28.4 C
Phnom Penh

ចិន​នៅតែ​ជា​ប្រទេស​មួយ​នៅ​អាស៊ី​ដែល​ជិតស្និទ្ធ​និង​គាំទ្រ​របប​សឹក​ភូមា​ខ្លាំង​ជាងគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាង ២​ឆ្នាំ​ហើយ​ដែល​ពិភពលោក​ចេះ​តែ​ទុក​ឱកាស​ឱ្យ​របប​សឹក​ភូមា បន្ត​គាបសង្កត់ និង​វាយ​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ។ ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដែល​ត្រូវ​របប​សឹក​ចាប់​ខ្លួន​ជាង ១៦០០០​នាក់ និង​ស្លាប់​ជាង ៣០០០​នាក់។

អ្នក​នយោបាយ​សំខាន់ៗ រួម​ទាំង​អ្នកស្រី អ៊ុងសាន ស៊ូជី ជើងឯក​ប្រជាធិបតេយ្យ​អាស៊ី​នៅ​បន្ត​ឃុំ​ខ្លួន​ដោយ​ប្រឈម​នឹង​ទោស​ជាង ៣០​ឆ្នាំ​ដែល​របប​សឹក​ភូមា​ទម្លាក់​កំហុស​លើ​អ្នកស្រី។

មិន​មែន​តែ​អ្នកស្រី ស៊ូជី ម្នាក់​ទេ​ដែល​ប្រឈមមុខ​នឹង​ទោស​ដ៏​ធ្ងន់ធ្ងរ​ដូចនេះ ក្នុង​នោះ​មាន​ប្រធានាធិបតី និង​អ្នក​នយោបាយ​នៃ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ជាង ៣០០​នាក់​កំពុង​ជាប់​ឃុំ ក៏​ប្រឈមមុខ​ធ្ងន់ធ្ងរ​ដែរ។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នកស្រី ស៊ូជី និង​អ្នក​នយោបាយ​ទាំងអស់ ដើម្បី​បើក​ផ្លូវ​ទៅ​រក​ការ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។ ប្រទេស​នៅ​ក្នុង​តំបន់​ភាគច្រើន​ចង់​ឃើញ​ការ​បញ្ចប់​របប​សឹក​ជាបន្ទាន់ ក្នុង​នោះ​មាន​ទាំង​ក្រុម​ប្រទេស​នៃ​សមាគម​អាស៊ាន​ផង​ដែរ។

ប្រទេស​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​នេះ ដូចជា​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង​ហ្វីលីពីន តែងតែ​បញ្ចេញ​ប្រតិកម្ម​ឱ្យ​របប​សឹក​ភូមា ត្រូវ​អនុវត្ត​គោលការណ៍ ៥​ចំណុច​របស់​អាស៊ាន​ដែល​ជា​គន្លឹះ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា។

នៅ​ថ្ងៃ​នេះ នាយករដ្ឋមន្ត្រី លី សៀនឡុង និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វីដូដូ ដែល​បាន​ជួប​មេដឹកនាំ​ទាំង​ពីរ រួម​នឹង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហិម និង​ប្រធានាធិបតី​ហ្វីលីពីន ហ្វីឌីណង់ ម៉ាកូសជ័រ បាន​សន្យា​រួម​គ្នា​គាបសង្កត់​របប​សឹក ដោយ​សហការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ និង​អ្នកទោស​នយោបាយ​ទាំងអស់ ហើយ​ធ្វើ​ដំណើរ​ទៅ​រក​ការ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​ឡើងវិញ។

មិន​ថា​ឡើយ​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ទេ​ដែល​នៅតែ​បន្ត​គាបសង្កត់​របប​សឹក​ភូមា ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំ​នៅ​អឺរ៉ុប មាន​ក្រុម​សហភាព​អឺរ៉ុប ២៧​ប្រទេស ប្រទេស​ជប៉ុន អូស្ត្រាលី កាណាដា សហរដ្ឋ​អាមេរិក អង់គ្លេស កូរ៉េខាងត្បូង នៅតែ​បន្ត​ដាក់​គំនាប​ទៅ​លើ​របប​សឹក។

តែ​ជា​ការ​កត់សម្គាល់ ប្រទេស​ធំ​ពីរ​ក្នុង​តំបន់​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ភូមា មាន​ដូចជា​ប្រទេស​ចិន និង​ឥណ្ឌា មិន​មាន​ភាព​រឹងមាំ និង​ប្រាកដប្រជា​ក្នុង​ការ​ដាក់​គំនាប​ទៅ​លើ​ពួក​យោធា​ភូមា​នោះ​ទេ ជាពិសេស គឺ​ប្រទេស​ចិន។

សារព័ត៌មាន​មួយ​នៃ​ប្រទេស​ភូមា ឈ្មោះថា Mizzima បាន​ធ្វើ​ការ​កត់សម្គាល់​របស់​ខ្លួន​ថា ក្នុង​តំបន់​អាស៊ី ប្រទេស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​លើ​ពួក​យោធា​មាន​តែ​ប្រទេស​ចិន។ តែ​ប្រទេស​ដ៏​ធំ​នេះ​មិន​ដែល​ពោល​ពាក្យ​ថា របប​សឹក​ភូមា​ជា​របប​ខុស​ច្បាប់​ម្ដង​ណា​ទេ ហើយ​ចិន​នេះ​ក៏​មិន​បាន​ចូលរួម​ជាមួយ​នឹង​ប្រទេស​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ថ្កោលទោស ឬ​ដាក់​ទណ្ឌកម្ម​លើ​ពួក​យោធា​ភូមា​ដែរ។

ប្រទេស​នេះ​ចូលចិត្ត​ប្រើ​ពាក្យ​ថា គេ​មិន​ត្រូវ​លូក​ដៃ​ចូល​រឿង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ភូមា​ទេ ហើយ​ថា​ត្រូវ​ទុក​ឱ្យ​ភាគី​ពាក់ព័ន្ធ​នៅ​ភូមា​គេ​ដោះស្រាយ​ដោយ​ខ្លួន​គេ​ផ្ទាល់។

Mizzima បាន​ធ្វើការ​កត់សម្គាល់​ទៀត​ថា ប្រទេស​ធំ​នេះ​ដែល​សុំ​កុំ​ឱ្យ​មាន​ការ​លូក​ដៃ​ចូល​បញ្ហា​ភូមា តែ​ប្រទេស​នេះ​តែងតែ​បញ្ជូន​អ្នក​ការទូត​របស់​ខ្លួន​ដោយ​ស្ងាត់ៗ​ទៅ​ជួប​មេដឹកនាំ​យោធា​ភូមា។ ជំនួប​នេះ​តែងតែ​បែកធ្លាយ​ថា ចិន​នៅតែ​សន្យា​ជួយ​ពង្រឹង​ការ​ដឹកនាំ​របស់​ពួក​យោធា​តាមរយៈ​ការ​ផ្ដល់​ជំនួយ​ផ្សេងៗ និង​តាមរយៈ​ការ​ពង្រីក​មុខ​ជំនួញ​ពាណិជ្ជកម្ម ដែល​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​បាន​បិទ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​របប​សឹក​ទៅ​ហើយ​នោះ។

ជំនួប​ស្ងាត់ៗ​របស់​តំណាង​រដ្ឋាភិបាល​ចិន និង​មេដឹកនាំ​យោធា​ភូមា ដែល​មាន​ជា​ញឹកញាប់ ចិន​មិន​ដែល​លើកឡើង ឬ​ជំរុញ​ឱ្យ​របប​សឹក​បោះបង់​ចោល​ការ​ដឹកនាំ​របស់​ខ្លួន ហើយ​ផ្ទេរ​អំណាច​ទៅ​រដ្ឋាភិបាល​ស្រប​ច្បាប់​ម្ដង​ណា​ទេ។

រយៈពេល ៣​ខែ​មក​នេះ ក្រុង​ប៉េកាំង បាន​បញ្ជូន​បេសកជន​របស់​ខ្លួន គឺ​លោក Deng Xijun ឱ្យ​ជួប​មេដឹកនាំ​យោធា​ភូមា មាន​ចំនួន ២​ដង​មក​ហើយ។ ជំនួប​របស់​លោក Deng Xijun ជាមួយ​មេដឹកនាំ​របប​សឹក បាន​ធ្វើ​ឱ្យ​របប​សឹក​មួយ​ក្នុង​សមាគម​អាស៊ី​អាគ្នេយ៍​កាន់តែ​រឹងមាំ​ថែម​ទៀត។

តាម Mizzima ក្រុង​ប៉េកាំង​មិន​ត្រឹមតែ​មិន​ចូលរួម​នឹង​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ពួក​យោធា​នោះ​ទេ គឺ​ចិន​កាន់តែ​ពង្រឹង​មុខ​ជំនួញ​របស់​ខ្លួន​ថែម​ទៀត។

យោង​តាម​វិទ្យាស្ថាន​យុទ្ធសាស្ត្រ និង​នយោបាយ​អំពី​ប្រទេស​ភូមា គម្រោង​វិនិយោគទុន​របស់​ចិន ទោះ​ជា​ចិន​បារម្ភ​អំពី​ហានិភ័យ ក៏​ប្រទេស​នេះ​នៅ​បន្ត​មុខ​ជំនួញ​ជាមួយ​យោធា​ភូមា។ តាម​វិទ្យាស្ថាន​នេះ ចិន​នៅ​បន្ត​រក្សា​ទុក​គម្រោង​ជំនួញ​យ៉ាងតិច ៣០០​គម្រោង។

តែ​គម្រោង​ដែល​ស្រុត​ចុះ គឺ​គម្រោង​វិស័យ​កាត់ដេរ។ គម្រោង​នេះ​ធ្លាក់​ចុះ​ស្ទើរតែ​ទាំងស្រុង ព្រោះ​ផលិតផល​កាត់ដេរ​ត្រូវ​ពឹង​លើ​ទីផ្សារ​នៅ​អឺរ៉ុប និង​អាមេរិក។ ចិន​ជា​ប្រទេស​មាន​ជំនួញ​លើ​វិស័យ​កាត់ដេរ​ធំ​ជាងគេ​នៅ​ភូមា។

តាម​វិទ្យាស្ថាន​នេះ ក្រោយពី​សហភាព​អឺរ៉ុប និង​អាមេរិក​បិទ​ទីផ្សារ​ពាណិជ្ជកម្ម​ជាមួយ​របប​សឹក​ភូមា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ជំនួញ​វិស័យ​កាត់ដេរ​របស់​ចិន គេ​សង្កេត​ឃើញ​ចិន​បាន​ពង្រីក​គម្រោង​ជំនួញ​តូចៗ​ជាច្រើន​ជាមួយ​ពួក​យោធា ជាពិសេស​នៅ​តំបន់​ជាប់​ព្រំដែន​ចិន។

ចំណែក​សារព័ត៌មាន​ភូមា Mizzima បន្ត​កត់សម្គាល់​ទៀត​ថា ជំនួញ​ដែល​ចិន និង​ពួក​យោធា​ភូមា​ពង្រីក​ថែម​ទៀត គឺ​ជំនួញ​ឈើ​ហ៊ុប និង​ការ​រុករក​រ៉ែ។ Mizzima ថា​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ចិន​សឹងតែ​លែង​លើកឡើង​ទៅ​ហើយ​អំពី​ការ​ផ្លាស់ប្ដូរ​របប​សឹក​ភូមា ទៅ​រក​របប​ប្រជាធិបតេយ្យ​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស