27 C
Phnom Penh

សមត្ថកិច្ច​ចាប់​ផ្សឹក​ព្រះសង្ឃ សយ សាត ទាំង​កណ្ដាល​យប់ រួច​វាយ​ខ្នោះ​បញ្ជូន​ទៅ​ស្នងការ​បាត់ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន បាន​ចាប់​ផ្សឹក​ព្រះតេជព្រះគុណ សយ សាត ទាំង​កណ្ដាល​យប់ រួច​វាយ​ខ្នោះ និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង ភ្លាមៗ តាម​ដីកា​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ ដោយ​បង្គាប់​ឲ្យ​ព្រះអង្គ​ចូល​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ បន្ទាប់ពី​ព្រះអង្គ​បាន​ធ្វើ​ធម្មយាត្រា​តែ​មួយ​អង្គ​ឯង​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ព្រំដែន​ថៃ។

ព្រះតេជព្រះគុណ សយ សាត ត្រូវ​បាន​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា និង​ព្រះ​អនុគណ​ក្រុង​ចាប់​ផ្សឹក​ដោយ​បង្ខំ​នៅ​អំឡុង​ម៉ោង ៩​យប់​នា​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២៣ រួច​សមត្ថកិច្ច​បាន​វាយ​ខ្នោះ និង​រុញ​ចូល​រថយន្ត​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ទាំង​យប់។

ការ​ចាប់​ផ្សឹក​ព្រះតេជព្រះគុណ សយ សាត ទាំង​បង្ខំ​នេះ ក្រោម​ហេតុផល​ថា តាម​ដីកា​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ។

ក្នុង​ដីកា​កោះហៅ​ចេញ​ដោយ​ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ លោក រ៉ា លីសួន ចេញ​កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ បង្គាប់​ឲ្យ​ព្រះតេជព្រះគុណ សយ សាត ចូល​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​នៅ​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ជា​កំហិត ដើម្បី​ចូលរួម​សវនាការ។

ដីកា​ដដែល​ថា ការ​បង្គាប់​ឲ្យ​ចូលរួម​សវនាការ​ក្រោម​បទ​ចោទប្រកាន់ «កាប់ គាស់ ឆ្ការ រុករាន​ព្រៃ ដើម្បី​យក​ធ្វើ​កម្មសិទ្ធិ» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ល្ងឺម ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២២។

ការ​ចាប់​ផ្សឹក​ព្រះតេជព្រះគុណ សយ សាត ទាំង​បង្ខំ​នេះ បន្ទាប់ពី​តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​ចោទប្រកាន់​លើ​ព្រះអង្គ​ថា​បាន​កាន់​ទន្ទ្រាន​ដី​ព្រៃ ហើយ​តម្រូវ​ឲ្យ​ព្រះតេជព្រះគុណ​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​ថ្ងៃទី​០៦ ខែ​មីនា នេះ។

ព្រះតេជព្រះគុណ សយ សាត ព្រះជន្ម ៧២​ព្រះវស្សា គង់​នៅ​វត្ត​ភ្នំផ្លោច ក្នុង​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​នេះ​បណ្ដេញ​ចេញពី​វត្ត​កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ក្រោយ​ពេល​ព្រះតេជព្រះគុណ​ចូលរួម​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​ជាមួយ​សមាគម​គ្រូបង្រៀន​កាលពី​ដើម​ខែ​កុម្ភៈ។

ក្រោយ​ការ​បណ្ដេញ​ពី​វត្ត ព្រះអង្គ​បាន​សុំ​វត្ត​មួយ​ចំនួន​ទៀត​ដើម្បី​គង់​នៅ​ដែរ ប៉ុន្តែ​អ្នក​គ្រប់គ្រង​នៅ​វត្ត​ទាំងនោះ​មិន​បាន​អនុញ្ញាត​ឲ្យ​ព្រះអង្គ​គង់​ឡើយ។

ក្រៅពី​ចូលរួម​ធ្វើ​ធម្មយាត្រា​ហើយ ព្រះតេជព្រះគុណ សយ សាត ជា​អ្នក​សកម្ម​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃ​មេត្តា​ធម្មជាតិ ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​សំណាក់​គ្រួសារ​កងទ័ព​នៃ​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ព​ជើងគោក​បច្ចុប្បន្ន។ លើស​ពី​នេះ ព្រះតេជព្រះគុណ​ក៏​ធ្លាប់​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​យុទ្ធនាការ​សង្គ្រោះ​តំបន់​អារ៉ែង ខេត្ត​កោះកុង នៅ​អំឡុង​ឆ្នាំ​២០១៤-២០១៥។

ទោះបីជា​សកម្ម​ក្នុង​ការ​ការពារ​ព្រៃឈើ​ក្ដី ប៉ុន្តែ​ព្រះតេជព្រះគុណ សយ សាត មិន​ត្រូវ​បាន​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ការពារ និង​លើក​ទឹកចិត្ត​ឡើយ។ ផ្ទុយទៅវិញ បែរ​ជា​ត្រូវ​បាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ចោទប្រកាន់​ទៅ​លើ​ព្រះអង្គ​ថា បាន​កាប់​ឆ្ការ​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ទៅវិញ ហើយ​សមត្ថកិច្ច​បាន​ចាប់​ផ្សឹក​ព្រះអង្គ​ទាំង​បង្ខំ​កាលពី​យប់​ថ្ងៃទី​៩ ខែ​មីនា នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស