28.4 C
Phnom Penh

មេដឹកនាំ​ចិន គាំទ្រ​មេដឹកនាំ​វេណេហ្ស៊ុយអេឡា ម៉ាឌូរ៉ូ ឥត​ងាករេ ហើយ​ថ្កោលទោស​កងទ័ព​សហរដ្ឋ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ចិន លោក ស៊ី ជីនពីង សម្ដែង​ការ​គាំទ្រ​ឥត​ងាករេ​ចំពោះ​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដែល​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ពី​សំណាក់​កងទ័ព​សហរដ្ឋ​អាមេរិក ដែល​ចង់​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ​នៅ​អាមេរិក​ខាងត្បូង ចុះចេញ​ពី​អំណាច។

កាលពី​ថ្ងៃទី​២៣ វិច្ឆិកា ក្នុង​ខួបកំណើត​លោក ម៉ាឌូរ៉ូ ឈាន​ចូល​អាយុ ៦៣​ឆ្នាំ ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​បញ្ជូន​សារ​អបអរសាទរ តែ​សារ​របស់​មេដឹកនាំ​ចិន​រូប​នេះ​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​របស់​លោក នៅតែ​បន្ត​គាំទ្រ​ចំពោះ​មេដឹកនាំ​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ម្នាក់​នេះ ដែល​កំពុង​ពុះពារ​នឹង​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក​បង្ខំ​ឱ្យ​ចុះចេញ​ពី​តំណែង ក្រោម​បទ​ចោទ​ថា​លោក ម៉ាឌូរ៉ូ ជា​មេខ្លោង​អង្គការ​ភេរវកម្ម​គ្រឿងញៀន។

សហរដ្ឋ​អាមេរិក បាន​ចាត់​ថ្នាក់​ជា​ផ្លូវការ​លើ​បណ្ដាញ​ក្រុម Cartel de los Soles នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ថា​ជា​អង្គការ​ភេរវករ​បរទេស​ដែល​ប្រធានាធិបតី​លោក ម៉ាឌូរ៉ូ និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​ជា​មេខ្លោង។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Marco Rubio បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ចាត់​ថ្នាក់​ក្រុម Cartel of the Suns ជា​អង្គការ​ភេរវករ​បរទេស FTO ហើយ​មន្ត្រី​អាមេរិកាំង​ឯ​ទៀត​និយាយ​ថា Cartel of the Suns កំពុង​សហការ​ជាមួយ​ក្រុម​ជន​អន្ធពាល Tren de Aragua វេណេហ្ស៊ុយអេឡា ដែល​ត្រូវ​បាន​សេតវិមាន ចោទ​ថា​មាន​ទំនាក់ទំនង​ជាមួយ​លោក ម៉ាឌូរ៉ូ ហើយ​ក៏​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​អង្គការ​ភេរវករ​បរទេស FTO។

ប៉ុន្តែ​លោក ម៉ាឌូរ៉ូ បាន​ច្រានចោល​ការ​ចោទប្រកាន់​ទាំងអស់​នេះ ដោយ​ចោទ​បក​វិញ​ថា សហរដ្ឋ​អាមេរិក​ចាត់​ថ្នាក់​លើ​ក្រុម​ដែល​គ្មាន​រូបរាង​អ្វី​ឡើយ។ លោក ម៉ាឌូរ៉ូ និង​រដ្ឋាភិបាល​របស់​លោក ចោទប្រកាន់​សហរដ្ឋ​អាមេរិក ថា​កំពុង​ស្វែងរក​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នៅ​វេណេហ្ស៊ុយអេឡា និង​កំពុង​បង្ក​អស្ថិរភាព​ក្នុង​តំបន់​អាមេរិក​ខាងត្បូង។

សហរដ្ឋ​អាមេរិក កំពុង​បង្កើន​វត្តមាន​ទ័ព​យ៉ាង​ខ្លាំង​នៅ​តំបន់​សមុទ្រ​ការីបៀន ដោយ​ដាក់​ពង្រាយ​នាវាចម្បាំង និង​ក្រុម​នាវា​ផ្ទុក​យន្តហោះ USS Gerald Ford កើន​ឡើង​ជិត ២០​គ្រឿង។ នាវា USS Gerald Ford កំពុង​ផ្ទុក​យន្តហោះ​ចម្បាំង ៧០​គ្រឿង។ ជាមួយ​គ្នា​នេះ សហរដ្ឋ​អាមេរិក​ក៏បាន​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង F-35 ចំនួន ១០​គ្រឿង​នៅ​លើ​កោះ Perto Rico ដែល​ជា​ដែន​កោះ​ស្វយ័ត​ក្រោម​សហរដ្ឋ​អាមេរិក ស្ថិត​នៅ​ទល់​មុខ​នឹង​ឆ្នេរសមុទ្រ​វេណេហ្ស៊ុយអេឡា។ វត្តមាន​គ្រឿង​សព្វាវុធ​អាមេរិកាំង​កាន់តែ​មាន​ចំនួន​កើន​ឡើង ជាមួយ​នឹង​កងទ័ព​ក៏​កើន​ឡើង​ជិត ២០០០០​នាក់​ដែរ។

កង​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​អាមេរិកាំង ដែល​កំពុង​ធ្វើ​សកម្មភាព​យោធា​ក្បែរ​នឹង​ឆ្នេរសមុទ្រ​វេណេហ្ស៊ុយអេឡា បាន​វាយប្រហារ​លើ​កាណូត​បើក​ចេញពី​ឆ្នេរសមុទ្រ​វេណេហ្ស៊ុយអេឡា ដោយ​កម្ទេច​ជាង ២០​គ្រឿង សម្លាប់​មនុស្ស ៨៣​នាក់។ ករណី​នេះ មាន​ការ​តាមដាន​ពិនិត្យ​ពី​មជ្ឈដ្ឋាន​អ្នក​ច្បាប់ និង​សមាជិក​សភា​អាមេរិកាំង​នៅ​ក្រុង​វ៉ាស៊ីនតុន ដែល​មើល​ឃើញ​ថា​ការ​វាយប្រហារ​នោះ​អាច​ខុស​ច្បាប់​អន្តរជាតិ។

លោក ដូណាល់ ត្រាំ និង​រដ្ឋការ​របស់​លោក ចាត់ទុក​ជា​ក្រុម​ភេរវករ​គ្រឿងញៀន​ដែល​ត្រូវតែ​កម្ទេច តែ​វា​ជា​រូបភាព​ត្រៀម​វាយ​ចូល​ប្រទេស​វេណេហ្ស៊ុយអេឡា ក្រោយពី​លោក ត្រាំ បញ្ជាក់​ថា ប្រតិបត្តិការ​ដំណាក់កាល​ទី​២ គឺ​វាយ​លើ​គោលដៅ​បណ្ដាញ​ភេរវកម្ម​គ្រឿងញៀន​នៅ​លើ​ទឹកដី​វេណេហ្ស៊ុយអេឡា ហើយ​របប​លោក ម៉ាឌូរ៉ូ ក៏​នឹង​ត្រូវ​កម្ទេច​ផង​ដែរ។

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បញ្ជាក់​ក្នុង​លិខិត​របស់​លោក​ដែល​ផ្ញើ​ជូន​លោក ម៉ាឌូរ៉ូ បាន​បន្ត​ថា ទីក្រុង​ប៉េកាំង មើល​ឃើញ​លោក​ប្អូនប្រុស​មិនមែន​កំពុង​ដឹកនាំ​របប​ភេរវកម្ម​អ្វី​នោះ​ទេ តែ​ការពិត សហរដ្ឋ​អាមេរិក​កំពុង​យក​លេស​បង្ក​អស្ថិរភាព​នៅ​តំបន់ ហើយ​ចង់​ធ្វើ​ឱ្យ​ចលាចល​នយោបាយ​នៅ​វេណេហ្ស៊ុយអេឡា ក្រោម​ផែនការ​ឈ្លានពាន​ផ្ដួល​មេដឹកនាំ​ស្រប​ច្បាប់​នៃ​ប្រទេស​អធិបតេយ្យ​មួយ​តែប៉ុណ្ណោះ។

សារ​របស់​លោក ស៊ី បង្ហាញ​ពី​ការ​ថ្កោលទោស​សកម្មភាព​កងទ័ព​អាមេរិកាំង ដោយ​ទាមទារ​ឱ្យ​សហរដ្ឋ​អាមេរិក​បិទ​ចោល​យុទ្ធនាការ​យោធា​សំដៅ​ផ្ដួល​ប្រព័ន្ធ​ដឹកនាំ​របស់​លោក ម៉ាឌូរ៉ូ។ បន្ថែម​លើស​ពី​នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន អ្នកស្រី Mao Ning បាន​ហៅ​ការ​ដាក់​ឈ្មោះ​លោក ម៉ាឌូរ៉ូ ក្នុង​បញ្ជី​អង្គការ​ភេរវកម្ម​បរទេស គឺជា​ការ​លាប​ពណ៌ ហើយ​ឈាន​ដល់​ការ​ប្រើ​កម្លាំង​ទ័ព​ឈ្លានពាន​ប្រទេស​មួយ​នៅ​តំបន់​អាមេរិក​ខាងត្បូង ក្នុង​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច។

កាលពី​សប្ដាហ៍​មុន លោក នីកូឡាស ម៉ាឌូរ៉ូ បាន​បញ្ជូន​លិខិត​ទៅ​ជូន​ប្រធានាធិបតី​រុស្ស៊ី ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​អ៊ីរ៉ង់ ឱ្យ​ជួយ​ការពារ​របប​របស់​លោក ដែល​កំពុង​ធ្លាក់​ក្នុង​យុទ្ធសាស្ត្រ​សង្គ្រាម​គ្រឿងញៀន​ពី​លោក ដូណាល់ ត្រាំ។ ទាំង​រុស្ស៊ី ចិន និង​អ៊ីរ៉ង់ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដាច់ដោយឡែក​ពី​គ្នា ដោយ​ប្រកាស​ថ្កោលទោស​សហរដ្ឋ​អាមេរិក និង​ទាមទារ​ឱ្យ​ផ្អាក​សកម្មភាព​យោធា​ជាបន្ទាន់។

ឥឡូវ​នេះ សភាពការណ៍​កាន់តែ​ផុយ​ស្រួយ សហរដ្ឋ​អាមេរិក​ប្រកាស​ព្រមាន​ជើងហោះហើរ​កុំ​បន្ត​ហោះហើរ​លើ​លម្ហ​អាកាស​វេណេហ្ស៊ុយអេឡា និង​សមុទ្រ​ការីបៀន ព្រោះ​កង​យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក កំពុង​ហោះហើរ​ស៊ើបការណ៍។

គេ​សង្កេត​ឃើញ​សហភាព​អឺរ៉ុប និង​ប្រទេស​ជាច្រើន បាន​សម្រេច​បញ្ចៀស​ការ​ហោះហើរ​លើ​លម្ហ​អាកាស​វេណេហ្ស៊ុយអេឡា និង​លម្ហ​អាកាស​តំបន់​សមុទ្រ​ការីបៀន ទៅ​តាម​ការ​ព្រមាន​ពី​សហរដ្ឋ​អាមេរិក៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស