29 C
Phnom Penh

លោក ហ៊ុន សែន សារភាព​ថា​ការ​ដំឡើង​ស័ក្តិ​ឱ្យ​កូនប្រុស​លោក​ជា​ផែនការ​ត្រួតត្រា​អំណាច​ទៅ​មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន សារភាព​ថា​ការ​ដំឡើង​ឋានន្តរស័ក្តិ​ឱ្យ​កូនប្រុស​បង្កើត​ខ្លួនឯង​ដែល​ត្រៀម​ស្នង​មរតក​អំណាច​ពី​ខ្លួន គឺជា​ផែនការ​ឆ្ពោះ​ទៅ​រក​ការ​ក្តោប​ក្តាប់​អំណាច ដើម្បី​គ្រប់គ្រង​អំណាច​ជា​នាយករដ្ឋមន្ត្រី​នា​ពេល​ខាងមុខ។

មេដឹកនាំ​ខ្មែរ​កាង​អំណាច​ត​ត្រកូល លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន វ៉ាន់ដា នៅ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ការ​ដំឡើង​ឋានន្តរស័ក្តិ​កូនៗ​ខ្លួនឯង​ដូចជា លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានិត គឺជា​ការ​បង្ហាញ​អំណាច​របស់​លោក​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេលនេះ ព្រោះ​ថា​បើ​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ហើយ​គ្មាន​អំណាច​នោះ គឺ​មិន​ចាំបាច់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ធ្វើ​អ្វី​នោះ​ទេ។

លោក ហ៊ុន សែន ព្រមាន​ថា អំណាច​ជា​នាយករដ្ឋមន្ត្រី គឺ​ធំ​ជាង​អ្វីៗ​ទាំងអស់ កុំ​ថា​ឡើយ​ឋានៈ​ត្រឹម​ពាក់​ផ្កាយ សូម្បី​ពាក់​ដល់​លោកខែ ក៏​នាយករដ្ឋមន្ត្រី​អាច​ដក​ចេញពី​តំណែង​បាន​ដែរ ដូច្នេះ​ការ​រិះគន់​នានា គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​លោក​ខ្លួនឯង​ដែល​ជា​នាយករដ្ឋមន្ត្រី​សព្វថ្ងៃ​នេះ​កំពុង​ក្តោប​ក្តាប់​អំណាច​បែប​នេះ​ទៅ​ហើយ​នោះ។

លោក ហ៊ុន សែន ទម្លាយ​ថា មាន​តែ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត តែ​មួយ​គត់​ដែល​កាន់​កងកម្លាំង​ប្រដាប់​អាវុធ​ធំ​ជាងគេ​ក្នុង​ចំណោម​មេបញ្ជាការ​រង​កងទ័ព​ដែល​ពាក់​ផ្កាយ​៤ ទាំងអស់ ដូចជា​លោក សៅ សុខា និង​លោក ទៀ វិញ ជាដើម នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ «នាយ​ឧត្តមសេនីយ៍» ដល់​លោក ហ៊ុន ម៉ាណែត បន្ទាប់ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​បាន​ទូល​ថ្វាយ​ព្រះអង្គ​ឱ្យ​ដំឡើង​ឋានន្តរស័ក្តិ​ដល់​លោក ហ៊ុន ម៉ាណែត ទៅ​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន ស្រប​ពេល​ដែល​កូនប្រុស​ច្បង​រូប​នេះ​កំពុង​ត្រៀម​ខ្លួន​ស្នង​មរតក​អំណាច​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ខ្លួន​នា​ពេល​ខាងមុខ​នេះ ខណៈ​កូនប្រុស​បង្កើត​ម្នាក់​ទៀត​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ-ចារកិច្ច​នៃ​ក្រសួង​ការពារ​ជាតិ ក៏​ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​នៅ​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ ដូច​លោក ហ៊ុន ម៉ាណែត ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា សព្វថ្ងៃ​នេះ​លោក ហ៊ុន សែន កំពុង​រៀប​ឱ្យ​កម្ពុជា​ក្លាយ​ជា​ការ​គ្រប់គ្រង​អំណាច​តាម​បែប​សន្តតិវង្ស ដោយ​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​អំណាច​មន្ត្រី​ជាន់ខ្ពស់​ផ្ទៃក្នុង​បក្ស ចំណែក​លោក ហ៊ុន ម៉ាណែត ជា​អ្នក​លុប​បំបាត់​អំណាច​នៃ​គ្រួសារ​មេដឹកនាំ​ទាំងនោះ​តាមរយៈ​នៃ​ការ​លុប​បំបាត់​តួនាទី​កូនៗ​របស់​ពួកគេ​នៅ​តាម​ស្ថាប័ន​សំខាន់ៗ​ទាំងអស់​នៅ​ថ្ងៃ​ក្រោយ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត មាន​អំណាច​ពេញ​ដៃ​ដូច​លោក ហ៊ុន សែន នៅ​ពេលនេះ។

ជុំវិញ​ការ​ដំឡើង​ឋានៈ​កូន​ខ្លួនឯង​យ៉ាង​តក់ក្រហល់​នៅ​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន​អន្តរជាតិ Asia Times បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ កំពុង​ទប់ទល់ និង​អាច​បំផ្លាញ​ផែនការ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​លោក ទៀ បាញ់ សុខចិត្ត​ទទួលស្គាល់​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ជា​ថ្នូរ​ទៅ​នឹង​ការ​សន្យា​ថា នឹង​ផ្តល់​ឱ្យ​កូនប្រុស​របស់​លោក​នូវ​ការ​ស្នង​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​បន្ត​ពី​លោក ប៉ុន្តែ​ការ​សន្យា​នេះ​បែរ​ជា​មិន​ត្រូវ​បាន​គោរព​ទៅវិញ។

ចំណែក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី រិះគន់​កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៣ ថា លោក ហ៊ុន សែន បាន​ចាប់​យក​ប្រទេស​កម្ពុជា​ទាំងមូល​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​សម្រាប់​គ្រួសារ​របស់​គាត់​រួច​ទៅ​ហើយ ដែល​មាន​ន័យ​ថា អំណាច​ផ្ដាច់ការ​ដោយ​ការ​ប្លន់​អំណាច​ប្រជារាស្ត្រ និង​បំផ្លិចបំផ្លាញ​ជាតិ​នេះ នឹង​បន្ត​ជា​រៀង​រហូត​តាមរយៈ​ផែនការ​របស់​លោក ហ៊ុន សែន ដែល​ចង់​ឲ្យ​កូន និង​ចៅ​របស់​គាត់​គ្រប់គ្រង​ប្រទេស​កម្ពុជា​បន្ត​ពី​ខ្លួន​ទៅ​ថ្ងៃ​មុខ។

ជុំវិញ​ភាព​ចម្រូងចម្រាស​ចំពោះ​ការ​បន្ត​អំណាច​ក្នុង​វង្ស​ត្រកូល «ហ៊ុន» នេះ លោក ហ៊ុន សែន ធ្លាប់​គំរាម​កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២២ ថា អ្នក​ដែល​មាន​បំណង​ធ្លាប់​ចង់​សម្លាប់​រូបលោក​កាលពី​មុន ហើយ​ចង់​ធ្វើ​ឃាត​លោក​នៅ​ពេលនេះ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត ពួកគេ​ក៏​មិន​រួច​ខ្លួន​ដែរ ព្រោះ​ថា​គាត់​បាន​ស្គាល់​អ្នក​ទាំងនោះ​អស់​ហើយ គ្រាន់តែ​គាត់​មិន​ធ្វើ​អ្វី​លើ​ពួកគេ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស