29.3 C
Phnom Penh

លោក កឹម សុខា គ្រោង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ជំទាស់​សាលក្រម​សាលាដំបូង​ក្រុង​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ២៧​ឆ្នាំ លោក កឹម សុខា គ្រោង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ជំទាស់​ការ​សម្រេច​របស់​សាលក្រម​សាលាដំបូង​ក្រុង​ភ្នំពេញ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឱ្យ​មេធាវី​ជួប​លោក​កាលពី​ថ្ងៃ​ពុធ ទី​២២ មីនា នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ២៧​ឆ្នាំ បាន​សរសេរ​លិខិត​មួយ​ច្បាប់​កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ ទៅ​កាន់​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ជួប​ជាមួយ​មេធាវី​របស់​លោក​ចាប់ពី​ចុង​ខែ​មីនា ឆ្នាំ​២០២៣ នេះ​រហូត​ចប់​នីតិវិធី​ច្បាប់។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​ស្ពាយ​ទោស​ទាំង​អយុត្តិធម៌ លោក កឹម សុខា បញ្ជាក់​ថា លោក​ត្រូវការ​ចាំបាច់​ជួប​ជាមួយ​មេធាវី​របស់​លោក ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវ​តុលាការ ជាពិសេស​លោក​ត្រូវការ​ចាំបាច់​ក្នុង​ការ​ពិគ្រោះ​យោបល់​ក្នុង​ការ​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ឱ្យ​ទាន់​ពេល​កំណត់។

ការ​ស្នើសុំ​នេះ ធ្វើឡើង​បន្ទាប់ពី​សហ​មេធាវី​ការពារ​ក្តី​របស់​មេដឹកនាំ​បក្ស​ប្រឆាំង ត្រូវ​បាន​តុលាការ​ហាមឃាត់​មិន​ឱ្យ​ជួប​លោក កឹម សុខា ក្រោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាត់ទោស​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ឱ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ ២៧​ឆ្នាំ​កាលពី​ដើម​ខែ​មីនា កន្លងទៅ​នេះ។

កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២២ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ច្រឹង ខ្មៅ បាន​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ជួប​ជាមួយ​មេធាវី​របស់​លោក គឺ​អ្នកស្រី ម៉េង សុភារី លោក ចាន់ ចេង លោក អាង ឧត្តម និង​លោក ផែង ហេង បន្ទាប់ពី​សហ​មេធាវី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនេះ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ជួប​លោក កឹម សុខា កាលពី​ពេល​ថ្មីៗ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​នាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២២ មីនា នេះ​ថា យោង​តាម​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រង់​ចំណុច​ទី​៣ បាន​សម្រេច​ថា លោក កឹម សុខា មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​បុគ្គល​ណា​ម្នាក់​ទាំង​សញ្ជាតិ​ខ្មែរ និង​បរទេស ដោយ​ផ្ទាល់ ឬ​ប្រយោល​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្រៅពី​សមាជិក​គ្រួសារ​ឡើយ លើកលែងតែ​មាន​ការ​អនុញ្ញាត​ដោយ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​យោង​លើ​តម្រូវការ​ចាំបាច់​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ និង​មិន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​អ្នក​ដទៃ​ក្រៅពី​សាច់ញាតិ​ឡើយ ព្រមទាំង​ត្រូវ​ដកហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ សភា​នៃ​សហភាព​អឺរ៉ុប​បាន​គាំទ្រ​លើ​ញត្តិ​ដែល​ទាមទារ​ឱ្យ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិនបើ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ និង​មិន​ធានា​បាន​នូវ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ ឬ​នៅតែ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ត​ទៀត​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស