29 C
Phnom Penh

លោក ហ៊ុន សែន បដិសេធ​សំណើ​ដែល​សុំ​ឱ្យ​សាងសង់​ទំនប់​ទប់​ទឹក​បឹង​ទន្លេសាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បដិសេធ​សំណើ​ដែល​សុំ​ឲ្យ​លោក​សាងសង់​ទំនប់​ទប់​ទឹក​បឹង​ទន្លេសាប ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​នានា​តាម​ផ្លូវទឹក​របស់​ប្រជាពលរដ្ឋ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២៣ ថា គម្រោង​ធ្វើ​ទំនប់​ទប់​ទឹក​ទន្លេសាប​ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​ធ្លាក់​ទៅ​ទន្លេមេគង្គ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​នានា​តាម​ផ្លូវទឹក​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ថា បឹង​ទន្លេសាប និង​ទន្លេសាប​សព្វថ្ងៃ​នេះ កំពុង​តែ​ឈាន​ទៅ​រក​ការ​គោក​រាក់​បន្តិច​ម្តងៗ ប៉ុន្តែ​កម្ពុជា​នៅ​មិនទាន់​មាន​ធនធាន​ហិរញ្ញវត្ថុ​ក្នុង​ការ​ស្ដារ​បឹង​នេះ​ឲ្យ​ជ្រៅ​ដូច​កាលពី​មុន​នៅឡើយ​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា បើ​ទោះបីជា​កម្ពុជា​មិនទាន់​មាន​លទ្ធភាព​ស្ដារ​បឹង​នេះ​ឡើងវិញ​នៅ​ពេលនេះ​ក៏ដោយ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា រដ្ឋាភិបាល​នឹង​ទុក​ឱ្យ​បឹង​ទន្លេសាប​គោក​រាក់​នោះ​ដែរ គ្រាន់តែ​ថា​នៅ​ពេលនេះ កម្ពុជា​មិនទាន់​មាន​លទ្ធភាព​ប៉ុណ្ណោះ។ លោក ហ៊ុន សែន គូស​បញ្ជាក់​ថា កម្ពុជា​នៅតែ​ប្រឹង​ជម្នះ​បូម​ស្ដារ​បឹង​នេះ និង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវទឹក​ឲ្យ​បាន​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​មុខ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​បឹង​ទន្លេសាប​ក្នុង​ពេល​បច្ចុប្បន្ន ត្រូវ​គេ​មើល​ឃើញ​ថា កាន់តែ​គោក​រាក់​ទៅៗ ខណៈ​ទឹក​ក្នុង​បឹង​នៅ​រដូវប្រាំង​កាន់​តែ​គោក​ដល់​បាត​បឹង​ទៅ​ហើយ​នោះ។

បឹង​ទន្លេសាប គឺជា​អាង​ស្តុក​ទឹក​ធម្មជាតិ និង​ជា​ជម្រក​មច្ឆជាតិ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា ដែល​មាន​ទំហំ​សរុប​ចំនួន ៣​ពាន់​គីឡូម៉ែត្រ​ការ៉េ​នៅ​រដូវប្រាំង និង​មាន​ទំហំ​ចំនួន ១​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​នៅ​រដូវវស្សា ដែល​ជា​មជ្ឈមណ្ឌល​ត្រី​ធំ​ជាងគេ​នៅ​លើ​ពិភពលោក ដោយសារតែ​បឹង​នេះ​សម្បូរ​ទៅ​ដោយ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ដ៏​សុខសាន្ត និង​ជា​អាហារ​ដ៏​សម្បូរ​បែប​សម្រាប់​មច្ឆជាតិ​គ្រប់​ប្រភេទ។

យ៉ាងណាក៏ដោយ បឹង​ទន្លេសាប​តែង​មាន​ដំណើរ​វិលត្រឡប់​របស់​ខ្លួន​ជា​រៀងរាល់​ឆ្នាំ។ ជាក់ស្តែង​នៅ​រដូវវស្សា​ចាប់ពី​ខែ​មិថុនា ដល់​ចុង​ខែ​កញ្ញា ទឹក​ដែល​បាន​មកពី​ការ​រលាយ​ផ្ទាំង​ទឹកកក​នៅ​តំបន់​ទីបេ និង​ទឹកភ្លៀង តែង​ហូរ​ចូល​មក​ក្នុង​ទន្លេមេគង្គ។ នៅ​ទីបំផុត ទឹក​ទាំងនោះ​នឹង​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​បឹង​ទន្លេសាប​គ្រប់​ច្រកល្ហក។

ប៉ុន្តែ​ចាប់ពី​ដើម​ខែ​តុលា ទៅ ទឹក​បឹង​ទន្លេសាប​នឹង​ចាប់ផ្តើម​ហូរ​ចេញពី​ផ្ទៃ​បឹង​ទៅ​កាន់​ទន្លេមេគង្គ​វិញ ដែល​នឹង​ហូរ​ឆ្លង​តាម​ទន្លេសាប​កាត់​ខេត្ត​កំពង់ឆ្នាំង និង​កាត់​តាម​មួយ​ផ្នែក​នៃ​ខេត្ត​កំពង់ស្ពឺ ខេត្ត​កណ្តាល រហូត​ដល់​ទន្លេ​ចតុមុខ នឹង​ចាប់ផ្តើម​ហូរ​ធ្លាក់​ទៅ​ទន្លេមេគង្គ រហូត​ដល់​ប្រទេស​វៀតណាម ហើយ​ប្រជាជន​វៀតណាម ដែល​ប្រកប​របរ​កសិកម្ម​តាម​ដង​ទន្លេមេគង្គ គឺ​ពឹង​ផ្អែក​ទៅ​លើ​ទឹក​ដែល​ហូរ​ចេញពី​បឹង​ទន្លេសាប​នៅ​រដូវប្រាំង​នេះ​យ៉ាង​ខ្លាំង​ជា​ទីបំផុត ដើម្បី​ស្រោចស្រព​ដំណាំ​កសិកម្ម​របស់​ពួកគេ។ បើ​គ្មាន​ទឹក​ហូរ​ចេញពី​បឹង​ទន្លេសាប​ទេ ពួកគេ​ក៏​គ្មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ធ្វើ​កសិកម្ម​ដែរ​នៅ​រដូវប្រាំង។

ក្រុម​អ្នកជំនាញ​ខាង​ជលសាស្ត្រ ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១០ មីនា នេះ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ទ្វារ​ទឹក​សម្រាប់​បិទ​បើក​កុំ​ឲ្យ​ទឹក​បឹង​ទន្លេសាប​ហូរ​ចេញ​ដោយ​សេរី​ដូច​សព្វថ្ងៃ​នេះ ត្រី​ក្នុង​បឹង​ក៏​មិន​ថយ​ចុះ ពលរដ្ឋ​ខ្មែរ​ដែល​ប្រកប​របរ​កសិកម្ម​ក៏​មាន​ទឹក​ធ្វើ​ស្រែ​គ្រប់គ្រាន់ ប៉ុន្តែ​ផ្ទុយទៅវិញ នៅ​ពេល​ដែល​ទឹក​ហូរ​ចេញពី​បឹង​ទន្លេសាប​ដោយ​គ្មាន​ការ​គ្រប់គ្រង​ដូច​ពេលនេះ ជីវចម្រុះ​ក្នុង​បឹង​ក៏​បាត់​អស់ កសិករ​ក៏​គ្មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ស្រែ ខណៈ​បឹង​ដ៏​ធំ​នេះ​ក៏​ប្រឈមមុខ​នឹង​ការ​គោក​រាក់​ថែម​ទៀត។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ធ្វើ​ទ្វារ​បិទ​បើក​ដើម្បី​បញ្ជា​ទឹក គឺជា​ការ​មិន​ពេញចិត្ត​របស់​វៀតណាម ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​ទឹក​ប្រើ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​កសិកម្ម ប៉ុន្តែ​ការ​បណ្តោយ​ឲ្យ​ទឹក​បឹង​នេះ​ហូរ​ដោយ​សេរី​បែប​នេះ គឺ​គ្មាន​ផល​ចំណេញ​សម្រាប់​កម្ពុជា​ទេ តែ​នឹង​មាន​ផល​ប្រយោជន៍​ដ៏​ធំធេង​សម្រាប់​វៀតណាម​ទៅវិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​រាជបណ្ឌិត្យសភា បណ្ឌិត សុខ ទូច ធ្លាប់​បាន​អះអាង​កាលពី​ចុង​ឆ្នាំ​២០២២ ថា បឹង​ទន្លេសាប គឺជា​ទ្រព្យ​ដ៏​មហាសាល​របស់​កម្ពុជា ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ការពារ​នូវ​ការ​គោក​រាក់​របស់​បឹង​ទន្លេសាប​នេះ​ឱ្យ​បាន​ទាន់​ពេល​ទេ នឹង​ធ្វើ​ឱ្យ​បាត់បង់​ផល​ត្រី​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត ក្រៅពី​នេះ​ក៏​មិន​អាច​ធានា​នូវ​ទំហំ​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម​បាន​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស