30.1 C
Phnom Penh

អាជ្ញាធរ​អនុញ្ញាត​ឱ្យ​បក្ស​ភ្លើង​ទៀន​ធ្វើ​ពិធី​បង្សុកូល​ជូន​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​កាលពី​២៦​ឆ្នាំ​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​រាជធានី​ភ្នំពេញ យល់ព្រម​ឲ្យ​គណបក្ស​ភ្លើង​ទៀន រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​វិញ្ញាណក្ខន្ធ​ក្រុម​បាតុករ​ដែល​បាត់បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣។

លិខិត​របស់​លោក មាន ចាន់យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ទៅ​កាន់​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​យល់ព្រម​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ធ្វើ​ពិធី​បង្សុកូល​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ នៅ​បរិវេណ​ស្តូប​ដែល​ស្ថិត​ក្នុង​សួន​មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ (មន្ទីរ​រដ្ឋសភា​ចាស់​ដែល​បច្ចុប្បន្ន​ជា​តុលាការ​កំពូល)។

គួរ​បញ្ជាក់​ថា គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ ដើម្បី​ជូនដំណឹង​ដល់​សាធារណជន​អំពី​ការ​រៀបចំ​ពិធី​បង្សុកូល​នេះ។

លិខិត​របស់​លោក មាន ចាន់យ៉ាដា ដែល​ចេញ​ជំនួស​លោក ឃួង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា គណបក្ស​ភ្លើង​ទៀន​និមន្ត​ព្រះសង្ឃ ៩​អង្គ ហើយ​មាន​អ្នក​ចូលរួម​ប្រមាណ ៣០០​នាក់​ក្នុង​ពិធី​បង្សុកូល​នេះ។

លោក មាន ចាន់យ៉ាដា បាន​ឲ្យ​ដឹង​នៅ​ក្នុង​លិខិត​នោះ​ថា គណបក្ស​ភ្លើង​ទៀន​មិន​ត្រូវ​យក​ពិធី​នេះ​ធ្វើ​សកម្មភាព​វាយប្រហារ​ដល់​ព្រះមហាក្សត្រ ស្ថាប័ន​ជាតិ និង​ឥស្សរជន​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល ឬ​បំផុស​ញុះញង់​ពលរដ្ឋ​ផ្ទុយពី​ខ្លឹមសារ​នៃ​ការ​ស្នើសុំ​នេះ​ឡើយ។

ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ បណ្តាល​ឲ្យ​បាតុករ ១៦​នាក់​ស្លាប់ និង​របួស​ជាង ១០០​នាក់ ខណៈ​ជនរងគ្រោះ​ទាំងនោះ​ប្រមូលផ្ដុំ​គ្នា​ទាមទារ​ឲ្យ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី។

ចំណែក​នៅ​ថ្ងៃទី​៥-ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដដែល ក៏​មាន​ការ​ផ្ទុះ​អាវុធ​ម្តង​ទៀត​ដែល​ជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ទម្លាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពី​អំណាច​ជា​នាយករដ្ឋមន្ត្រី​ទី​១។

លោក សម រង្ស៊ី តែង​ចោទ​លោក ហ៊ុន សែន ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នេះ ហើយ​លោក​ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក ហ៊ុន សែន ទៅ​កាន់​តុលាការ​សហរដ្ឋ​អាមេរិក​ក្នុង​ឱកាស​លោក ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី និង​សហរដ្ឋ​អាមេរិក​នា​ទីក្រុង​ញីវយ៉ក។

ប៉ុន្តែ​លោក ផៃ ស៊ីផាន មន្ត្រី​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក៏​ធ្លាប់​បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី ដែល​ថា​លោក ហ៊ុន សែន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ឆ្នាំ​១៩៩៧ ថា​ជា​រឿង​មិន​ពិត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស