38.1 C
Phnom Penh

គណៈមេធាវី​កម្ពុជា​ព្រមាន​ប្តឹង​លោក ដេវិដ ឆាណាយវា ថា​កំពុង​ប្រកប​វិជ្ជាជីវៈ​មេធាវី​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈមេធាវី​កម្ពុជា ព្រមាន​ប្តឹង​លោក ដេវិដ ឆាណាយវា ថា​កំពុង​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជុំវិញ​ការ​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ដល់​ភាគី​វិវាទ​ដីធ្លី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

គណៈមេធាវី​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា លោក ដេវិដ ឆាណាយវា ពុំ​មាន​សិទ្ធិ​ផ្តល់​ការ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ក្នុង​នាម​ជា​មេធាវី និង​ពុំ​មាន​សិទ្ធិ​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ដូច្នេះ​ការ​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​សម្រាប់​ទំនាស់​ដីធ្លី មិន​ត្រូវ​បាន​អនុញ្ញាត​ជាដាច់ខាត។

ប្រភព​ដដែល​លើកឡើង​ថា ក្នុង​ករណី​ដែល​លោក ដេវិដ ឆាណាយវា មិន​បញ្ឈប់​សកម្មភាព​ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា​លោក​ជា​មេធាវី​ដែល​មាន​សិទ្ធិ​ប្រកប​វិជ្ជាជីវៈ​ក្នុង​ប្រទេស​កម្ពុជា​ទេ​នោះ គណៈមេធាវី​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ដោយ​គ្មាន​ករណី​លើកលែង​ឡើយ។

កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៣ លោក ដេវិដ ឆាណាយវា បាន​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​សួរ​ទៅ​កាន់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ថា​នៅ​ពេល​ដែល​លោក​ស្ម័គ្រចិត្ត​ធ្វើ​ជា​មេធាវី​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ​ជិត ៥០០​គ្រួសារ ដែល​កំពុង​រង​នូវ​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​អ្នក​មាន​អំណាច​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ ដោយ​មិន​យក​កម្រៃ​ថា​តើ​លោក​មាន​កំហុស​ដែរ​ឬ​ទេ?

លោក ដេវិដ ឆាណាយវា ត្អូញត្អែរ​ថា បច្ចុប្បន្ន​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ កំពុង​រឹតត្បិត​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លាំង​មិន​ឲ្យ​ចូល​ទៅ​យក​ព័ត៌មាន​នៅ​ទីតាំង​ដែល​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​កំពុង​រំលោភ​យក​ដីធ្លី​របស់​ពលរដ្ឋ​នោះ​ទេ ព្រោះ​អាជ្ញាធរ​ទាំងនោះ​ខ្លាច​លេច​ធ្លាយ​រឿង​អាក្រក់​របស់​ខ្លួន​ដល់​ថ្នាក់​ដឹកនាំ​ប្រទេស។

ប្រភព​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​គំរាម​ពលរដ្ឋ​រងគ្រោះ​ថា ប្រសិនបើ​ពួកគេ​នៅ​តែ​បន្ត​ពឹងពាក់​លោក​ឲ្យ​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​បន្ត​ទៀត អាជ្ញាធរ​នឹង​មិន​ដោះស្រាយ​វិវាទ​នេះ​ឲ្យ​ពួកគេ​ទេ គឺ​អាជ្ញាធរ​នឹង​បញ្ជូន​រឿង​នេះ​ទៅ​ដោះស្រាយ​នៅ​តុលាការ​តែម្តង។

យ៉ាងណា ក្រោយ​ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​គណៈមេធាវី​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ លោក ដេវិដ ឆាណាយវា ក៏​បាន​ចេញ​ប្រតិកម្ម​ត្រឡប់​ទៅវិញ​នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ដែរ ដោយ​ច្រានចោល​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈមេធាវី​កម្ពុជា​ទាំងស្រុង ក្នុង​នោះ​លោក ដេវិដ ឆាណាយវា អះអាង​ថា លោក​មិន​ដែល​បាន​និយាយ​ថា​លោក​ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ឡើយ។

ជាង​នេះ​ទៀត ក្នុង​លិខិត​របស់​លោក​ក៏​មិន​បាន​ប្រាប់​សាធារណជន​ថា លោក​មាន​សិទ្ធិ​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា លោក​គឺជា​មេធាវី​អាមេរិកាំង។

លោក ដេវិដ ឆាណាយវា ទាមទារ​ឲ្យ​គណៈមេធាវី​កម្ពុជា​កែសម្រួល​ខ្លឹមសារ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែ​មីនា ជាបន្ទាន់។ លោក​បន្ថែម​ថា ក្នុង​ករណី​មិន​កែសម្រួល លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ម៉ឺង​បំផុត ដោយសារតែ​គណៈមេធាវី​កម្ពុជា​បាន​បរិហារកេរ្តិ៍​លោក​ជា​សាធារណៈ​ជុំវិញ​ករណី​នេះ។

ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ក្នុង​ភូមិ​គគីរ ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពេល​ដែល​ពលរដ្ឋ​មក​រស់នៅ​លើ​ដី​នេះ​លើកដំបូង អាជ្ញាធរ​ចោទ​ថា​ពួកគាត់​រស់នៅ​ដោយ​ខុស​ច្បាប់​ដោយសារតែ​រស់នៅ​លើ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ប៉ុន្តែ​ក្រោយ​ពេល​ពលរដ្ឋ​រស់នៅ​អស់​រាប់​ឆ្នាំ​ទៅ អាជ្ញាធរ​បាន​នាំគ្នា​មក​បណ្តេញ​ពួកគេ​ចេញពី​លំនៅឋាន ដោយ​ចោទ​ថា​ពលរដ្ឋ​រស់នៅ​ដោយ​ខុស​ច្បាប់​នៅ​លើ​ដី​របស់​ក្រុមហ៊ុន​ឯកជន​ទៅវិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ស្ថិត​នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​មាន​ទំហំ ១០​ហិកតារ ៤០​អា និង ៣៩​សង់ទីអា ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​ធ្វើ​អនុបយោគ​ឱ្យ​ជា​កម្មសិទ្ធិ​របស់​ធនាគារ​កាណាឌីយ៉ា​របស់​លោក​ឧកញ៉ា ពុង ឃាវសែ។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២០ លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​ទំហំ ៦០០​ហិកតារ​ស្ថិត​ក្នុង​ឃុំ​រាម និង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើ​អនុបយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​ឲ្យ​ទៅ​ឧកញ៉ា​ពីរ​រូប គឺ​ឧកញ៉ា សេង ញ៉ក និង​ជំទាវ លី អាផណ ដែល​ត្រូវជា​សាច់ញាតិ​របស់​ឧកញ៉ា លី យ៉ុងផាត់ ធ្វើជា​កម្មសិទ្ធិ​ផង​ដែរ។

ខណៈ​អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ដែល​ត្រូវជា​កូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន ក៏​ទទួល​បាន​ដី​ជាង ៤៤​ហិកតារ​ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២០ ថែម​ទៀត។

ដោយឡែក​នៅ​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​ទំហំ ២៥​ហិកតារ ៩៨​អា​បន្ថែម​ទៀត​ដែល​ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ឲ្យ​ក្រុមហ៊ុន ហ្វូហាយ អ៊ិនវេសម៉ិន ធ្វើជា​កម្មសិទ្ធិ​តាម​សំណើ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ផង​ដែរ។

ជុំវិញ​ការ​កាត់​ឆ្វៀល​ដែន​គម្រប​ព្រៃឈើ​នេះ មន្ត្រី​អង្គការ​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ចំនួន ២​ស្ថាប័ន រួម​មាន​អង្គការ​លីកាដូ (LICADHO) និង​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់ ស៊ីអិនរ៉ូ (CNRO) ប្រចាំ​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​បង្ហាញ​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា សព្វថ្ងៃ​នេះ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋាភិបាល​បាន​រក្សា​ទុក កំពុង​រង​ការ​បំផ្លាញ និង​ពុះ​ច្រៀក​ធ្វើ​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​អ្នក​មាន​ទ្រព្យធន និង​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ព្រោងព្រាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស