ភរិយារបស់លោក យឹម ស៊ីណន អង្វរសុំឱ្យលោក ហ៊ុន សែន លើកលែងទោសដល់ស្វាមីរបស់អ្នកស្រី ព្រោះការលើកឡើងរបស់ស្វាមីអ្នកស្រី គឺជាកំហុសដែលគិតខ្លី និងឆេវឆាវមួយពេលប៉ុណ្ណោះ។
អ្នកស្រី សុផាត មករា ដែលត្រូវជាភរិយារបស់លោក យឹម ស៊ីណន បានសរសេរលើទំព័រហ្វេសប៊ុករបស់អ្នកស្រីនៅថ្ងៃទី២៤ មីនា នេះថា អ្នកស្រីសូមលើកម្រាមដៃទាំង១០ អង្វរលោក ហ៊ុន សែន សូមមេត្តាអនុគ្រោះដល់ប្តីរបស់អ្នកស្រីផង ដើម្បីឱ្យកូនៗរបស់អ្នកស្រីបានជួបឪពុករបស់គេវិញ ព្រោះពេលកូនសួររកឪពុក អ្នកស្រីមិនដឹងត្រូវប្រាប់កូនថាដូចម្តេចនោះទេ។
ភរិយារបស់លោក យឹម ស៊ីណន អះអាងថា អ្នកស្រី និងលោក យឹម ស៊ីណន ដែលត្រូវជាស្វាមីនឹងកែខ្លួនមិនឱ្យមានកំហុសលើកក្រោយទៀតឡើយ ហើយក៏នឹងមិនធ្វើឱ្យលោក ហ៊ុន សែន ខកចិត្តទៀតនោះដែរ។
អ្នកស្រី សុផាត មករា បញ្ជាក់ថា ប្តីរបស់អ្នកស្រីគ្មានចេតនាប្រមាថលោក ហ៊ុន សែន ទេ គាត់តែងតែគោរពលោក ហ៊ុន សែន រហូតមក ដោយសារតែគ្រួសាររបស់អ្នកស្រីធ្លាប់ត្រូវបានលោក ហ៊ុន សែន លើកលែងទោសកាលពីពេលកន្លងទៅនោះ។
អ្នកស្រី សុផាត មករា បញ្ជាក់ថា ប្រសិនបើលោក ហ៊ុន សែន អនុញ្ញាតឱ្យអ្នកស្រីជួបសុំទោសដោយផ្ទាល់ អ្នកស្រីនឹងក្រាបសូមអភ័យទោសពីលោក ហ៊ុន សែន ពីកំហុសស្វាមីរបស់ខ្លួន គឺលោក យឹម ស៊ីណន ដែលបានប្រព្រឹត្តខុសជុំវិញការលើកឡើងរបស់លោកទាក់ទិននឹងព្រះមហាក្សត្រកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ សកម្មជនគណបក្សសង្គ្រោះជាតិ លោក យឹម ស៊ីណន ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនបន្ទាប់ពីលោកលើកឡើងជុំវិញការរៀបចំពិធីសម្រាប់ព្រះមហាក្សត្រដែលបានយាងចូលរួមក្នុងពិធីព្រះរាជទានព្រះអគ្គីជ័យកីឡា ឬអុជភ្លើងកីឡានៅខេត្តសៀមរាប ក្នុងនោះសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ទៀត គឺលោក ហ៊ុន កុសល ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងថ្ងៃតែមួយដោយចោទប្រកាន់ពីបទល្មើសដូចគ្នាដែរ។
ក្រោយការចាប់ខ្លួន សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនអ្នកទាំងពីរជាបណ្ដោះអាសន្ន ដែលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌផងដែរ។
ទាក់ទិននឹងបញ្ហានេះ អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានអះអាងកាលពីពេលថ្មីៗនេះថា ការលើកឡើងរបស់សកម្មជននយោបាយទាំងពីរនាក់នោះ គ្រាន់តែដើម្បីបង្ហាញពីការស្រឡាញ់គោរពចំពោះព្រះមហាក្សត្រតែប៉ុណ្ណោះ ដែលធ្វើឱ្យប៉ះពាល់ដោយអចេតនាលើរដ្ឋាភិបាលកម្ពុជា ប៉ុន្តែពួកគេមិនបានបំពានលើមាត្រានៃច្បាប់ណាមួយរបស់កម្ពុជានោះឡើយ។
បណ្ឌិត សូ ណារ៉ូ លើកឡើងថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទុកឱកាសឱ្យពួកគេសុំទោសដើម្បីលុបលាងកំហុសរបស់ខ្លួន នោះលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ប្រាកដជាទទួលស្គាល់នូវសមានចិត្តដ៏ល្អរបស់លោក ហ៊ុន សែន ជាមិនខាន ដែលជាកិត្តិយសសម្រាប់រដ្ឋាភិបាលផង និងសម្រាប់គណបក្សប្រជាជនកម្ពុជាផងដែរ៕