34 C
Phnom Penh

យុវជន​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​ច្បាប់​លើ​បុគ្គល​សង់​របង​រំលោភ​យក​ដី​ឆ្នេរ​អូរឈើទាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ចលនា​មាតា​ធម្មជាតិ ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ចាត់​វិធានការ​លើ​បុគ្គល​ដែល​បាន​សង់​របង​រំលោភ​យក​ដី​ឆ្នេរ​អូរឈើទាល នៅ​ខេត្ត​ព្រះសីហនុ ទៅ​តាម​ច្បាប់ បន្ទាប់ពី​របង​សង់​ដូច​កំផែង​ត្រូវ​អាជ្ញាធរ​វាយ​ចោល តែ​ម្ចាស់​របង​បែរ​ជា​មិន​ត្រូវ​បាន​ដាក់​ទោស​តាម​ច្បាប់។

បើ​តាម​វីដេអូ​ឃ្លីប​ជិត ២​នាទី​ដែល​បាន​បង្ហោះ​លើ​ហ្វេសប៊ុក Mother Nature Cambodia កាលពី​ថ្ងៃទី​១៤ ខែ​មីនា ថា ទោះបីជា​របង​ត្រូវ​បាន​អាជ្ញាធរ​វាយ​កម្ទេច​ចោល​ក៏​ពិត​មែន ប៉ុន្តែ​របង​ទាំង​សងខាង​នៃ​របង​វាយ​កម្ទេច​នោះ​នៅ​សល់​ដដែល ហើយ​វា​មាន​ចម្ងាយ​តែ ១០​ម៉ែត្រ​ពី​ឆ្នេរ​អូរឈើទាល នៃ​ចំណុច​ទឹកជោរ​របស់​សមុទ្រ​តែប៉ុណ្ណោះ។

មួយ​វិញ​ទៀត បើ​តាម​សារាចរ​ណែនាំ​ដែល​ចេញ​ដោយ​លោក ហ៊ុន សែន ក៏​បាន​ហាមឃាត់​ដាច់ខាត​មិន​ឲ្យ​មាន​ការ​សង់​សំណង់​រឹង​នៅ​លើ​ដី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​ដែល​មាន​ប្រវែង ១០០​ម៉ែត្រ​គិត​ចាប់ពី​ចំណុច​ទឹកជោរ​ទៅ ខណៈ​ជន​ដែល​បាន​សង់​សំណង់​រឹង ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ផង​ដែរ។

ករណី​នេះ ពួកគេ​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​ច្បាប់​ទៅ​ម្ចាស់​សំណង់​ដែល​បាន​សង់​របង​រំលោភ​លើ​ដី​ឆ្នេរ​ទៅ​តាម​ច្បាប់ និង​ត្រូវ​ឲ្យ​ម្ចាស់​កម្មសិទ្ធិ​រុះរើ​របង​ដែល​នៅ​សល់ ដោយ​រៀបចំ​ឆ្នេរ​មក​សភាព​ដើម​វិញ។ មួយ​វិញ​ទៀត រដ្ឋាភិបាល​ត្រូវ​ដកហូត​ដី​កម្មសិទ្ធិ​ឯកជន​មក​ដាក់​ជា​សម្បត្តិ​របស់​រដ្ឋ​វិញ​ផង​ដែរ។

ការ​ស្នើ​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​នេះ ធ្វើឡើង​បន្ទាប់​ពី​រយៈពេល​ជាង ១​ខែ​មក​នេះ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​ម្ចាស់​របង​ដែល​សង់​រំលោភ​យក​ដី​ឆ្នេរសមុទ្រ​ទាំង​បំពាន​ច្បាប់​ឡើយ។

របង​ដែល​សង់​នៅ​លើ​ដី​តំបន់​ឆ្នេរសមុទ្រ​អូរឈើទាល​ដូច​កំផែង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ វាយ​កម្ទេច​ចោល​កាលពី​យប់​ថ្ងៃទី​៨ ខែ​កុម្ភៈ កន្លងទៅ បន្ទាប់ពី​រដ្ឋបាល​ខេត្ត​នេះ​ទទួល​បាន​គោលការណ៍​ពី​លោក ហ៊ុន សែន ឲ្យ​សម្របសម្រួល​ជាមួយ​ម្ចាស់​កម្មសិទ្ធិ​ដី​នៅ​តំបន់​ឆ្នេរ​អូរឈើទាល។

តែ​យ៉ាងណា បើ​តាម​សារាចរ​ណែនាំ​ស្ដីពី​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០១២ ចែង​ថា ដី​ឆ្នេរ​ជម្រាល​ត្រូវ​កំណត់​យ៉ាងតិច ៣០​ម៉ែត្រ​ចាប់ពី​ខ្សែបន្ទាត់​ទឹកជោរ​ខ្ពស់​បំផុត​ទៅ​ដីគោក។ ដី​ឆ្នេរសមុទ្រ​នេះ​ត្រូវ​បាន​ចាត់ទុក​ជា​ដី​សាធារណៈ​របស់​រដ្ឋ និង​ប្រើប្រាស់​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​តែប៉ុណ្ណោះ។ ចំណែក​ដី​ចំណី​ឆ្នេរសមុទ្រ​ដែល​មាន​ប្រវែង ៥០​ម៉ែត្រ​បន្ថែម​ពី​លើ​ដី​ឆ្នេរសមុទ្រ ៣០​ម៉ែត្រ ក៏​ត្រូវ​ចាត់ទុក​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ដែរ ក៏ប៉ុន្តែ​សារាចរ​ណែនាំ​នេះ​បាន​លើកលែង​ចំពោះ​ដី​ចំណី​ឆ្នេរសមុទ្រ​ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​កាន់កាប់​រួច​ហើយ។

ទោះជាយ៉ាងណា ទាំង​ដី​ឆ្នេរសមុទ្រ ៣០​ម៉ែត្រ រួម​ជាមួយ​ដី​ចំណី​ឆ្នេរសមុទ្រ ៥០​ម៉ែត្រ និង​ដី​ផ្លូវ​សាធារណៈ​តាម​បណ្ដោយ​ដី​ចំណី​ឆ្នេរសមុទ្រ ៣០​ម៉ែត្រ សរុប​ត្រូវ​ជា ១១០​ម៉ែត្រ​នោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សាងសង់​សំណង់​រឹងមាំ​នោះ​ឡើយ ទោះបីជា​ដី​ចំណី​ឆ្នេរ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​បុគ្គល​ឯកជន​ស្រាប់​ហើយ​ក៏ដោយ។

ដោយឡែក​ច្បាប់​ភូមិបាល​មាត្រា ៤៣, ៤៤ និង​មាត្រា ២៥៩ ចែង​ថា «ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មិន​អាច​ជា​កម្មសិទ្ធិ​ឯកជន​បាន​ឡើយ ហើយ​បុគ្គល​ដែល​កាន់កាប់​ខុស​ច្បាប់​ប៉ះពាល់​ទ្រព្យសម្បត្តិ​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល (៥.០០០.០០០) រៀល ៥០​លាន​រៀល (៥០.០០០.០០០) និង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ។ ចំណែក​អាជ្ញាធរ​ដែល​ព្រងើយ​កន្តើយ​ចំពោះ​ការ​រំលោភ​ខុស​ច្បាប់​តាម​របៀប​នេះ ដែល​ខ្លួន​បាន​ដឹង​ត្រូវ​ចាត់ទុក​ថា​ជា​អ្នក​រួមគំនិត ហើយ​ត្រូវ​ទទួល​ទោស​ដូច​គ្នា​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស