37.6 C
Phnom Penh

លោក ពូទីន មាន​ផែនការ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ ខណៈ​ប្រឈមមុខ​នឹង​ដីកា​របស់ ICC

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​មួយ​ជាប់​នឹង​របង​ផ្ទះ មេដឹកនាំ​របប​ផ្ដាច់ការ​នៅ​ក្រុង​មូស្គូ មាន​ផែនការ​ចង់​បង្ក​ភ្លក់​ភ្លើង​ប្រល័យ​លោក គឺ​សង្គ្រាម​នុយក្លេអ៊ែរ។

កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មីនា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ទៅ​កងទ័ព​របស់​លោក​ឱ្យ​ត្រៀម​ដំឡើង​ក្បាលគ្រាប់​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​នៅ​ក្នុង​ទឹកដី​បេឡារុស ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន។ បេឡារុស ជា​ប្រទេស​សម្ព័ន្ធភាព​នឹង​រុស្ស៊ី។

មេដឹកនាំ​របស់​ប្រទេស​នេះ គឺ​លោក អាឡិចហ្សង់ ឌឺលូកាឆេនកូ ជា​មិត្ត​របស់​លោក ពូទីន ផង ហើយ​ក៏​ជា​អាយ៉ង​នៃ​របប​នៅ​ក្រុង​មូស្គូ ផង​ដែរ។ នៅ​លើ​ទឹកដី​នៃ​ប្រទេស​បេឡារុស មាន​ទ័ព​រុស្ស៊ី​ជាង ១​ម៉ឺន​នាក់។ រុស្ស៊ី​បាន​ដាក់​ពង្រាយ​រួច​ហើយ​នូវ​ប្រព័ន្ធ​មីស៊ីល S-300 មីស៊ីល​S-400 ជា​មីស៊ីល​បាញ់​ទម្លាក់​យន្តហោះ និង​មីស៊ីល​ផ្លោង​អ៊ីនស្កាឌឺ។

លើស​នេះ​ទៀត យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី ១០​គ្រឿង ដែល​អាច​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ខា្នត​តូច​ក៏​មាន​នៅ​លើ​ទឹកដី​បេឡារុស​រួច​ហើយ​ដែរ។ និយាយ​ទៅ រុស្ស៊ី​នៅ​សល់​តែ​ការ​ដាក់​ពង្រាយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ប៉ុណ្ណោះ​នៅ​លើ​ទឹកដី​បេឡារុស។

ការ​ប្រកាស​របស់​លោក ពូទីន ដែល​បញ្ជា​ឱ្យ​កងទ័ព​ត្រៀម​ពង្រាយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​នៅ​លើ​ទឹកដី​បេឡារុស គឺជា​ផែនការ​ថ្មី​មួយ​ទៀត​អាច​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ប្រសិនបើ​រុស្ស៊ី​វាយលុក​ទ្រង់ទ្រាយ​ធំ​ម្ដង​ទៀត​ចូល​ទៅ​រដ្ឋធានី​គៀវ មិន​បាន​សម្រេច ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី។ នេះ​បើ​យោង​តាម​ការវិភាគ​របស់​ក្រុម​វិទ្យាស្ថាន​សិក្សា​សង្គ្រាម​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​វ៉ាស៊ីនតោន។

ក្រុម​អ្នកវិភាគ​ព្រមាន​ថា បើ​រុស្ស៊ី​បើក​វាយប្រហារ​ចូល​ទៅ​រដ្ឋធានី​គៀវ ហើយ​អ៊ុយក្រែន​ទប់ទល់​បាន​ជា​ថ្មី​ទៀត មាន​ន័យ​ថា​លោក ពូទីន អស់​ក្រឡា​ដើរ​លើ​វិថី​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​នេះ ដែល​ចារកម្ម​របស់​អាមេរិក​ប៉ាន់​ប្រមាណ​ថា ទ័ព​រុស្ស៊ី​បាត់បង់​នៅ​លើ​ទឹកដី​អ៊ុយក្រែន ទាំង​ស្លាប់ ទាំង​របួស និង​ទាហាន​រត់​ចោល​អង្គភាព​របស់​ខ្លួន​មាន​ជិត ២២​ម៉ឺន​នាក់។

ក្នុង​ស្ថានភាព​នេះ​ហើយ​ដែល​លោក ពូទីន មេដឹកនាំ​ប្រទេស​មហាអំណាច​យោធា​លំដាប់​ពិភពលោក​ទី​២ អាម៉ាស់​មុខ​ជា​ខ្លាំង ព្រោះតែ​ធ្វើ​សង្គ្រាម ១៣​ខែ​មក​នេះ​វាយ​មិន​ឈ្នះ​ប្រទេស​ទន់​ខ្សោយ​មួយ​ដែល​មាន​ព្រំដែន​ជាប់​គ្នា​នេះ។

គ្រាន់តែ​លោក ពូទីន ចេញ​បញ្ជា​ដូចនេះ​ភ្លាម គេ​សង្កេត​ឃើញ​មាន​ប្រតិកម្ម​ភ្លាមៗ​ពី​រដ្ឋាភិបាល​អ៊ុយក្រែន ពី​អង្គការ​យោធា​ណាតូ ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក ឌីមិនដ្រូ កូលេបា ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បើក​កិច្ចប្រជុំ​មួយ​ជាបន្ទាន់​ដើម្បី​បញ្ឈប់​ផែនការ​របស់​លោក ពូទីន ដែល​ថា​នឹង​ដាក់​ពង្រាយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​នៅ​បេឡារុស។

ប្រមុខ​ការទូត​អ៊ុយក្រែន​រូប​នេះ​ទាមទារ​ថា ក្រុមប្រឹក្សា​សន្តិសុខ​ត្រូវតែ​មូលមតិ​រួម​ជាមួយ​គ្នា​ប្រាប់​ទៅ​ក្រុង​មូស្គូ ឱ្យ​បញ្ឈប់​ជាបន្ទាន់​ផែនការ​នេះ បើ​ពុំ​នោះ​ទេ វា​នឹង​ទៅ​រក​សង្គ្រាម​ដ៏​ប្រល័យ។ តែ​ខណៈ​ទាមទារ​ដូចនេះ អ៊ុយក្រែន​ក៏​បាន​ពង្រឹង​ទ័ព​របស់​ខ្លួន​ភ្លាម​នៅ​តាម​ព្រំដែន​អ៊ុយក្រែន ដែល​ជាប់​នឹង​បេឡារុស។

ចំណែក​អង្គការ​យោធា​ណាតូ​វិញ ក៏​បាន​ប្រតិកម្ម​ខ្លាំងក្លា​ដែរ។ អ្នកស្រី Oana Lungescu អ្នក​នាំពាក្យ​ណាតូ​បាន​លើកឡើង​ថា ផែនការ​របស់​លោក ពូទីន នាំ​ទៅ​រក​គ្រោះថ្នាក់ ហើយ​កាយវិការ​នេះ​បង្ហាញ​ពី​មិន​មាន​ការ​ទទួល​ខុសត្រូវ។

អ្នកស្រី​ថា ណាតូ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត ហើយ​បើ​រុស្ស៊ី​ធ្វើ​សកម្មភាព​ដាក់​ពង្រាយ​គ្រាប់​នុយក្លេអ៊ែរ​នៅ​លើ​ទឹកដី​បេឡារុស មែន​នោះ គឺជា​ការ​ប្រកាស​អាសន្ន​ដ៏​គ្រោះថ្នាក់​នៅ​អឺរ៉ុប ជាពិសេស​ប្រទេស​បេឡារុស។ អ្នកស្រី​ព្រមាន​ថា ណាតូ​ប្រឆាំង​ដាច់ខាត។ តែ​យ៉ាងណា អ្នកស្រី​ជឿ​ថា រុស្ស៊ី​នឹង​មិន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​គ្រោះថ្នាក់​នេះ​ទេ ព្រោះ​វា​គ្រោះថ្នាក់​ដល់​រុស្ស៊ី​ខ្លួនឯង​ផ្ទាល់​ផង​ដែរ។

ដូច​គ្នា​នេះ​ដែរ លោក John Kirby ទីប្រឹក្សា​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក ថ្លែង​ក្នុង​បទសម្ភាសន៍​ខ្លី​មួយ​ជាមួយ​បណ្ដាញ​ទូរទស្សន៍ CBS ថា ពេលនេះ​គេ​មិន​ទាន់​ឃើញ​ថា​សញ្ញា​ណា​មួយ​ថា​រុស្ស៊ី​នឹង​បញ្ជូន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ចេញពី​ទីតាំង​ស្តុក​របស់​វា ហើយ​ឆ្ពោះ​ទៅ​បេឡារុស​នៅឡើយ​នោះ​ទេ។

តាម​លោក John Kirby ពុំ​មាន​ចលនា​អ្វី​ប្រាប់​ថា រុស្ស៊ី​ត្រូវតែ​ប្រើ​អាវុធ​ប្រភេទ​នេះ​វាយប្រហារ​ទៅ​លើ​អ៊ុយក្រែន​នោះ​ទេ។ លោក​បញ្ជាក់​ថា ចំពោះ​ក្រុង​វ៉ាស៊ីនតោន នៅតែ​រក្សា​ជំហរ​យុទ្ធសាស្ត្រ​ដដែល គឺ​ឃ្លាំមើល​ជានិច្ច។

ចំពោះ​លោក Josep Borrell ប្រធាន​កិច្ចការ​បរទេស​នៃ​សហភាព​អឺរ៉ុប​វិញ បាន​បញ្ជាក់​ថា អឺរ៉ុប​នឹង​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត​លើ​បេឡារុស ប្រសិនបើ​ប្រទេស​នេះ​បើក​ផ្លូវ​ឲ្យ​រុស្ស៊ី​ដាក់​ពង្រាយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​នៅ​លើ​ប្រទេស​របស់​ខ្លួន។ លោក​ចាត់ទុក​ជា​ការ​គំរាម​យ៉ាង​ខ្លាំង​មក​លើ​សន្តិសុខ​របស់​អឺរ៉ុប​ទាំងមូល។

យ៉ាងណា ទាំង​លោក ពូទីន និង​លោក ឌីមិនទ្រី មិនវេនឌៀវ នាយករង​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី ដែល​ជា​ដៃ​ស្ដាំ​របស់​លោក ពូទីន បាន​និយាយ​ការពារ​ខ្លួន​ថា​ផែនការ​ដាក់​ពង្រាយ​គ្រាប់​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​នៅ​បេឡារុស ដោយសារ​អង់គ្លេស​បាន​ប្រកាស​បញ្ជូន​គ្រាប់​កាំភ្លើង​ធំ​មាន​សារធាតុ​អ៊ុយរ៉ានីញ៉ូម ទៅ​ឱ្យ​អ៊ុយក្រែន ហើយ​មួយ​ទៀត ព្រោះតែ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ពង្រាយ​គ្រាប់​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​នៅ​តាម​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​រួច​ទៅ​ហើយ។

រុស្ស៊ី​ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​លំដាប់​ទី​១ ពិភពលោក ដែល​មាន​ជាង ៦០០០​គ្រាប់ ហើយ​សហរដ្ឋ​អាមេរិក មាន​ជាង ៥៥៥០​គ្រាប់។ ទាំង​ប្រទេស​អង់គ្លេស និង​បារាំង មាន​ជិត ៦០០​គ្រាប់។ ប្រទេស​៣ នេះ អាមេរិក អង់គ្លេស និង​បារាំង គឺជា​ប្រទេស​សមាជិក​ណាតូ​ដែល​មាន​សក្ដានុពល​ខាង​កងទ័ព និង​សព្វាវុធ។ ចំណែក​ប្រទេស​អាល្លឺម៉ង់ បើ​ទោះជា​ពុំ​មាន​គ្រាប់​នុយក្លេអ៊ែរ តែ​ប្រទេស​នេះ​មាន​សក្ដានុពល​សព្វាវុធ​ផ្សេងៗ និង​កងទ័ព​ដ៏​ខ្លាំង​របស់​ក្រុម​ណាតូ។

តែ​យ៉ាងណា ការ​ដែល​លោក ពូទីន បញ្ជា​ឱ្យ​កងទ័ព​ត្រៀម​ដាក់​ពង្រាយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​នៅ​លើ​ទឹកដី​បេឡារុស ដែល​មាន​ព្រំដែន​ជាប់​នឹង​អ៊ុយក្រែន និង​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ប៉ូឡូញ ប្រទេស​លីទុយអានី និង​ប្រទេស​ឡាតវៀល ជា​សមាជិក​ណាតូ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ចេញ​ដីកា​ចាប់​ខ្លួន​លោក​កាលពី​ថ្ងៃទី​១៧ មីនា ក្រោម​បទ​ចោទ បុរស​ខ្លាំង​នៅ​ក្រុង​មូស្គូ​រូប​នេះ​ពី​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស