សហមេធាវីរបស់លោក កឹម សុខា ចាត់ទុកការរារាំងពីសំណាក់កងកម្លាំងស្លៀកពាក់ស៊ីវិលដែលយាមនៅមុខផ្ទះរបស់លោក កឹម សុខា មិនឱ្យពួកគេចូលជួបកូនក្ដីរបស់ខ្លួនដើម្បីពិគ្រោះយោបល់ច្បាប់រៀបចំពាក្យបណ្តឹងឧទ្ធរណ៍ ថាជារំលោភសិទ្ធិទទួលបានជំនួយមេធាវី។
ក្នុងសេចក្ដីថ្លែងការណ៍ការរំលោភសិទ្ធិទទួលបានជំនួយមេធាវីរបស់លោក កឹម សុខា ដែលចេញដោយសហមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានឲ្យដឹងថា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ សហមេធាវីការពារក្តីបានទៅផ្ទះលោក កឹម សុខា ដើម្បីជួបកូនក្ដីនៅគេហដ្ឋានរបស់លោកផ្ទាល់។
ការទៅជួបនេះ ដោយសហមេធាវីអះអាងថាដើម្បីពិគ្រោះយោបល់ច្បាប់ និងរៀបចំពាក្យបណ្តឹងឧទ្ធរណ៍លើសាលក្រមព្រហ្មទណ្ឌ កាលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីកូនក្ដីត្រូវតុលាការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (ឃុំខ្លួនក្នុងផ្ទះ)។
នៅពេលពួកគេទៅដល់ខាងមុខផ្ទះរបស់លោក កឹម សុខា បែរជាត្រូវបានកងកម្លាំងស្លៀកពាក់ស៊ីវិលដែលយាមនៅមុខផ្ទះគាត់ បានរារាំង និងមិនអនុញ្ញាតឱ្យសហមេធាវីជួបពិគ្រោះយោបល់ច្បាប់ជាមួយកូនក្ដីរបស់ខ្លួនឡើយ ដោយពួកគេតម្រូវឲ្យសហមេធាវីសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិនទៅវិញ។
សហមេធាវីចាត់ទុកការរារាំងរបស់កងកម្លាំងស្លៀកពាក់ស៊ីវិលដែលមិនអនុញ្ញាតឲ្យជួបកូនក្ដីនេះ ថាជាការរំលោភសិទ្ធិទទួលបានជំនួយមេធាវីរបស់លោក កឹម សុខា ខណៈការតម្រូវនេះ សហមេធាវីថាមិនអាចអនុវត្តតាមការណែនាំដោយផ្ទុយនឹងច្បាប់ក្រម និងវិធានជាធរមានដែលគ្រប់គ្រងវិជ្ជាជីវៈមេធាវីនោះឡើយ។
សហមេធាវីលើកឡើងថា ចាប់ពីពេលនេះតទៅ សហមេធាវីមិនអាចអនុវត្តសិទ្ធិបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវចំពោះលោក កឹម សុខា និងរឿងក្ដីបច្ចុប្បន្នរបស់គាត់តទៅទៀតបានឡើយ ហើយសិទ្ធិទទួលបានជំនួយមេធាវីដែលមានចែងក្នុងច្បាប់ដែលលោក កឹម សុខា ត្រូវទទួលបានក៏ត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរ លើកលែងតែមានការកែប្រែជាវិជ្ជមាន និងទាន់ពេលវេលា។
សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី បានសរសេរលើហ្វេសប៊ុកកាលពីថ្ងៃទី១៤ មីនា ថា កូនក្ដីរបស់ពួកគាត់បានបាត់បង់សិទ្ធិទទួលបានជំនួយមេធាវី ដែលជាផ្នែកមួយនៃការបាត់បង់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី IDEA TALK នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៤ មីនា ថា ប្រសិនបើសមត្ថកិច្ចរារាំងសហមេធាវីលោក កឹម សុខា មិនឲ្យចូលជួបកូនក្ដីមែននោះ វាជារឿងខុសច្បាប់ ខណៈការប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ មេធាវីមិនអាចសម្រេចជំនួសកូនក្ដីបានឡើយ។
លោក គឹម សុខ អះអាងថាចំពោះរឿងកាត់ក្ដីឲ្យលោក កឹម សុខា មានទោសចំនួន ២៧ឆ្នាំដើម្បីបើកផ្លូវឲ្យលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចគឺជាការបំពានច្បាប់ ព្រោះសូម្បីសហមេធាវីលោក កឹម សុខា ដែលទៅជួបកូនក្ដីដោយធ្វើទៅតាមច្បាប់ក៏ត្រូវសមត្ថកិច្ចរារាំងដោយបំពានច្បាប់ដែរ។
លោក គឹម សុខ ថាការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត នេះមិនខុសពី ប៉ុល ពត ឡើយ ដោយសារ ប៉ុល ពត មុននឹងឡើងកាន់តំណែងជាបងធំទី១ នោះ សាឡុត ស ឬ ប៉ុល ពត បានសម្លាប់ ទូ សមុត្រ ចោល ខណៈសមាជិក ២០នាក់ត្រូវសម្លាប់នៅសល់តែ ៤នាក់ប៉ុណ្ណោះ។
តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ បានប្រកាសក្រមកាត់ទោសលោក កឹម សុខា ចំនួន ២៧ឆ្នាំពីបទ «សន្ទិដ្ឋភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស» ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ថាពាក់ព័ន្ធជាមួយអាមេរិក។
ត្បិតទោស ២៧ឆ្នាំ តុលាការកម្ពុជាមិនដាក់គុកលោក កឹម សុខា ក៏ពិតមែន ប៉ុន្តែតុលាការបានឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះ ដោយហាមជួបខ្មែរ និងជួបបរទេស ដែលទំនងសំដៅលើស្ថានទូតប្រទេសលោកសេរីដែលកន្លងមកតែងទៅជួបពិភាក្សាជាមួយលោកនៅគេហដ្ឋានរបស់លោកផ្ទាល់។
ក្រៅពីកាត់ទោស ២៧ឆ្នាំ និងហាមឃាត់ខ្មែរ ព្រមទាំងជនបរទេសមិនឱ្យជួបហើយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ក៏បានដកហូតសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយពេញមួយជីវិតផងដែរ៕