28 C
Phnom Penh

សមត្ថកិច្ច​ចាប់​ខ្លួន​ព្រះ​ភិក្ខុ​ដែល​តែង​ចូលរួម​ការពារ​ព្រៃឈើ សយ សាត ដោយ​គ្មាន​ដីកា​តុលាការ​និង​គ្មាន​មូលហេតុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះតេជព្រះគុណ សយ សាត ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពង់ធំ ចាប់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ទី​២០ វិច្ឆិកា ដោយ​គ្មាន​ដីកា​ពី​តុលាការ ខណៈ​ពុទ្ធបរិស័ទ​មិន​ដឹង​ថា​សមត្ថកិច្ច​បញ្ជូន​ព្រះអង្គ​ទៅ​ទីណា​ទេ​រហូត​ដល់​ពេល​នេះ។

ព្រះតេជព្រះគុណ​អង្គ​នេះ កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ ធ្លាប់​ត្រូវ​សមត្ថកិច្ច​ចាប់​ផ្សឹក​ម្តង​រួច​មក​ហើយ បន្ទាប់ពី​ព្រះអង្គ​បាន​ចូលរួម​ហែ​ក្បួន​ធម្មយាត្រា​ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។

សកម្មជន​សង្គម​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២០ វិច្ឆិកា នេះ​ថា បន្ទាប់ពី​ចាប់​ខ្លួន​ព្រះ​ភិក្ខុ​អង្គ​នេះ​រួច សមត្ថកិច្ច​ក៏​បាន​ដកហូត​ទូរស័ព្ទ​របស់​ព្រះអង្គ។ ជាង​នេះ​ទៅ​ទៀត សមត្ថកិច្ច​ក៏​បាន​បំពាន​ផ្ញើ​សារ​តាម​ទូរស័ព្ទ​នោះ ដោយ​ប្រើ​គណនី​ហ្វេសប៊ុក​របស់​ព្រះអង្គ​ទៅ​កាន់​ពុទ្ធបរិស័ទ​ថែម​ទៀត។ សមត្ថកិច្ច​បាន​ផ្ញើរ​សារ​តាម Messenger ហ្វេសប៊ុក​របស់​ព្រះអង្គ ហើយ​បាន​ប្រមាថ​ព្រះអង្គ​ថា​ជា​សង្ឃ​ក្លែងក្លាយ​ដែល​គាំទ្រ​លោក សម សារី និង​លោក សម រង្ស៊ី។ អាជ្ញាធរ​បាន​ព្រមាន​តាម​ហ្វេសប៊ុក​ឆាត​នោះ​ថា អ្នក​ណា​ដែល​វាយប្រហារ​លោក ហ៊ុន សែន គឺ​រូប​គេ​មិន​លើកលែង​ឱ្យ​ជាដាច់ខាត។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ វិច្ឆិកា នេះ​ថា មិន​ថា​ការ​ចាប់​ខ្លួន​ព្រះសង្ឃ សយ សាត ឬ​ការ​ចាប់​សកម្មជន​សង្គម​នានា រួម​ទាំង​សកម្មជន​នយោបាយ​ផ្សេង​ទៀត គ្មាន​អ្វី​ក្រៅពី​រឿង​នយោបាយ​ឡើយ ព្រោះ​អាជ្ញាធរ​ក្រោម​បង្គាប់​បញ្ជា​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គ្រាន់តែ​ជា​កម្លាំង​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន សម្រាប់​ប្រើ​ក្នុង​សេណារីយ៉ូ​នយោបាយ​តែប៉ុណ្ណោះ មិនមែន​ដើម្បី​ការពារ​សន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ទេ។

លោក ម៉ែន ណាត លើកឡើង​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត មិន​បាន​ជួយ​ធ្វើ​ឱ្យ​មុខមាត់​របស់​ប្រទេស​កម្ពុជា​ល្អ​ជាង​ពេល​ដែល​លោក ហ៊ុន សែន ឪពុក​របស់​គាត់​ដឹកនាំ​នោះ​ទេ។ លោក​បន្ថែម​ថា ការ​អនុវត្ត​បទបញ្ជា​របស់​អាជ្ញាធរ​កម្ពុជា​សព្វថ្ងៃ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​អំណាច​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​នៅតែ​គ្រប់គ្រង​លើ​រដ្ឋាភិបាល​ថ្មី​នេះ ខណៈ​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​បង្ហាញ​ឱ្យ​ឃើញ​ថា​ជា​នាយករដ្ឋមន្ត្រី​ដែល​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ។

ព្រះតេជព្រះគុណ សយ សាត មាន​ស្រុកកំណើត​នៅ​ខេត្ត​ស្វាយរៀង ប៉ុន្តែ​ព្រះអង្គ​បាន​ចូល​សាង​ផ្នួស​ក្នុង​ព្រះពុទ្ធ​សាសនា​ក្នុង​ព្រះជន្ម ៥៦​ព្រះវស្សា នៅ​វត្ត​មេត្តាធម្មជាតិ ក្នុង​ខេត្ត​កំពង់ស្ពឺ ក្រោយ​សាង​ផ្នួស ព្រះអង្គ​បាន​ចូលរួម​ការពារ​ព្រៃឈើ​នៅ​ក្នុង​សហគមន៍​ព្រៃ​មេត្តាធម្មជាតិ ដើម្បី​ការពារ​ព្រៃឈើ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ ឈូស​ឆាយ​ដី​ព្រៃ និង​ការ​បំផ្លាញ​ពុទ្ធបដិមា​នៅ​វត្ត​មេត្តាធម្មជាតិ ឬ​សហគមន៍​ឧត្ដមស្រែពស់ នៅ​ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ពី​សំណាក់​ទាហាន​ដែល​ប្រចាំ​ការ​នៅ​តំបន់​នោះ។

ក្រោម​សកម្មភាព​នេះ ព្រះអង្គ​ត្រូវ​រង​បណ្ដឹង​នៅ​តុលាការ ដោយ​ចោទប្រកាន់​ពី​បទ​កាន់កាប់ រាន​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ទៅ​វិញ ដោយសារតែ​បញ្ហា​នេះ ព្រះអង្គ​បាន​លាចាក​សិក្ខាបទ​មួយ​រយៈ​រហូត​ដល់​ឆ្នាំ​២០២២ ហើយ​ពេល​នោះ ព្រះអង្គ​ក៏​បាន​ចូល​សាង​ផ្នួស​ជា​ថ្មី​ទាំង​នៅ​ជាប់​បណ្ដឹង​នៅ​ឡើយ។

រហូត​ដល់​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ព្រះអង្គ​ក៏​បាន​ចូលរួម​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ម្តង​ទៀត ដោយ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ពោធិ៍សាត់ ប៉ុន្តែ​នៅ​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ ស្នងការ​ខេត្ត​បាត់ដំបង បាន​ចាប់​ផ្សឹក​ព្រះអង្គ​ដោយ​ចោទប្រកាន់​ថា​ជា​ព្រះសង្ឃ​ក្លែងក្លាយ។

យ៉ាងណា​ក៏ដោយ បន្ទាប់ពី​ស្នងការ​ខេត្ត​បាត់ដំបង ផ្សឹក​ព្រះអង្គ​រួច​មក ភិក្ខុ​អង្គ​នេះ​ក៏​បាន​ចូល​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​វិញ​ក្នុង​ភេទ​ជា​ភិក្ខុ​រហូត​ដល់​ពេលនេះ។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក ម៉ែន លី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស