29 C
Phnom Penh

កម្ពុជា​ហៅ​ការ​លើកឡើង​របស់​មន្ត្រី UN រឿង​លោក កឹម សុខា ថា​ជា​ចេតនា​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បាន​ច្រានចោល និង​ចាត់ទុក​សេចក្ដី​ថ្លែងការណ៍​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ថា​ធ្វើឡើង​ក្នុង​ចេតនា​នយោបាយ និង​មាន​បំណង​បំភ័ន្ត​សាធារណជន។

ការ​ច្រានចោល​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​សាលក្រម​កាត់ទោស​មេ​បក្ស​ប្រឆាំង លោក កឹម សុខា និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ត្រូវ​ផ្ដល់​សេរីភាព​ឲ្យ​លោក កឹម សុខា ឡើងវិញ។

សេចក្ដី​ថ្លែងការណ៍​បំភ្លឺ​ចំនួន ១០​ចំណុច​ដែល​ចេញ​ដោយ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការ​ផ្ដន្ទាទោស​លោក កឹម សុខា ធ្វើឡើង​ដោយ​ផ្អែក​ទៅ​លើ​បទល្មើស​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដែល​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​បញ្ញត្តិ​មាត្រា​៤៣៩ និង​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។ មួយ​វិញ​ទៀត សវនាការ​លោក កឹម សុខា ចំនួន ៦៦​លើក បាន​ធ្វើ​ឡើង​យ៉ាង​ហ្មត់ចត់ យុត្តិធម៌ ដែល​ការ​បើក​សវនាការ​នោះ​ដោយ​តម្លាភាព ដូច្នេះ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ថា​ការ​ចាប់ និង​ឃុំ​ខ្លួន​លោក កឹម សុខា ធ្វើឡើង​ស្រប​តាម​នីតិវិធី​ច្បាប់​ទាំងស្រុង។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បាន​ច្រានចោល​ចំពោះ​ការ​លើកឡើង​របស់​ក្រុម​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ដែល​ចោទ​កម្ពុជា​ថា​បាន​ឃុំ​ខ្លួន​លោក កឹម សុខា តាម​ទំនើង​ចិត្ត​នោះ គ្រាន់តែ​ជា​ការ​បំផ្លើស និង​បង្ហាញ​អំពី​ការ​យល់ដឹង​នៅ​មាន​កម្រិត ឬ​ពុំ​មាន​ឆន្ទៈ​ចង់​យល់ដឹង​អំពី​នីតិវិធី​តុលាការ​កម្ពុជា​ពី​សំណាក់​ក្រុម​អ្នក​រាយការណ៍​ពិសេស​ទាំងនោះ​តែប៉ុណ្ណោះ។

បន្ថែម​ពី​នេះ កម្ពុជា​បាន​ចាត់ទុក​ការ​លើកឡើង​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ឃុំ​ខ្លួន​លោក កឹម សុខា តាម​ទំនើង​ចិត្ត​នេះ មិន​ត្រឹមតែ​ពុំ​មាន​សំអាង​ត្រឹមត្រូវ ហើយ​ថែមទាំង​បង្ក​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ ហើយ​ថា​មតិ​របស់​ក្រុម​ការងារ​នេះ​ពុំ​មាន​ទម្ងន់​អ្វី​ទាល់តែសោះ​រាប់​ទាំង​ទម្ងន់​ផ្លូវច្បាប់​មក​លើ​រដ្ឋ​អធិបតេយ្យ​មួយ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បាន​ហៅ​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ចំនួន ៥​រូប ថា​ពុំ​មែន​ជា​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទេ តែ​គ្រាន់តែ​ជា​អ្នក​បម្រើ​ក្នុង​ឋានៈ​ផ្ទាល់ខ្លួន​ដែល​ពុំ​មាន​ការ​យល់ដឹង​ជាក់ស្តែង​អំពី​ការពិត និង​ច្បាប់​របស់​កម្ពុជា​ឡើយ។

ការ​ចេញ​ប្រតិកម្ម​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បាន​ធ្វើឡើង​បន្ទាប់ពី​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទាំង ៩​នាក់ កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ បាន​ចេញ​ថ្កោលទោស​សាលក្រម​កាត់ទោស​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ចំនួន ២៧​ឆ្នាំ ព្រមទាំង​ដក​សិទ្ធិ​លោក​មិន​ឲ្យ​ធ្វើ​នយោបាយ​ផង​ដែរ។

ក្រៅពី​ថ្កោលទោស​ហើយ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ទាំងនោះ ក៏​បាន​ព្រមាន និង​ចាត់ទុក​ការ​កាត់ទោស​លោក កឹម សុខា ថ្មីៗ​នេះ​ថា​បាន​ជះឥទ្ធិពល និង​រារាំង​ដល់​សកម្មភាព​នយោបាយ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​ខែ​កក្កដា ខាងមុខ។

ចំពោះ​សវនាការ​លោក កឹម សុខា វិញ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ទាំង ៩​រូប ថា​ធ្វើឡើង​តាម​របៀប​បែប​សិប្បនិមិត្ត ខណៈ​ដំណើរការ​សវនាការ​ទាំងមូល​នៃ​សំណុំរឿង​នេះ ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រក្រតី និង​ធ្វើឡើង​ផ្ទុយ​ពី​បទដ្ឋាន​ច្បាប់​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ។

បើ​តាម​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ចាត់ទុក​ការ​កាត់ទោស​មេ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​ខែ​កក្កដា ខាងមុខ​នេះ​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​សកម្ម​និយម​ផ្នែក​នយោបាយ។ ពួកគេ​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ត្រូវ​ផ្ដល់​សេរីភាព​ឲ្យ​លោក កឹម សុខា ឡើងវិញ ដើម្បី​ធានា​ដល់​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​លោក។

ក្រុម​អ្នក​រាយការណ៍​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទាំង ៩​រូប​ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៨ ខែ​មីនា ក្នុង​នោះ​មាន៖

  • អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn)
  • អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​នៃ​សេរីភាព​នៃ​ការ​បញ្ចេញ​ទស្សនៈ និង​សម្ដែង​មតិ អ្នកស្រី អាយរ៉ីន ខាន (Irene Khan)
  • ក្រុម​ការងារ​ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត
  • អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សេរីភាព​នៃ​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី និង​សមាគម
  • និង​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ឯករាជ្យ​នៃ​ចៅក្រម និង​មេធាវី ជាដើម។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អាយុ ៦៩​ឆ្នាំ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​៣ ខែ​មីនា កាត់ទោស​ឲ្យ​ជាប់​គុក​រយៈពេល ២៧​ឆ្នាំ ក្រោម​បទចោទប្រកាន់​ពី​បទ «សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​បទ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស» ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ពាក់ព័ន្ធ​ជាមួយ​សហរដ្ឋ​អាមេរិក។

ទោស​ចំនួន ២៧​ឆ្នាំ​នេះ​មិន​ដាក់​គុក​ទេ ប៉ុន្តែ​តុលាការ​បាន​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ ដោយ​ដក​ហូត​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ពេញ​មួយ​ជីវិត​ផង​ដែរ។

ទន្ទឹម​នេះ ក៏​ត្រូវ​តុលាការ​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិត​ក្រោម​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ហាមប្រាម​មិន​ឲ្យ​ចេញពី​បរិវេណ​នៃ​លំនៅឋាន និង​មិន​ឲ្យ​ជួប​បុគ្គល​ណា​ម្នាក់ ទាំង​ខ្មែរ និង​បរទេស ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លើកលែងតែ​សមាជិក​គ្រួសារ។

តែ​យ៉ាងណាក៏ដោយ ការ​កាត់ទោស​លោក កឹម សុខា និង​ការ​បិទ​សារព័ត៌មាន វីអូឌី ថ្មីៗ​នេះ ព្រមទាំង​ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បន្តបន្ទាប់​នេះ ត្រូវ​បាន​អ្នក​ឃ្លាំមើល​លើកឡើង​ថា ជា​ការ​ត្រួសត្រាយ​ផ្លូវ​របស់​លោក ហ៊ុន សែន ដើម្បី​ផ្ទេរ​អំណាច​ត​ត្រកូល​ទៅ​ឲ្យ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស