29.3 C
Phnom Penh

លោក ហ៊ុន សែន ដក​ដី​ពី​ឧកញ៉ា គិត ម៉េង ១៨៧​ហិកតារ​ឱ្យ​ទៅ​ក្រសួង​ការពារ​ជាតិ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន សម្រេច​ដក​ដី​ពី​ឧកញ៉ា គិត ម៉េង ចំនួន ១៨៧​ហិកតារ​នៃ​ឧទ្យាន​ជាតិ​សមុទ្រ​ព្រះសីហនុ​រាម ឱ្យ​ទៅ​ក្រសួង​ការពារ​ជាតិ សម្រាប់​សាងសង់​ទីបញ្ជាការដ្ឋាន​ការពារ​អាកាស និង​ដំឡើង​ប្រព័ន្ធ​រ៉ាដា​សម្រាប់​កងទ័ព​ជើងទឹក ស្រប​ពេល​ដែល​វត្តមាន​អ្នកជំនាញ​បច្ចេកទេស​ជា​កងទ័ព​រំដោះ​ប្រជាជន​ចិន​ចំនួន ៤៩​នាក់​កំពុង​បំពេញ​ការងារ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម។

បុរស​ខ្លាំង​កាន់​អំណាច​ផ្ដាច់មុខ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ចុង​សប្តាហ៍​នេះ បាន​សម្រេច​ដកហូត​ផ្ទៃដី​វិនិយោគ​មួយ​ផ្នែក​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Lixin Development Co.,Ltd និង​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េង ដែល​មាន​ទំហំ ១៨៧​ហិកតារ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឱ្យ​ទៅ​ក្រសួង​ការពារ​ជាតិ កាលពី​ពេល​កន្លងទៅ​នេះ។

លោក ហ៊ុន សែន ដែល​គេ​សង្ស័យ​ថា​មាន​ទំនាក់ទំនង​ខុស​ច្បាប់​ជាមួយ​កងទ័ព​ជើងទឹក​ចិន នៅ​កំពង់ផែ​រាម បញ្ជាក់​ថា ការ​សម្រេច​ផ្តល់​ដី ១៨៧​ហិកតារ​ជូន​ក្រសួង​ការពារ​ជាតិ​នេះ គឺ​ដី​មួយ​ផ្នែក​ដែល​មាន​ទំហំ ១៥៧​ហិកតារ​សម្រាប់​សាងសង់​បញ្ជាការដ្ឋាន​ការពារ​អាកាស និង​ដី​ទំហំ ៣០​ហិកតារ​ទៀត​សម្រាប់​រក្សា​ជា​ទីតាំង​ដាក់​ប្រព័ន្ធ​រ៉ាដា​នៃ​កងទ័ព​ជើងទឹក​របស់​ខ្លួន។

ការ​សម្រេច​ផ្តល់​ដី​ជូន​ក្រសួង​ការពារ​ជាតិ​បែប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កងទ័ព​រំដោះ​ប្រជាជន​ចិន​ជិត ៥០​នាក់ ស្នើសុំ​ពន្យារ​ទិដ្ឋាការ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល ១២​ខែ​បន្ត​ទៀត ដោយ​ឥត​គិត​ថ្លៃ​កាលពី​ចុង​ឆ្នាំ​២០២២ កន្លងទៅ​នេះ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ពី​វត្តមាន​កងទ័ព​ចិន នៅ​កំពង់ផែ​រាម​កាន់តែ​ខ្លាំង​ឡើងៗ​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស ជា​នាយក​នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ លោក ចៅ ភិរុណ បាន​ស្នើសុំ​ពន្យារ​ទិដ្ឋាការ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល ១២​ខែ​ទៀត​ជូន​អ្នកជំនាញ​បច្ចេកទេស​ជនជាតិ​ចិន​ចំនួន ៤៩​នាក់​ដែល​មាន​តួនាទី​ចាប់ពី​ថ្នាក់​វរនាវីឯក​ពិសេស ដល់​ចក្របាល​រង​ឯក ដែល​កំពុង​បំពេញ​ការងារ​ជំនាញ​បច្ចេកទេស​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​សព្វថ្ងៃ​នេះ ខណៈ​ការ​ស្នើ​នេះ មុន​និង​ក្រោយ​គ្នា​ត្រឹមតែ ២​ខែ ១៤​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក ហ៊ុន សែន សម្រេច​ប្រគល់​ដី​ឱ្យ​ក្រសួង​ការពារ​ជាតិ​ចំនួន ១៨៧​ហិកតារ​សម្រាប់​ដំឡើង​ប្រព័ន្ធ​រ៉ាដា​កងទ័ព​ជើងទឹក​នៅ​តំបន់​រាម​នោះ។

បើ​ទោះបីជា​មាន​ការ​សង្ស័យ​អំពី​វត្តមាន​កងទ័ព​ជើងទឹក​ចិន ដោយ​លួចលាក់​នៅ​កម្ពុជា​តាំងពី​មុន​រហូត​មក​ដល់​ពេលនេះ​ក៏ដោយ ក៏​រដ្ឋាភិបាល​កម្ពុជា និង​ចិន នៅតែ​បន្ត​បដិសេធ​ពី​រឿង​នេះ​ជា​បន្តបន្ទាប់។ ជាក់ស្តែង កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា មិន​មាន​វត្តមាន​កងទ័ព​ចិន​នៅ​កំពង់ផែ​រាម​នោះ​ទេ លុះត្រាតែ​អ្នក​ចោទ​ប្រកាន់​នោះ​មាន​ចេតនា​រករឿង​លោក​តែប៉ុណ្ណោះ។

លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​មាន​សិទ្ធិ​ពង្រឹង​មូលដ្ឋាន​កងទ័ព​ជើងទឹក​របស់​ខ្លួន ហើយ​ទម្រាំ​តែ​កម្ពុជា​អាច​មាន​ថវិកា​ដែល​ជា​ជំនួយ​របស់​ចិន គឺជា​រឿង​លំបាក​ណាស់ ហើយ​ការ​ពង្រឹង​មូលដ្ឋាន​ជើងទឹក​នេះ គឺ​មាន​វិធានការ​ចាំបាច់​បំផុត​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដូចជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​រត់​ពន្ធ​មនុស្ស ការ​រត់​ពន្ធ​គ្រឿងញៀន និង​ការ​នេសាទ​ខុស​ច្បាប់ ជាដើម។

ទោះជា​បែប​ក្តី​នេះ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ សារព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក ឌឹ វ៉ល ស្រ៊ីត ជ័រណល (The Wall Street Journal) បាន​រាយការណ៍​ថា លោក ហ៊ុន សែន បាន​លួច​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​ប្រទេស​ចិន ដើម្បី​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​បោះ​ទីតាំង​ឈរជើង​នៅ​លើ​ទឹកដី​ខ្មែរ ហើយ​កងទ័ព​ចិន​មាន​សិទ្ធិ​គ្រប់គ្រង​កំពង់ផែ​ទ័ព​ជើងទឹក​រាម​ផ្ដាច់មុខ​រហូត​ដល់​ទៅ ៣០​ឆ្នាំ​ឯណោះ ដោយ​មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​រៀងរាល់ ១០​ឆ្នាំ​ម្ដង។

យ៉ាងណា​ក៏ដោយ រដ្ឋាភិបាល​កម្ពុជា និង​ចិន បាន​ចេញ​មុខ​បដិសេធ​រឿង​នេះ​រហូត ប៉ុន្តែ​ខាង​ភាគី​ទាំង​ពីរ​មិន​ដែល​បង្ហាញ​ភស្តុតាង និង​ព័ត៌មាន​ដែល​អាច​គួរ​ឱ្យ​ជឿជាក់​បាន​នោះ​ឡើយ ព្រោះ​ថា​កម្ពុជា​បាន​វាយ​កម្ទេច​អគារ​ដែល​ជា​ជំនួយ​របស់​អាមេរិក​ដោយ​គ្មាន​ជូនដំណឹង​ជា​មុន ដោយ​ជំនួស​មក​វិញ​នូវ​អគារ​ថ្មី​ដែល​សាងសង់​ដោយ​រដ្ឋាភិបាល​ចិន និង​ក្រោម​ជំនួយ​របស់​ចិន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​មូលដ្ឋាន​ជើងទឹក​រាម​សព្វថ្ងៃ​នេះ។

កាសែត ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ (Washington post) ធ្លាប់​បាន​ស្រង់​សម្ដី​អតីត​ទីប្រឹក្សា​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក អេរ៊ីក សេយឺរស៍ (Eric Sayers) កាលពី​ពេល​កន្លង​ទៅ​ថា ការ​សាងសង់​ជា​សម្ងាត់​របស់​ចិន​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នេះ​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​វិធីសាស្ត្រ​ដែល​ចិន​បាន​ធ្វើ​នៅ​លើ​ប្រជុំ​កោះ​ស្ព្រែតលី (Spratly Islands) កាលពី​ឆ្នាំ​២០១៥​មក​ដែរ។

លោក អេរ៊ីក សេយឺរស៍ (Eric Sayers) បញ្ជាក់​ថា កាលនោះ​ដំបូង​ឡើយ ចិន​ក៏​បាន​អះអាង​ដែរ​ថា ការ​សាងសង់​កោះ​សិប្បនិមិត្ត​នៅ​លើ​តំបន់​ទាំងនោះ គឺ​ដើម្បី​បម្រើ​ឱ្យ​គោលដៅ​រក្សា​សន្តិភាព ដោយ​បាន​សន្យា​ថា​មិន​បម្រើ​ឱ្យ​វិស័យ​យោធា​នោះ​ទេ ប៉ុន្តែ​ក្រោយ​មក គេ​បាន​ឃើញ​នូវ​ការ​ធ្វើ​យោធូបនីយកម្ម​ជា​អចិន្ត្រៃយ៍ និង​មិន​អាច​កែប្រែ​បាន​នៅ​តំបន់​ទាំងនោះ​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស