29.6 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ថា​ការ​ចុះចូល​របស់​អតីត​យុវជន​ចលនា​មាតា​ធម្មជាតិ​នឹង​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក ថា​ការ​សម្រេច​ចិត្ត​របស់​អតីត​យុវជន​ចលនា​មាតា​ធម្មជាតិ ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​របស់​ពួកគេ ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ជាតិ​ទៅ​ថ្ងៃ​ក្រោយ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ការ​ទាក់ទង​ដោយ​ផ្ទាល់​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទៅ​អតីត​ក្រុម​យុវជន​ការពារ​បរិស្ថាន​ទាំងនោះ ដោយសារ​គាត់​មើល​ឃើញ​ពី​ប្រយោជន៍​សម្រាប់​នយោបាយ និង​ប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​ទៅ​ថ្ងៃ​ក្រោយ មិនមែន​ដោយសារតែ​ប្រយោជន៍​ប្រទេស​ជាតិ​នោះ​ទេ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជិត ៤០​ឆ្នាំ​មក​នេះ គឺ​មាន​តែ​ភាព​វិនាស​ហិនហោច​ទៅៗ​តែប៉ុណ្ណោះ។ លោក​បន្ថែម​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បំផ្លាញ​ទាំង​ធនធាន​ធម្មជាតិ​នៅ​លើ​គោក និង​ក្រោម​ទឹក ដូចជា​ព្រៃឈើ រ៉ែ និង​មច្ឆជាតិ ជាដើម ខណៈ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ក៏​ត្រូវ​បាត់បង់​បន្តិច​ម្តងៗ​ថែម​ទៀត។

លោក ម៉ែន ណាត អះអាង​ថា ដើម្បី​លុបបំបាត់​ការ​រិះគន់​ចំពោះ​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​ខ្លួន លោក ហ៊ុន សែន តែង​ប្រកាន់​គោលការណ៍​ផ្ទាល់​មួយ​ចំនួន​ចំពោះ​អ្នក​ដែល​ប្រឆាំង​នឹង​គាត់ ក្នុង​នោះ​មាន​ដូចជា​ការ​អូសទាញ​ដោយ​ការ​ផ្តល់​នូវ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ប៉ុន្តែ​បើ​អូសទាញ​មិន​បាន គឺ​គាត់​នឹង​បង្ខូច​កេរ្តិ៍ឈ្មោះ​ម្នាក់​នោះ។ លោក​បន្ថែម​ថា សម្រាប់​អ្នក​ប្រឆាំង​នៅ​ក្នុង​ស្រុក គាត់​នឹង​គំរាមកំហែង សម្លុត ប៉ុន្តែ​បើ​ពួកគេ​មិន​ខ្លាច គាត់​នឹង​បង្ក្រាប បើ​បង្ក្រាប​ហើយ​នៅតែ​មិន​ខ្លាច​ទៀត គាត់​នឹង​បញ្ជា​ឲ្យ​ចាប់​ខ្លួន​តែម្តង។

កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ទម្លាយ​វីដេអូ​ដែល​គាត់​បាន​ទាក់ទង​តាមរយៈ​ប្រព័ន្ធ​តេឡេក្រាម​ដោយ​ផ្ទាល់​ជាមួយ​អតីត​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក ស៊ីម សំណាង បន្ទាប់ពី​អតីត​សកម្មជន​បរិស្ថាន​រូប​នោះ​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ហ៊ុន សែន បាន​អះអាង​តាមរយៈ​នៃ​ការ​សន្ទនា​តាម​ទូរសព្ទ​នៅ​ពេល​នោះ​ថា ពួកគេ​គួរតែ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល ជាជាង​នាំគ្នា​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល។ លោក ហ៊ុន សែន អះអាង​ថា បើ​ពួកគេ​មិន​សហការ​ជាមួយ​រដ្ឋាភិបាល​ទេ ពួកគេ​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ជាក់ស្តែង​ដូច​សកម្មភាព​របស់​ពួកគេ​ដែល​ធ្លាប់​ធ្វើ​កន្លងមក គឺ​មិន​អាច​ធ្វើ​អ្វី​បាន​ទាំងអស់។

បុរស​ខ្លាំង​រូប​នេះ​បញ្ជាក់​ថា បើ​ពួកគេ​ចាំតែ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល គឺ​មិន​អាច​ធ្វើ​ឲ្យ​កម្ពុជា​រីកចម្រើន​បាន​ទេ។ លោក ហ៊ុន សែន បន្ថែម​ថា តាម​គម្រោង​ទៅ​ថ្ងៃ​អនាគត រដ្ឋាភិបាល​នឹង​រៀប​ផែនការ​ឲ្យ​កម្ពុជា​ក្លាយ​ជា​កម្ពុជា​បៃតង​ជាមិនខាន។

ការ​អះអាង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បែប​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​បរិស្ថាន​មួយ​ចំនួន​បាន​នាំគ្នា​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ពេលនេះ ដែល​អ្នក​ទាំងនោះ​ត្រូវ​បាន​រដ្ឋាភិបាល​តែងតាំង​ឲ្យ​មាន​មុខងារ និង​តួនាទី​ក្នុង​ក្រសួង​នានា​ជាបន្តបន្ទាប់។

អតីត​យុវជន​បរិស្ថាន​មួយ​ចំនួន​បាន​ឈប់​ធ្វើ​ការងារ​សង្គម​ជាមួយ​អង្គការ​ចលនា​មាតា​ធម្មជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត ដោយ​នាំគ្នា​ងាក​ទៅ​គាំទ្រ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន វិញ ប៉ុន្តែ​ក្រោយពី​ការ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ពួកគេ​ក៏​បាន​នាំគ្នា​អូសទាញ​យុវជន​ផ្សេងៗ​ទៀត​ឲ្យ​ទៅ​ចុះចូល​ដូច​ខ្លួន​ដែរ។

ជាក់ស្តែង កាលពី​ពេល​ថ្មីៗ​នេះ អតីត​សហ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក ម៉េង ហេង និង​អតីត​សកម្មជន​បរិស្ថាន​កូនភ្លោះ​ពីរ​នាក់ គឺ​លោក ជុំ ហួត និង​លោក ជុំ ហួរ ព្រមទាំង​អតីត​សកម្មជន ១០០​រាត្រី លោក មួង សូនី និង​លោក មួង សុភ័ក្រ ជាដើម បាន​នាំគ្នា​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាបន្តបន្ទាប់ និង​ទទួល​បាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស