លោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសទីពីររបស់លោក ហ៊ុន សែន ត្រូវបានតែងតាំងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោកបន្ថែមលើតួនាទីដែលកំពុងមានបច្ចុប្បន្ន បន្ទាប់ពីលោក ហ៊ុន ម៉ាណែត បងប្រុសរបស់លោក ហ៊ុន ម៉ានិត ទើបត្រូវបានដំឡើងជានាយឧត្តមសេនីយ៍ផ្កាយមាស៤ ស្មើនឹងលោក ទៀ បាញ់ ផងដែរនោះ។
បើតាមអនុក្រឹត្យស្ដីពីការតែងតាំងមុខតំណែងនាយទាហានដែលចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដោយលោក ហ៊ុន សែន ឪពុករបស់លោក ហ៊ុន ម៉ានិត និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ អនុក្រឹត្យបញ្ជាក់ថា ការតែងតាំងលោក ហ៊ុន ម៉ានិត ជាមេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងគោកបន្ថែមលើមុខងារបច្ចុប្បន្ននេះ គឺតបតាមសំណើរបស់រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់។
មិនមែនតែលោក ហ៊ុន ម៉ានិត នោះទេដែលត្រូវបានតែងតាំងនោះ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ក៏ត្រូវបានឪពុកទូលថ្វាយព្រះមហាក្សត្រឲ្យដំឡើងតំណែងជានាយឧត្តមសេនីយ៍ផ្កាយមាស៤ ស្មើនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ផងដែរ ខណៈលោក ហ៊ុន សែន ដាក់លោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនពីលោក។
ការដំឡើងតំណែងរបស់លោក ហ៊ុន ម៉ាណែត និងតែងតាំងលោក ហ៊ុន ម៉ានិត ក្នុងជួរកងទ័ពនៃក្រសួងការពារជាតិនាពេលនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានរបស់ជប៉ុន ASIA TIMES កាលពីថ្ងៃទី៧ ខែមីនា បានចុះផ្សាយថា គ្រួសារត្រកូល ទៀ និងគ្រួសារត្រកូល ហ៊ុន កំពុងមានប៉ះទង្គិចគ្នាក្នុងផែនការសន្តតិវង្សរបស់លោក ហ៊ុន សែន ស្របពេលដែលចិនហាក់មិនមានជំនឿលើលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំថ្មីរបស់ប្រទេសកម្ពុជាទៅថ្ងៃមុខនោះ។
ជាមួយគ្នានេះ គ្រួសារសាច់ញាតិរបស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏កំពុងតែគំរាមផែនការរបស់លោក ហ៊ុន សែន ដែលចង់ដំឡើងសាច់ញាតិរបស់លោកនៅក្នុងក្រសួងការពារជាតិ ដែលធ្វើឲ្យស្ថាប័ននេះធ្លាក់ក្នុងឥទ្ធិពលរបស់ចិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំប្រទេសកម្ពុជាជិត ៤០ឆ្នាំមកនេះ បានរៀបចំកូនៗរបស់ខ្លួនកាន់ក្នុងជួរកងទ័ពនៅក្នុងវិស័យសំខាន់ៗ ស្របពេលដែលលោកកំពុងផ្ទេរអំណាចឲ្យលោក ហ៊ុន ម៉ាណែត។
ជាក់ស្ដែង កូនប្រុសទី២ របស់លោក គឺលោក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោកបន្ថែមពីលើតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចនៃក្រសួងការពារជាតិបច្ចុប្បន្ន។
ចំណែកប្អូនប្រុសរបស់លោក ហ៊ុន ម៉ានិត គឺលោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានអង្គការយុវជនមួយឈ្មោះថា សហភាពសហព័ន្ធយុវជនកម្ពុជា ខណៈបងស្រីរបស់លោក ហ៊ុន ម៉ានិត គឺអ្នកស្រី ហ៊ុន ម៉ាណា និងប្អូនស្រីរបស់លោក គឺអ្នកស្រី ហ៊ុន ម៉ាលី គឺជាពាណិជ្ជករ និងពាក់ព័ន្ធក្នុងវិស័យជាច្រើននៃសេដ្ឋកិច្ច។
បើតាមរបាយការណ៍ឆ្នាំ២០១៦ របស់អង្គការឃ្លាំមើលអន្តរជាតិ (Global Witness) ដែលមានចំណងជើងថា «អាណាចក្រសាជីវកម្មនៃគ្រួសារត្រកូល ហ៊ុន (Hostile Takeover)» ដែលបង្ហាញថា ក្រុមហ៊ុនមួយចំនួនគ្រប់គ្រងដោយគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតម្លៃជាង ២០០លានដុល្លារ៕