុំបានលម្អិតអំពីអធិបតេយ្យភាពនៃប្រទេសអ៊ុយក្រែន រួមនឹងការឲ្យរុស្ស៊ីដកទ័ពទាំងស្រុងចេញពីអ៊ុយក្រែន។
ចំណុចដែលនាំឲ្យពួកបស្ចិមប្រទេស ជាពិសេសគឺសហរដ្ឋអាមេរិកចាត់ទុកផែនការសន្តិភាពរបស់ចិននេះថាជាការផ្ដល់ផលប្រយោជន៍ទៅឱ្យរុស្ស៊ី គឺនៅត្រង់ចំណុចដែលលោក បៃដិន អះអាងថា ការមិនបញ្ជាក់អំពីរុស្ស៊ីត្រូវដកទ័ពចេញពីអ៊ុយក្រែន និងការគោរពអធិបតេយ្យភាពរបស់អ៊ុយក្រែន គឺជារឿងដ៏សំខាន់។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងដោយចំអកថា ផែនការសន្តិភាពរបស់ចិននេះវាដូចជាល្បែងឆ្ពិនភ្នែកតែប៉ុណ្ណោះ។
លោក បៃដិន ថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនអាចចាត់ទុកផែនការសន្តិភាពរបស់ចិនជារូបមន្តនៃការឆ្ពោះទៅរកការបញ្ចប់សង្គ្រាមបាននោះទេ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Bliken ក៏បានវាយប្រហារចិនថា កំពុងតែលេងល្បែងជាមួយនឹងរុស្ស៊ី គឺចង់រៀបក្រឡាឱ្យរុស្ស៊ីដើរ ហើយពង្រឹងយុទ្ធសាស្ត្រសង្គ្រាមរបស់រុស្ស៊ីឡើងវិញតែប៉ុណ្ណោះ។
លោកថា ផែនការនេះមិនគួរត្រូវព្យាយាមឲ្យចេញនោះទេ ហើយថាចិនខ្លួនឯងត្រូវតែប្រកាន់ឱ្យភ្ជាប់នូវការមិនផ្ដល់អាវុធណាមួយទៅឲ្យរុស្ស៊ី។
លោកព្រមានថា បើចិនលួចផ្ដល់អាវុធ ឬក៏បញ្ចេញអាវុធទៅឱ្យរុស្ស៊ី គឺចិនត្រូវប្រឈមនឹងផលវិបាកធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក និងកម្លាំងយុត្តិធម៌នៅលើពិភពលោក ដែលប្រឆាំងរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន។
ចាប់តាំងពីចិនប្រកាសផែនការសន្តិភាព ១២ចំណុចនេះ មានប្រទេសតិចតួចណាស់ដែលគាំទ្រចិន ក្នុងនោះគឺប្រទេសរុស្ស៊ីផ្ទាល់តែម្ដង រួមជាមួយប្រទេសបេឡារុស ដែលជាអាយ៉ងរបស់រុស្ស៊ី ហើយនិងប្រទេសមួយចំនួនទៀតដែលមាននិន្នាការប្រកាន់ការដឹកនាំតាមបែបផ្ដាច់ការ និងកុម្មុយនីស្តនិយម។
នៅពេលដែលចិនបញ្ចេញផែនការ ១២ចំណុចនេះភ្លាម ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានស្នើសុំជួបប្រធានាធិបតី ស៊ី ជីនពីង នៅពេលដែលលោក ស៊ី ត្រូវមកទស្សនកិច្ចនៅទីក្រុងមូស្គូ នាខែមេសា។
មកដល់ពេលនេះ ចិនមិនទាន់ឆ្លើយតបសំណើរបស់លោក ហ្សេឡេនស្គី នៅឡើយនោះទេ ថាតើលោក ស៊ី ជីនពីង យល់ព្រមជួប ឬមិនជួប។
បើតាមអ្នកសង្កេតការណ៍ឲ្យដឹងថា លោក ហ្សេឡេនស្គី ចង់ជួបលោក ស៊ី ដែលអាចនាំឲ្យមានការដាក់បញ្ចូលនូវចំណុចជាក់លាក់ជាច្រើន ក្នុងនោះការដកទ័ពរុស្ស៊ីទាំងស្រុងចេញពីអ៊ុយក្រែន និងការដែលត្រូវឱ្យរុស្ស៊ីទទួលស្គាល់អធិបតេយ្យភាពដែនដីអ៊ុយក្រែន ដោយយោងតាមកិច្ចព្រមព្រៀងព្រំដែនរួមជាមួយគ្នាឆ្នាំ១៩៩១ ដោយបានកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ហើយឧបទ្វីបគ្រីមៀរ ដែលរុស្ស៊ីយកបានពីអ៊ុយក្រែន នៅឆ្នាំ២០១៤ តាមរយៈការបោះឆ្នោតប្រជាមតិ ក៏វាស្ថិតនៅក្នុងដែនដីនៃប្រទេសអ៊ុយក្រែន ផងដែរ។
ប៉ុន្តែកន្លងមក រុស្ស៊ីតែងតែដាក់គំនាបទៅលើអ៊ុយក្រែន ឲ្យទទួលស្គាល់គ្រីមៀរ ជាផ្លូវការថាជាដែនដីរបស់រុស្ស៊ី តែប្រធានាធិបតីអ៊ុយក្រែន ក្រោយឆ្នាំ២០១៤ រួមទាំងលោក ហ្សេឡេនស្គី ប្រកាសដាច់ខាតមិនទទួលស្គាល់គ្រីមៀរ ជាដែនដីរបស់រុស្ស៊ីនោះទេ។ ដូច្នេះអ្នកសង្កេតការណ៍មើលឃើញថា លោក ហ្សេឡេនស្គី ពិតណាស់នឹងដាក់ ២ចំណុចនេះបន្ថែមទៀតចូលទៅក្នុងផែនការសន្តិភាព ១២ចំណុចរបស់ចិន។
តែបែបនេះ ពិតណាស់វានឹងនាំឱ្យចិនមិនអាចទទួលយកបាននោះទេ ព្រោះចិនចង់ឱ្យភាគីអ៊ុយក្រែន និងរុស្ស៊ី ជជែកគ្នាចំណុចទាំងពីរនេះនៅឯតុចរចា ជាជាងចិនបញ្ចូលចំណុចនេះដែលនាំឱ្យរុស្ស៊ីមិនអាចទទួលយកបាននោះ។
ដោយសារតែខ្វះភាពចន្លោះត្រង់ ២ចំណុចនេះហើយ ដែលអ្នកសង្កេតការណ៍របស់ពួកបស្ចិមប្រទេស រួមទាំងប្រមុខការទូតអាមេរិក Antony Bliken ព្រមានថា ផែនការសន្តិភាពរបស់ចិន មិនអាចយកទៅបញ្ចូលក្នុងរូបមន្តបញ្ចប់សង្គ្រាមលើទឹកដីអ៊ុយក្រែន បាននោះទេ។
បើដូចនេះ ផែនការសន្តិភាព ១២ចំណុចរបស់ចិន ទំនងមិនអាចដំណើរការបានទេ ហើយការចរចាក៏មិនអាចប្រព្រឹត្តទៅបានដែរ ហើយសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន នៅតែបន្ត គឺបន្តរហូតរកឃើញអ្នកឈ្នះ និងអ្នកចាញ់ពិតប្រាកដ៕