27 C
Phnom Penh

លោក យឹម ស៊ីណន ត្រូវ​បាន​ដោះលែង​បន្ទាប់ពី​ចេញ​សុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ​និង​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ក្រុង​ភ្នំពេញ​បាន​ដោះលែង​លោក យឹម ស៊ីណន ពី​ពន្ធនាគារ​ព្រៃស​ភ្លាមៗ​បន្ទាប់ពី​លោក​បាន​ចេញ​សុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ និង​លោក ហ៊ុន សែន។

ក្នុង​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក យី សុខវួច ចុះ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ បាន​បង្គាប់​ឲ្យ​ដោះលែង​លោក យឹម ស៊ីណន ចេញពី​មណ្ឌល​អប់រំ​កែប្រែ​១។

ការ​ដោះលែង​លោក យឹម ស៊ីណន ភ្លាមៗ​នេះ​បន្ទាប់ពី​លោក​បាន​ចេញ​សុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ និង​លោក ហ៊ុន សែន។

បើ​តាមរយៈ​វីដេអូ​ឃ្លីប​ជាង ៣​នាទី​ភ្ជាប់​ជាមួយ​លិខិត​សុំទោស​ផ្ញើ​ទៅ​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​សារព័ត៌មាន​រដ្ឋាភិបាល Fresh News យក​មក​ផ្សព្វផ្សាយ​នា​ថ្ងៃទី​២៨ ខែ​មីនា នេះ លោក យឹម ស៊ីណន បាន​សារភាព​ថា​ការ​បង្ហោះ​សារ​កាលពី​ថ្ងៃទី​២១ ខែ​មីនា កន្លងទៅ ដោយសារ​លោក​មិន​បាន​គិត​គ្រប់​ជ្រុងជ្រោយ ធ្វើ​ឲ្យ​សាធារណជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ភ័ន្តច្រឡំ។ ដោយ​កំហុស​អចេតនា​នេះ លោក​សុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ និង​សុំទោស​លោក ហ៊ុន សែន ជា​សាធារណៈ និង​ដោយ​ចិត្ត​ស្មោះ។

ការ​ចេញ​មក​សុំទោស​ពី​ពន្ធនាគារ​ព្រៃស​របស់​លោក យឹម ស៊ីណន បន្ទាប់ពី​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​តុលាការ​បាន​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ អាសន្ន​នៅ​ពន្ធនាគារ ក្រោម​បទ​ចោទ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

វិធានការ​ចាប់​ខ្លួន​នេះ បន្ទាប់ពី​លោក យឹម ស៊ីណន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២១ ខែ​មីនា នេះ​ដែរ​ថា «បើ​តាម​សំឡេង​ពលរដ្ឋ​តាម​ហាង​កាហ្វេ​នៅ​ថ្ងៃ​នេះ គេ​អាច​ឃើញ​ច្បាស់​ថា នរណា​ជា​ស្តេច​ផែនដី​ពិតប្រាកដ» ប៉ុន្តែ​លោក​មិន​បាន​ភ្ជាប់​រូបថត​ណា​មួយ​នោះ​ទេ​ជុំវិញ​សំណេរ​របស់​លោក​នេះ។

លោក យឹម ស៊ីណន គឺជា​អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង។ លោក​ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់ និង​ញុះញង់» ពាក់ព័ន្ធ​រឿង​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស