34 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​ថា​ការ​ដឹកនាំ​ប្រទេស​របស់​លោក​មិនមែន​ភ្លើតភ្លើន​នឹង​អំណាច​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា​ដែល​ប្ដេជ្ញា​តាម​កម្ទេច​បក្ស​ប្រឆាំង លោក ហ៊ុន សែន អះអាង​ថា ការ​ដែល​លោក​តាម​បង្ក្រាប​អ្នក​ដែល​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​កម្ពុជា មិនមែន​ដោយសារ​លោក​ភ្លើតភ្លើន​នឹង​អំណាច​នោះ​ទេ។

មេដឹកនាំ​ខ្មែរ​ដែល​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​រឿង «កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ» កាលពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា លោក​នឹង​មិន​យោគយល់​ជាដាច់ខាត​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​មាន​បំណង​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​សល់​ពី​របប​ប្រល័យ​ពូជសាសន៍ លោក ហ៊ុន សែន លើកឡើង​ថា គ្មាន​ការ​អនុគ្រោះ​ឡើយ​ចំពោះ​អ្នក​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា នៅ​ពេល​ដែល​ទឹកភ្នែក​របស់​លោក​ស្រក់ ព្រោះ​លោក​នឹង​មិន​ទុក​ឲ្យ​អ្នក​ដែល​មាន​ចេតនា​បំផ្លាញ​សន្តិភាព អាច​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះ​ទេ ទោះ​ត្រូវ​លះបង់​ដោយ​តម្លៃ​ណា​ក៏ដោយ លោក​ត្រូវតែ​ក្បាលរឹង​កម្ទេច​អ្នក​ដែល​បំផ្លាញ​សន្តិភាព​ឲ្យ​បាន​ដាច់ខាត។

អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន បញ្ជាក់​ថា ផ្តើម​ចេញពី​ការ​យក​ជីវិត​ធ្វើ​ដើមទុន​របស់​លោក ទើប​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ដូច​សព្វថ្ងៃ​នេះ ព្រោះ​តែ​លោក​បាន​យក​ក្បាល​ខ្លួនឯង​ទៅ​ដូរ​ជាមួយ​នឹង​ការ​រស់រាន​មាន​ជីវិត​របស់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់។

ការ​អះអាង​នេះ ធ្វើឡើង​បញ្ច្រាស​ពី​ការ​មើល​ឃើញ​របស់​មជ្ឈដ្ឋាន​ទូទៅ​ទាំងស្រុង​ដែល​តែង​រិះគន់​ថា ជា​សន្តិភាព​ក្លែងក្លាយ ឬ​សន្តិភាព​សម្រាប់​តែ​អ្នក​មាន​អំណាច។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ​មិនមែន​ដើម្បី​ការពារ​សន្តិភាព​ទេ គឺជា​ការ​ធ្វើ​ឃាតកម្ម​នីតិរដ្ឋ និង​ជា​ឃាតកម្ម​ប្រជាធិបតេយ្យ​សម្រាប់​ជាតិ​ខ្មែរ​ប៉ុណ្ណោះ ប៉ុន្តែ​ទង្វើ​អាក្រក់​របស់​ពួកគេ​កំពុង​ជ្រក​ក្រោម​ស្លាក​សន្តិភាព​ប៉ុណ្ណោះ។

លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន ដឹកនាំ​កម្ពុជា​សព្វថ្ងៃ​នេះ​មិន​ត្រឹមតែ​បង្ក្រាប​ក្រុម​ប្រឆាំង​នឹង​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​លោក​ទេ ប៉ុន្តែ​មេដឹកនាំ​ខ្មែរ​រូប​នេះ​បាន​រំលោភ​ច្បាប់ រំលោភ​រដ្ឋធម្មនុញ្ញ និង​រំលោភ​ព្រះរាជ​តួនាទី​ព្រះមហាក្សត្រ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត ដើម្បី​តែ​អំណាច​របស់​ខ្លួន និង​ផល​ប្រយោជន៍​នយោបាយ​ខ្លួនឯង​ទៅ​ថ្ងៃ​មុខ ជាពិសេស​គឺ​រំលោភ​សិទ្ធិ និង​តួនាទី​មន្ត្រី​ជាន់ខ្ពស់​ផ្ទៃក្នុង​បក្ស​របស់​ខ្លួន ដើម្បី​តែ​រក្សា​អំណាច​គ្រួសារ​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​រិះគន់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ គឺជា​ការ​ដឹកនាំ​តាម​របប ហ្វាស់ស៊ីស ចំណែក​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺជា​មេដឹកនាំ​កំពូល​នៃ​របប​នេះ​ដោយ​ផ្ទាល់។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា របប ហ្វាស់ស៊ីស ខុសពី​របប​កុម្មុយនីស្ត​នៅ​ត្រង់​ថា បុគ្គល​ដែល​ជា​មេដឹកនាំ​កំពូល​អាច​ប្រើ​អំណាច​តាម​អំពើ​ចិត្ត ខណៈ​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​លើក​តម្កើង​តែ​មេដឹកនាំ​នេះ​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា ការ​ដឹកនាំ​បែប​នេះ គឺ​ធ្លាប់​កើត​មាន​នៅ​ប្រទេស​អ៊ីតាលី ដែល​មាន​មេដឹកនាំ​ឈ្មោះ Benito Mussolini ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ គឺ​មាន​លោក ហ៊ុន សែន ដែល​បាន​ដឹកនាំ​បែប​នេះ​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ មក។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បង្កើត​ឲ្យ​មាន​ការ​សម្លាប់ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​រាប់​មិន​អស់ ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​ទោសទណ្ឌ ក្នុង​នោះ​លោក ហ៊ុន សែន បាន​ដំឡើង​បុណ្យ​ស័ក្តិ និង​ផ្តល់​រង្វាន់​ដល់​ពួក​ឃាតករ​ទាំងនោះ​ជាច្រើន​នាក់​ឱ្យ​ដឹកនាំ​ក្នុង​រដ្ឋាភិបាល​របស់​លោក​ផង​ដែរ។

ជាក់ស្តែង កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​មួយ​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ក្នុង​ទីក្រុង​ភ្នំពេញ​ថា លោក​ពិត​ជា​មាន​ការ​សោកស្តាយ​ខ្លាំង​ណាស់​ដែល​លោក​មិន​បាន​សម្លាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ដែល​លោក​ចាត់ទុក​ថា​ទង្វើ​នោះ​គឺជា​ការ​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​កម្ពុជា។

យ៉ាងណាក៏ដោយ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក បាន​ដាក់​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៣៩ ក្នុង​ចំណោម ១៤០​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ ដោយសារតែ​គេ​រក​ឃើញ​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស