27 C
Phnom Penh

សហ​មេធាវី​ថា​រាល់​សំណុំរឿង​លោក កឹម សុខា ពួកគេ​នៅតែ​មាន​សិទ្ធិ​ជួប​កូនក្ដី​គ្រប់​ពេល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា សំណុំរឿង​លោក កឹម សុខា នៅ​មិនទាន់​ផុត​ពី​សមត្ថកិច្ច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ដូច្នេះ​ក្នុង​នាម​ពួកគេ​ជា​មេធាវី​ការពារ​ក្តី នៅតែ​អាច​ជួប​លោក កឹម សុខា បាន​គ្រប់​ពេល ដោយ​ស្រប​ច្បាប់ និង​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ឡើយ។

សហ​មេធាវី​ការពារ​សិទ្ធិ​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា សាលក្រម​ព្រហ្មទណ្ឌ​ផ្ដន្ទាទោស​លោក កឹម សុខា នៅ​មិនទាន់​ចូល​ជា​ស្ថាពរ​នៅឡើយ​ទេ ដូច្នេះ​ពាក្យ​ការពារ​ក្តី​នៃ​សហ​មេធាវី​របស់​លោក គឺ​នៅតែ​អាច​ការពារ​លោក កឹម សុខា នៅ​ចំពោះ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ដដែល ព្រោះ​ថា​ពាក្យ​ការពារ​ក្តី​នេះ​នៅតែ​មាន​សុពលភាព​នៅ​ចំពោះ​មុខ​សាលាដំបូង​ក្រុង​ភ្នំពេញ​នៅឡើយ​រហូត​ដល់​ពេលនេះ។

មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក កឹម សុខា រូប​នេះ​លើកឡើង​ថា ពួកគេ​អស់​សិទ្ធិ​ជួប​ជាមួយ​កូនក្ដី​របស់​ខ្លួន ទាល់តែ​សំណុំរឿង​របស់​លោក កឹម សុខា ចូល​ដល់​សមត្ថកិច្ច​តុលាការ​ថ្មី​ទៀត ដូចជា​សាលា​ឧទ្ធរណ៍ ឬ​តុលាការ​កំពូល ជាដើម ទើប​ច្បាប់​តម្រូវ​ឲ្យ​ពឹងពាក់​មេធាវី​សាជាថ្មី​ម្តង​ទៀត ហើយ​មេធាវី​ក៏​ត្រូវ​ដាក់​ពាក្យ​ការពារ​ក្តី​ជា​ថ្មី​ផង​ដែរ​នៅ​ចំពោះ​មុខ​យុត្តាធិការ​ថ្មី​នេះ។

អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា ប្រសិនបើ​ពួកគេ​ពិត​ជា​អស់​តួនាទី​ជា​មេធាវី​របស់​លោក កឹម សុខា មែន ហេតុ​អ្វី​ក៏​តុលាការ​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​សាលក្រម​របស់​លោក កឹម សុខា កាល​ពី​ពេល​កន្លងទៅ ដូច្នេះ​មាន​ន័យ​ថា ពួកគេ​នៅតែ​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ការពារ​កូនក្ដី​របស់​ខ្លួន។ មេធាវី​រូប​នេះ​លើក​ជា​សំណួរ​ថា បើ​តុលាការ​ទទួលស្គាល់​ថា​ពួកគេ​នៅតែ​ជា​មេធាវី​របស់​លោក កឹម សុខា ហេតុ​អ្វី​តម្រូវ​ឱ្យ​ពួកគេ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ដើម្បី​ជួប​កូនក្ដី​ខ្លួនឯង​ទៅវិញ?

កាល​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៣ អ្នក​នាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​តម្រូវ​ឱ្យ​សហ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា រៀបចំ​ការ​ស្នើសុំ​របស់​ខ្លួន​ជា​លាយលក្ខណ៍​អក្សរ ប្រសិនបើ​ពួកគេ​ចង់​ជួប​កូនក្ដី​របស់​ខ្លួន ប៉ុន្តែ​បើ​ក្នុង​ករណី​បន្ទាន់ សហ​មេធាវី​ទាំងនោះ​អាច​ធ្វើ​ការ​ស្នើសុំ​ដោយ​ផ្ទាល់​មាត់​មក​តំណាង​អយ្យការ​ក៏​បាន។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​សហ​មេធាវី​ការពារ​សិទ្ធិ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ ដោយ​អះអាង​ថា កូនក្ដី​របស់​ខ្លួន​កំពុង​ត្រូវ​រង​នូវ​ការ​រំលោភ​សិទ្ធិ​ពី​ការ​ទទួល​បាន​ជំនួយ​ពី​មេធាវី បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​កងកម្លាំង​ស្លៀកពាក់​ស៊ីវិល​ដែល​យាម​នៅ​មុខ​ផ្ទះ​លោក កឹម សុខា រារាំង​មិន​ឱ្យ​ពួកគេ​ជួប​ជាមួយ​កូនក្ដី​របស់​ខ្លួន ប៉ុន្តែ​ពួកគេ​បាន​ប្រាប់​មេធាវី​ទាំងនោះ​ឱ្យ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​វិញ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ និង​មិន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​អ្នក​ដទៃ​ក្រៅពី​សាច់ញាតិ​ឡើយ ព្រមទាំង​ត្រូវ​ដកហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​ថែម​ទៀត។

ក្រោយ​ការ​សម្រេច​របស់​តុលាការ ផ្ទះ​របស់​លោក កឹម សុខា ត្រូវ​កងកម្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ពង្រាយ​យាមកាម​ពេញ ២៤​ម៉ោង​ក្នុង​ឯកសណ្ឋាន​ស៊ីវិល​គ្រប់​ច្រកល្ហក ដើម្បី​តាមដាន និង​ឃ្លាំមើល​ក្រែង​មាន​អ្នក​ដទៃ​ក្រៅពី​សាច់ញាតិ​លោក កឹម សុខា ចូល​ទៅ​ក្នុង​ផ្ទះ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ សភា​នៃ​សហភាព​អឺរ៉ុប បាន​គាំទ្រ​លើ​ញត្តិ​ដែល​ទាមទារ​ឱ្យ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិនបើ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ និង​មិន​ធានា​បាន​នូវ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ ឬ​នៅតែ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ទៀត​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស