38.1 C
Phnom Penh

លោក ហ៊ុន សែន ថា​សង្គ្រាម​នុយក្លេអ៊ែរ​អាច​នឹង​ផ្ទុះ​បន្ទាប់ពី ICC ចេញ​ដីកា​ចាប់​លោក ពូទីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន ព្រមាន​ថា ដីកា​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បញ្ជា​ឱ្យ​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អាច​នឹង​ធ្វើ​ឱ្យ​មាន​សង្គ្រាម​នុយក្លេអ៊ែរ​ផ្ទុះឡើង ហើយ​អ្នក​ដែល​រងគ្រោះ​ខ្លាំង​បំផុត គឺ​នៅ​ក្នុង​តំបន់​អឺរ៉ុប និង​ទីស្នាក់ការ​របស់​តុលាការ​អន្តរជាតិ (ICC) តែម្តង។

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៩ មីនា បាន​អះអាង​ថា ការ​ចោទប្រកាន់​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) លើ​ប្រធានាធិបតី​រុស្ស៊ី គឺជា​ការ​វិវឌ្ឍ​ផ្នែក​នយោបាយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​ពិភពលោក។

មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​គំរាម​ចាប់ចង លោក ហ៊ុន សែន អះអាង​ថា ដីកា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) មិន​មាន​អំណាច​ក្នុង​ការ​ចាប់​ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​ដោយ​គ្មាន​កិច្ច​សហប្រតិបត្តិការ​ពី​ប្រទេស​សាមី​បាន​ទេ។ លោក​បន្ថែម​ថា ដីកា​នេះ​នឹង​ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​បែកបាក់ និង​ឈាន​ទៅ​រក​សង្គ្រាម​សម្រាប់​ពិភពលោក​ទាំងមូល​ទៅវិញ​ប៉ុណ្ណោះ។

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​រូប​នេះ​លើក​ជា​សំណួរ​ថា ប្រសិនបើ​មាន​ការ​ចាប់​ខ្លួន​លោក ពូទីន នៅ​ក្រៅ​ប្រទេស តើ​អ្នក​ទទួល​ខុសត្រូវ​នៅ​ក្នុង​ប្រទេស​សុខចិត្ត​ឱ្យ​គេ​ចាប់​ប្រធានាធិបតី​របស់​ពួកគេ ឬ​យ៉ាង​ណា? លោក ហ៊ុន សែន បន្ថែម​ថា ចំណុច​នេះ​ហើយ​ដែល​ឥឡូវ​នេះ​សង្គ្រាម​នុយក្លេអ៊ែរ​ស្ទើរតែ​ក្លាយ​ទៅ​ជា​ការពិត​ទៅ​ហើយ​នោះ។

កាលពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បាន​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជុំវិញ​ការ​ចោទប្រកាន់​អំពី​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ផ្ទុះឡើង​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ។

ជុំវិញ​ការ​ប្រកាស​ចាប់​ខ្លួន​លោក ពូទីន នេះ រដ្ឋាភិបាល​ទីក្រុង​មូស្គូ បាន​បដិសេធ​ការ​ចោទប្រកាន់​ដែល​ថា​កងកម្លាំង​របស់​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​អំឡុង​ពេល​សង្គ្រាម​នៅ​អ៊ុយក្រែន​ដាច់អហង្ការ ខណៈ​រដ្ឋាភិបាល​ទីក្រុង​គៀវ បាន​ស្វាគមន៍​ចំពោះ​សេចក្តី​ប្រកាស​របស់​តុលាការ ICC ដោយ​អះអាង​ថា ដីកា​ចាប់​ខ្លួន​លោក ពូទីន គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ។

ដោយឡែក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ក៏​បាន​អបអរ​សាទរ​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក ពូទីន គឺជា​រឿង​ត្រឹមត្រូវ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រទេស​អ៊ុយក្រែន បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា គិត​ចាប់​តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ មក កុមារ​អ៊ុយក្រែន​ជាង ១​ម៉ឺន ៦​ពាន់​នាក់​ហើយ​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ប្រទេស​រុស្ស៊ី។

អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ មីនា នេះ​ថា ប្រសិនបើ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ហ៊ាន​រុញ​សង្គ្រាម​នេះ​ទៅ​ដល់​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ នោះ​មហាអំណាច​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដែល​ជា​សមាជិក​អង្គការ​ណាតូ នឹង​មិន​បណ្តោយ​ឱ្យ​លោក ពូទីន ធ្វើ​អ្វីៗ​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា បើ​ប្រធានាធិបតី​រុស្សី លោក វ្ល៉ាឌីមៀរ ពូទីន ពិត​ជា​ចង់​ឱ្យ​ផ្ទុះ​សង្គ្រាម​ដោយ​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​មែន​នោះ មិនមែន​ត្រូវ​ចាំ​រហូត​មក​ដល់​ពេលនេះ​ហើយ ហើយ​រុស្ស៊ី​នៅ​មិនទាន់​ហ៊ាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ។ លោក​បន្ថែម​ថា នេះ​មាន​ន័យ​ថា លោក ពូទីន ក៏​មាន​ការ​ប្រុងប្រយ័ត្ន​ដែរ បើ​ទោះបីជា​រុស្ស៊ី​ជា​មហាអំណាច​យោធា​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​សន្ធឹកសន្ធាប់​ក៏ដោយ។

កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន​ប្រកាស​បើក​ប្រតិបត្តិការ​យោធា​លើ​ប្រទេស​អ៊ុយក្រែន ដែល​គិត​មក​ទល់​នឹង​ពេលនេះ​មាន​រយៈពេល​ជាង ១​ឆ្នាំ​ហើយ ស្រប​ពេល​ដែល​កងទ័ព​អ៊ុយក្រែន​ទប់ទល់​នឹង​ការ​ឈ្លានពាន​នេះ​ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​មក ដែល​ពួកគេ​ចាត់ទុក​ថា​ជា​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០២ ដើម្បី​កាត់ទោស​អ្នក​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ឈ្លានពាន ដែល​មាន​សមាជិក​ចំនួន ១២៣​ប្រទេស​នា​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស