34 C
Phnom Penh

លោក ហ៊ុន សែន ខ្ចី​លុយ​ចិន​ជាង​២០០​លាន​ដុល្លារ​កសាង​ផ្លូវ​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្ត​កំពង់ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ឲ្យ​កសាង​ផ្លូវ​លេខ​៥០​សេ (50C) ប្រវែង ៥៨​គីឡូម៉ែត្រ ដែល​មាន​ទាំង​ផ្លូវ និង​ស្ពាន​ឆ្លង​បឹង​ទន្លេសាប​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​ខេត្ត​កំពង់ធំ នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ ក្រោម​កម្ចី​ក្នុង​ទំហំ​ទឹកប្រាក់ ២៥០​លាន​ដុល្លារ​អាមេរិក​របស់​មិត្ត​ដែកថែប​ចិន។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល លើកឡើង​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃទី​៩ មីនា នេះ​ថា លោក​បាន​ធ្វើ​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួច​ហើយ​ដើម្បី​ស្នើសុំ​កម្ចី​ពី​មិត្ត​ដែកថែប​ចិន យក​មក​សាងសង់​ផ្លូវ​នេះ​ឲ្យ​បាន​នៅ​ឆ្នាំ​២០២៤ ខាងមុខ។

លោក ស៊ុន ចាន់ថុល អះអាង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ឯកភាព​លើ​គម្រោង​សាងសង់​ផ្លូវ​លេខ ៥០​សេ នេះ​ហើយ បន្ទាប់ពី​ស្ថាប័ន​ជំនាញ ដូចជា​ក្រសួង​បរិស្ថាន ព្រមទាំង​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សិក្សា​ស្រាវជ្រាវ​ឃើញ​ថា មិន​មាន​ផល​ប៉ះពាល់​ដល់​មុខងារ​ប្រព័ន្ធ​អេកូឡូស៊ី​ទន្លេសាប​ធ្ងន់ធ្ងរ​ទេ​នោះ។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូប​នេះ​បញ្ជាក់​ថា ផ្លូវ​៥០​សេ នេះ​មាន​ប្រវែង ៥៨​គីឡូម៉ែត្រ ដែល​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​ជា ២៥០​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ចំណាយ​ទៅ​លើ​ផ្លូវ​អស់​ប្រមាណ​ជា ១៥០​លាន​ដុល្លា​អាមេរិក និង​ស្ពាន​អស់​ប្រមាណ​ជា ១០០​លាន​ដុល្លារ​អាមេរិក​ផង​ដែរ ហើយ​ស្ពាន​នេះ​នឹង​ក្លាយ​ជា​ស្ពាន​វែង​ជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ប្រវែង ៣៣០០​ម៉ែត្រ។

ទីតាំង​ធ្វើ​ផ្លូវ​៥០​សេ នេះ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ទន្លេសាប​លើ​ចម្ងាយ​ដី​ប្រមាណ​ជា ១៥០​ហិកតារ ដែល​នឹង​តភ្ជាប់​ពី​ស្រុក​កំពង់លែង​នៃ​ខេត្ត​កំពង់ឆ្នាំង ឆ្ពោះ​ទៅ​ក្រុង​ស្ទឹងសែន នៃ​ខេត្ត​កំពង់ធំ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ មីនា នេះ​ថា ការ​សាងសង់​ផ្លូវ ស្ពាន គឺជា​រឿង​ល្អ ប៉ុន្តែ​រាល់​ការ​សាងសង់​ដោយ​ខ្ចី​លុយ​ពី​បរទេស គឺជា​បញ្ហា​ដែល​គួរ​ត្រិះរិះ និង​ពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ ព្រោះ​ការ​ខ្ចី​បំណុល​បរទេស​បែប​នេះ គឺ​ត្រូវ​សង​ត្រឡប់​ទៅវិញ​ជាមួយ​ការប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​រយៈពេល​វែង។

លោក សេក សុជាតិ លើកឡើង​ថា ការ​សាងសង់​ស្ពាន​ឆ្លងកាត់​បឹង​ទន្លេសាប​ជា​រឿង​សំខាន់ និង​ត្រូវ​ចំណាយ​ធនធាន​ច្រើន ដូច្នេះ​រដ្ឋាភិបាល​គួរ​បង្ហាញ​របាយការណ៍​សិក្សា​ទាក់ទង​នឹង​សេដ្ឋកិច្ច​ដែល​អាច​ទទួល​បាន​ពី​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ផង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​បង្ហាញ​របាយការណ៍​ស្ដីពី​ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ និង​សត្វ​កម្រ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ។ លោក​បន្ថែម​ថា បើ​មាន​ផល​ប៉ះពាល់ តើ​រដ្ឋ​បាន​ត្រៀម​ដោះស្រាយ​ដោយ​វិធី​ណា? និង​បាន​ត្រៀម​ខ្លួន​បាន​ល្អ​ប៉ុនណា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង។

ជុំវិញ​បញ្ហា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​បាន​សម្ដែង​ការ​ព្រួយបារម្ភ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ខ្ចី​បុល​បរទេស​តិច ឬ​ច្រើន ជា​រឿង​សំខាន់​មួយ​ទៅ​ហើយ ប៉ុន្តែ​ការ​ប្រើប្រាស់​ថវិកា​ទាំងនោះ​ប្រកប​ដោយ​តម្លាភាព គឺជា​រឿង​សំខាន់ ហើយ​ចាំបាច់​ទៀត ត្បិត​បំណុល​ទាំងនោះ​គឺ​ពលរដ្ឋ​ម្នាក់ៗ​មាន​កាតព្វកិច្ច​ត្រូវ​សង​តាមរយៈ​នៃ​ការ​បង់​ពន្ធ​គ្រប់​បែប​យ៉ាង។ ដូច្នេះ ការ​ប្រើប្រាស់​ថវិកា​កម្ចី​បរទេស​ទាំងនោះ​គ្មាន​តម្លាភាព គឺជា​ហានិភ័យ​ធំ​ណាស់​សម្រាប់​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​ក្រោយ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៣ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត បាន​លើកឡើង​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣ ថា កម្ពុជា​ជា​ប្រទេស​ដែល​ជំពាក់​បំណុល​បរទេស​តិច​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន លើកលែងតែ​ប្រទេស​ប្រ៊ុយណេ មួយ​ប៉ុណ្ណោះ។

បែប​នេះ​ក្តី កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២២ អង្គការ​តម្លាភាព​កម្ពុជា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​សរុប​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​បំណុល​ជា​លក្ខណៈ​ទ្វេភាគី​មាន​រហូត​ដល់​ទៅ ៧០% ហើយ​ក្នុង​បំណុល​ទ្វេភាគី ៧០% នេះ កម្ពុជា​បាន​ជំពាក់​មហាអំណាច​កុម្មុយនីស្ត​ចិន​ដល់​ទៅ​ជាង ៤២% ឯណោះ ដែល​ជា​តួលេខ​ខ្ពស់​មួយ​នៃ​បំណុល​កម្ពុជា​ដែល​កំពុង​ជំពាក់​ប្រទេស​ដទៃ​ទៀត​ក្នុង​ពេល​ដំណាល​គ្នា​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស