ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ រយៈពេលបីថ្ងៃនៅសប្ដាហ៍ក្រោយដោយចាប់ផ្ដើមពីថ្ងៃចន្ទរហូតដល់ថ្ងៃពុធ។
ក្រសួងការបរទេសចិន បានប្រកាសថា ទស្សនកិច្ចរបស់លោក ស៊ី ធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ដែលទាំងលោក ពូទីន និងលោក ស៊ី បានជួបគ្នាម្តងរួចទៅហើយកាលពីឆ្នាំ២០២២ នៅលើទឹកដីនៃប្រទេសកាហ្សាក់ស្ថាន។
ទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់ទីក្រុងមូស្គូ នៅសប្តាហ៍ក្រោយនេះ លោកត្រូវជួបសមភាគីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ទីមួយសំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយទី២ លោក ស៊ី ត្រូវគេរំពឹងថាអាចនឹងលាតត្រដាង ឬក៏ពន្យល់លោក ពូទីន អំពីគោលបំណងរបស់ចិន ដែលចង់ដើរតួនាទីជាអ្នកសម្របសម្រួល និងជាអ្នកបង្កើតឲ្យមានរូបមន្តដើម្បីធ្វើឲ្យមានការបញ្ចប់សង្គ្រាមលើទឹកដីអ៊ុយក្រែន។
ចិនបានបញ្ចេញផែនការសន្តិភាព ១២ចំណុចពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ ផែនការ ១២ចំណុចនេះ ចិនបានប្រកាសជាសាធារណៈ ហើយធ្វើឲ្យមានការភ្ញាក់ផ្អើលនៅឯកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលពេលនោះអ្នកការទូត ១៩៣ប្រទេសចូលរួមក្នុងសាលប្រជុំដើម្បីរំលឹកអំពីខួប ១ឆ្នាំដែលរុស្ស៊ីលើកទ័ពលុកលុយប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នៅថ្ងៃនោះហើយដែលតំណាងចិន នៅអង្គការសហប្រជាជាតិបញ្ចេញផែនការសន្តិភាព ១២ចំណុច ដើម្បីធ្វើឲ្យអ៊ុយក្រែន និងរុស្ស៊ីបញ្ចប់ការប្រយុទ្ធគ្នា។
រដ្ឋមន្ត្រីការបរទេសចិន Qin Gang បានភ្ជាប់ទូរស័ព្ទទៅសមភាគីអ៊ុយក្រែន លោក ឌីមេទ្រី កូលីបា កាលពីថ្ងៃព្រហស្បតិ៍ ថា ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ជាការបង្ហាញថាចិនចង់ឃើញអ៊ុយក្រែន និងរុស្ស៊ីបញ្ចប់សង្គ្រាមជាមួយគ្នាដោយដំណោះស្រាយនយោបាយរួមគ្នា គឺការចរចា។
រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ទៀតថា ចិនតែងតែជំរុញឲ្យមានការចរចារវាងភាគីប្រយុទ្ធគ្នាទាំងពីរនេះ ហើយចិនតែងតែអំពាវនាវដល់សហគមន៍អន្តរជាតិរួមគ្នាបង្កើតឲ្យបាននូវគោលការណ៍ដើម្បីធ្វើឲ្យមានសន្តិភាពនៅអ៊ុយក្រែន។
ចិនជាប្រទេសមួយដែលមានឥទ្ធិពលនៅអង្គការសហប្រជាជាតិ ហើយចិនជាសមាជិកក្រុមប្រឹក្សាអង្គការសហប្រជាជាតិ តែចិនមិនដែលបោះឆ្នោតរួមជាមួយនឹងប្រទេសជាច្រើនទៀតនៃសមាជិកអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសរុស្ស៊ីលើកទ័ពលុកលុយប្រទេសអ៊ុយក្រែននោះទេ។ ចិនក៏មិនដែលបោះឆ្នោតគាំទ្ររុស្ស៊ី ចំពោះរុស្ស៊ីឈ្លានពានប្រទេសជិតខាងមួយនេះដែរ តែចិនសម្រេចចិត្តនៅក្នុងការបោះឆ្នោតត្រឹមតែអនុប្បវាទប៉ុណ្ណោះ។
ការបោះឆ្នោតអនុប្បវាទនេះមានន័យថា ចិនចង់បង្ហាញអំពីជំហររបស់ខ្លួនឈរលើគោលការណ៍អព្យាក្រឹត្យរវាងរុស្ស៊ី និងអ៊ុយក្រែន តែចិននៅពេលដែលសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដោយសារតែលើកទ័ពឈ្លានពានអ៊ុយក្រែននេះ គឺមហាអំណាចនេះបែរជាមិនចូលរួមដាក់ទណ្ឌកម្មនោះទេ ហើយមិនតែប៉ុណ្ណោះ បានទាមទារឲ្យពួកបស្ចិមប្រទេសដែលដឹកនាំដោយសហរដ្ឋអាមេរិក បញ្ឈប់ការដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយទីក្រុងប៉េកាំង អះអាងថា វាជាទណ្ឌកម្មឯកតោភាគីប៉ុណ្ណោះ ព្រោះគ្មានសេចក្ដីសម្រេចណាមួយចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ចិនលើកឡើងថា ទណ្ឌកម្មណាមួយត្រឹមត្រូវតាមច្បាប់អង្គការសហប្រជាជាតិ វាលុះត្រាតែក្រុមប្រឹក្សាសន្តិសុខជាអ្នកធ្វើសេចក្ដីសម្រេច។
យ៉ាងណានៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺប្រទេសចិនតែងតែធ្វើសេចក្ដីសម្រេចការបោះឆ្នោតជំទាស់ផង ហើយពេលខ្លះបោះឆ្នោតអនុប្បវាទផង។
នៅពេលដែលចិនអះអាងថា ក្រុងប៉េកាំងចង់សម្រេចឲ្យបាននូវផែនការសន្តិភាព ១២ចំណុចរបស់ខ្លួនដែលក្នុងនោះមានការស្នើឲ្យមានបទឈប់បាញ់គ្នា និងការបញ្ចប់ទណ្ឌកម្មទាំងស្រុងទៅលើរុស្ស៊ី ប៉ុន្តែក្នុងផែនការ ១២ចំណុចនេះ គេពុំឃើញមានការបញ្ជាក់អំពីការដកទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែននោះទេ ហើយក៏មិនបានបញ្ជាក់អំពីអធិបតេយ្យភាពរបស់អ៊ុយក្រែននោះដែរ។
ទាក់ទិនទៅនឹងផែនការ ១២ចំណុចរបស់ចិន រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានបញ្ចេញព័ត៌មានរបស់លោកដោយបានបញ្ជាក់នៅលើទ្វីតធឺរបស់លោកថា លោកពិតជាបានជួបសន្ទនាគ្នាជាមួយសមភាគីចិន លោក ឈីង ហ្កាង ពិតមែនកាលពីថ្ងៃព្រហស្បតិ៍ ហើយក៏បានលើកឡើងអំពីផែនការសន្តិភាពរបស់ចិន ១២ចំណុចនេះផងដែរ។
លោក ឌីមីទ្រី កូលីបា បានបញ្ជាក់ថា លោកបានលើកឡើងចំណុចនិយាយអំពីអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន និងការដកទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន រួមនឹងការដែលលោកសង្កត់ធ្ងន់អំពីរូបមន្តសន្តិភាព ១០ចំណុចរបស់លោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន ដែលបានបង្ហាញជាសាធារណៈរួចទៅហើយនៅឯជំនួបកំពូលនៃមេដឹកនាំប្រទេសសេដ្ឋកិច្ចជឿនលឿន G-២០ ដែលបានធ្វើឡើងនៅក្នុងទឹកដីប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២។
ចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន គេពុំឃើញមានការបកស្រាយវិញរបស់លោករដ្ឋមន្ត្រីការបរទេសចិននោះទេ។ ដូចនេះហើយដែលអ្នកសង្កេតការណ៍មើលឃើញថា ផែនការសន្តិភាពរបស់ចិន ១២ចំណុចនេះ បើគ្មានការទទួលយកលក្ខខណ្ឌរបស់អ៊ុយក្រែន នឹងនាំទៅរកភាពបរាជ័យ ហើយទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅក្រុងមូស្គូ ទោះបីជាលោក ស៊ី ត្រូវជួបពិភាក្សារឿងនេះជាមួយលោក ពូទីន ក៏ដោយ បើមិនទទួលយកលក្ខខណ្ឌរបស់អ៊ុយក្រែន ដែលស្នើឲ្យដកទ័ពរុស្ស៊ីទាំងអស់ចេញពីទឹកដីអ៊ុយក្រែន និងគោរពអធិបតេយ្យភាពអ៊ុយក្រែន ទេ មានន័យថា ទស្សនកិច្ចរបស់លោក ស៊ី នៅក្រុងមូស្គូ គឺជាការពង្រឹងកាន់តែធ្វើឲ្យរឹងមាំថែមទៀតរវាងទំនាក់ទំនងក្រុងមូស្គូ និងក្រុងប៉េកាំង តែប៉ុណ្ណោះ។
ក្នុងន័យនេះ គេសង្កេតឃើញសេចក្ដីថ្លែងការណ៍មួយបញ្ចេញដោយវិមានក្រឹមឡាំង ដូចជាមិនបានលើកឡើងពីផែនការសន្តិភាពរបស់ចិន ១២ចំណុចនេះទេ គឺក្រុងមូស្គូ លម្អិតតែអំពីសហប្រតិបត្តិការស៊ីជម្រៅគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងចិនតែប៉ុណ្ណោះ៕