38 C
Phnom Penh

ប្រតិបត្តិ​គុណធម៌​ដើម្បី​ពង្រឹង​កម្លាំង​តស៊ូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ស្រាវជ្រាវ​រក​ឃើញ​ថា យុវជន​ខ្មែរ​ជិត ១០០% មិន​គិត​អំពី​រឿង​នយោបាយ​ជា​បញ្ហា​ធំ​សម្រាប់​ខ្មែរ ថ្វីត្បិតតែ​មកពី​គេ​ព្រួយ​អំពី​សន្តិសុខ​របស់​គេ ហើយ​និង​កង្វះ​ការ​លើក​ទឹកចិត្ត​ពី​រដ្ឋាភិបាល។

យ៉ាងណា​ក្តី បណ្ឌិត ហ្គាហ្វា ពាងម៉េត កាល​លោក​នៅ​រស់​បាន​សរសេរ​ទុក ដោយ​ចង្អុល​បង្ហាញ​កត្តា​ធំ​មួយ​ទៀត​ទាក់ទង​នឹង​មនុស្ស​អាយុ​ហួស​ពី​យុវវ័យ គឺ​ជន​ដែល​មិន​ចេះ​រៀន មិន​ចេះ​បំភ្លេច​ចោល​នូវ​អ្វី​មិន​ត្រឹមត្រូវ​ដែល​ខ្លួន​បាន​រៀន​រួច​មក​ហើយ និង​មិន​ចេះ​រៀន​ឡើងវិញ​សាជាថ្មី។ ម្យ៉ាង​ទៀត ពលរដ្ឋ​ខ្មែរ​មិន​ប្រាកដ​ក្នុង​ខ្លួន​ចំពោះ​អ្វី​ដែល​ខ្លួន​ចង់​បាន​នោះ​ទេ។

លោក ហាស់ សាន សូម​អាន​ជូន​ជ្រាប​អត្ថបទ​អប់រំ​របស់​លោក​មាន​សេចក្តី​ដូច​តទៅ​នេះ៖

នៅ​ចុងឆ្នាំ​២០២២ អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ឈ្មោះ World Justice Project (WJP) ដែល​មាន​បេសកកម្ម​លើក​កម្ពស់​នីតិរដ្ឋ បាន​ផ្សាយ​ឯកសារ “គម្រោង​យុត្តិធម៌​ពិភពលោក តារាង​រៀង​នីតិរដ្ឋ​ឆ្នាំ​២០២២” (World Justice Project (WJP) 2022 Rule of Law Index)

នៅ​ក្នុង​តារាង​នោះ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៣៩ ក្នុង​ចំណោម​ប្រទេស​ទាំងអស់​ចំនួន​១៤០ គឺ​មួយ​លេខ​ខ្ពស់​ជាង​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​នៅ​ចុងប៉ូច​គេ តែ​នៅ​ក្រោម​ប្រទេស​អាហ្វហ្គានីស្ថាន។

ផ្អែក​លើ​តារាង​នៃ​គម្រោង​យុត្តិធម៌​ពិភពលោក​ឆ្នាំ​២០២២ នីតិរដ្ឋ​នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ពិន្ទុ​ច្រើន​ធ្ងន់ធ្ងរ។ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ អំពើពុករលួយ និង​អយុត្តិធម៌​សង្គម បាន​ទាញ​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់​ពិន្ទុ​ស្ថិត​នៅ​ក្រោម​គេ​បំផុត។ អង្គការ​សិទ្ធិមនុស្ស​ជាច្រើន​បាន​ចោទ​ប្រទេស​កម្ពុជា​ថា​ប្រើ​អំណាច​តុលាការ​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង និង​បើក​សវនាការ​កាត់ក្តី​ឆាកល្ខោន​មួយ​ចំនួន​ដើម្បី​ចាប់​សកម្មជន​នយោបាយ​ជាច្រើន​រូប​ដាក់​ពន្ធនាគារ។

អង្គការ WJP ថ្លែង​ថា មនុស្ស​ចំនួន​ជាង ៤,៤​ពាន់​លាន​នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​ដែល​នីតិរដ្ឋ​ធ្លាក់​ចុះ​ថយ​នៅ​ក្នុង​ឆ្នាំ​កន្លង​មក​នេះ។

នាយក​ប្រតិបត្តិ​របស់ WJP បាន​បញ្ជាក់​ថា ជា​មូលដ្ឋាន នីតិរដ្ឋ​គឺ​សំដៅ​ទៅ​លើ​ភាព​ត្រឹមត្រូវ​ដែល​មាន​ជា​កត្តា ការ​ទទួល​ខុសត្រូវ សិទ្ធិ​ស្មើ​គ្នា និង​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់​រូប។

វា​គ្មាន​អ្វី​ភ្ញាក់ផ្អើល​ឡើយ​ដែល​របប​ផ្ដាច់ការ​ក្រុង​ភ្នំពេញ​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​អង្គការ WJP និង​តារាង​រៀង​នីតិរដ្ឋ​ឆ្នាំ​២០២២។ គេ​មិន​ត្រូវ​មាន​អ្វី​ឆ្ងល់​អំពី​ប្រតិកម្ម​ដោយ​កំហឹង​នេះ​ឡើយ។ តែ​អ្វី​ដែល​គួរ​ឲ្យ​យើង​ចង់​ដឹង គឺ​ថា​តើ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង និង​ក្រៅ​ប្រទេស​មើល​ឃើញ​សេចក្តី​រាយការណ៍​ដែល​អង្គការ​អន្តរជាតិ “គម្រោង​យុត្តិធម៌​ពិភពលោក” បាន​ផ្សាយ​នៅ​ក្នុង “តារាង​រៀង​នីតិរដ្ឋ” នៅ​ក្នុង​ទិដ្ឋភាព​មួយ​ណា? ខ្ញុំ​បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​លើក​មុន​អំពី​ពាក្យពេចន៍​លោក ឡូណារ៍ដូ ដា វិនជី (Leonardo da Vinci) ដែល​ថ្លែង​អំពី​ប្រភេទ​មនុស្ស​ដែល​មើល​ឃើញ ប្រភេទ​មនុស្ស​ដែល​មើល​ឃើញ​នៅ​ពេល​មាន​គេ​ចង្អុល​ប្រាប់ និង​ប្រភេទ​មនុស្ស​ដែល​មើល​មិន​ឃើញ។

ខ្ញុំ​សូម​ជូន​សេចក្តី​ថ្លែង​មួយ​របស់​លោក អាល់វិន តូហ្វ្លឿរ (Alvin Toffler) ជនជាតិ​អាមេរិកាំង​ដែល​ជា​អ្នកនិពន្ធ និង​អ្នក​សិក្សា​អនាគតកាល។ លោក តូហ្វ្លឿរ ដែល​បាន​សរសេរ​ថា “the illiterate of the 21st century will not be those who cannot read and write, but those who cannot learn, unlearn and relearn” ដែល​យើង​អាច​បកប្រែ​ជា​ខ្មែរ​មាន​ន័យ​ថា៖ “អនក្ខរជន​នៅ​ក្នុង​សតវត្ស​ទី​២១ មិនមែន​ជា​ជន​ដែល​មិន​ចេះ​អាន និង​មិន​ចេះ​សរសេរ​អក្សរ​នោះ​ទេ តែ​ជា​ជន​ដែល​មិន​ចេះ​រៀន មិន​ចេះ​បំភ្លេច​ចោល​នូវ​អ្វី​មិន​ត្រឹមត្រូវ​ដែល​ខ្លួន​បាន​រៀន​រួច​មក​ហើយ និង​មិន​ចេះ​រៀន​ឡើងវិញ​សាជាថ្មី”

ខ្ញុំ​នឹង​ជូន​ជា​អត្ថបទ​នៅ​ថ្ងៃ​មុខ​ស្តីអំពី​ន័យ​ដែល​លោក តូហ្វ្លឿរ ថ្លែង​ថា “learn, unlearn” នឹង “relearn” ពីព្រោះ​វា​មាន​សារសំខាន់​ណាស់​ចំពោះ​ខ្មែរ​យើង​ក្នុង​ការ​កសាង​អនាគត​សម្រាប់​ប្រទេស​កម្ពុជា។

ខ្ញុំ​បាន​អាន​នៅ​ក្នុង​សារព័ត៌មាន “ខ្មែរ​ថែមស៍” ចុះ​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្តីអំពី​លទ្ធផល​នៃ​ការ​ស្ទង់មតិ​មួយ​នៅ​ក្រោម​ចំណងជើង​ថា Cambodian youth lack interest in politics “យុវជន​នៃ​ប្រទេស​កម្ពុជា​ខ្វះ​ការ​ចាប់អារម្មណ៍​នឹង​នយោបាយ”។

សារព័ត៌មាន “ខ្មែរ​ថែមស៍” បាន​ដកស្រង់​សេចក្តី​រាយការណ៍​មួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ប្រទេស​កម្ពុជា Transparency International Cambodia ដែល​បាន​បង្ហាញ​ថា យុវជន​ប្រទេស​កម្ពុជា​ចំនួន ៨២% មិន​មាន​ការ​ចាប់អារម្មណ៍​នឹង​នយោបាយ​ទេ ពីព្រោះ​គេ​ភ័យ​ព្រួយ​នឹង​បញ្ហា​សន្តិសុខ និង​កង្វះ​ចំណេះដឹង​អំពី​កិច្ចការ​នយោបាយ។ “ខ្មែរ​ថែមស៍” សរសេរ​ថា តាម​ពាក្យ​សម្ដី​របស់​លោក​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​ប្រទេស​កម្ពុជា “យុវជន​នៃ​ប្រទេស​កម្ពុជា​គ្មាន​ការ​ចាប់អារម្មណ៍​នឹង​នយោបាយ ពីព្រោះ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ឯទៀត​មិន​យកចិត្ត​ទុកដាក់​គ្រប់គ្រាន់​នឹង​យុវជន ជាពិសេស​មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​យុវជន បើក​ទ្វារ​ឲ្យ​យុវជន​យល់​អំពី​សិទ្ធិ​របស់​គេ និង​បង្កើត​បរិយាកាស​ឲ្យ​យុវជន​អាច​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​នយោបាយ”

របប​ផ្ដាច់ការ​ក្រុង​ភ្នំពេញ​បាន​ទាត់ចោល​ការ​សន្និដ្ឋាន​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ប្រទេស​កម្ពុជា ថា​មិន​បាន​ឆ្លុះបញ្ចាំង​ការពិត ក៏ប៉ុន្តែ​អ្នក​ជំនាញការ​ខាង​សកម្មភាព​នយោបាយ​បាន​បញ្ជាក់​ថា យុវជន​ខ្មែរ​មិន​ធ្វើ​សកម្មភាព​នយោបាយ ពីព្រោះ​ពួកគេ​គ្មាន​លទ្ធភាព​នឹង​ចូលរួម​ដោយសារតែ​គ្មាន​ការ​លើក​ទឹកចិត្ត ឬ​ក៏​រឹតត្បិត​ពី​សំណាក់​រដ្ឋាភិបាល។ សេចក្តី​រាយការណ៍​នៃ​ការ​ស្ទង់មតិ​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ភ្នំពេញ​ប្រកាន់ខ្ជាប់​នូវ​សិទ្ធិ​ពលរដ្ឋ និង​សេរីភាព​យុវជន ជាពិសេស​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ បង្កើត​សមាគម និង​ការ​ជួប​ប្រជុំ ព្រមទាំង​សិទ្ធិ​ទទួល​ព័ត៌មាន។

នៅ​ក្នុង​អត្ថបទ “កសាង​ប្រទេស​កម្ពុជា​ឡើងវិញ” ចុះ​ខែ​ធ្នូ ឆ្នាំ​២០២២ ខ្ញុំ​បាន​ជូន​ជា​គំនិត​សូម​ឲ្យ​ខ្មែរ​ពង្រឹង​ថាមពល​មួយ​ហៅថា “សសរ​គ្រឹះ​ជាតិ” (National Core) ដែល​ជា​កត្តា​គាំពារ​អាយុ​ជីវិត​ប្រទេស​កម្ពុជា ជាពិសេស​នៅ​ក្នុង​កាលៈទេសៈ​ដែល​របប​អត្តាធិបតេយ្យ​ក្រុង​ភ្នំពេញ​ប្រឹងប្រែង​បំពេញ​គោលបំណង ៣​យ៉ាង គឺ​ដាក់​សម្ពាធ​លើ​ពលរដ្ឋ​ឲ្យ​លន់តួ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ឲ្យ​កោតខ្លាច​ធ្វើ​តាម​បញ្ជា និង​ឲ្យ​សហការ​ជាមួយ​ថ្នាក់​ដឹកនាំ​ជាតិ។

មនុស្ស​យើង​មិនមែន​កើតមក​មាន​សេចក្តី​ក្លាហាន ឬ​ការ​ខ្លបខ្លាច​តាំងពី​កំណើត​ទេ។ គឺ​សង្គមូបនីយកម្ម​ដែល​ជួយ​បណ្ដុះ​សេចក្តី​ក្លាហាន ឬ​បង្កើន​ការ​ខ្លបខ្លាច។ ភ្នាក់ងារ​នានា​នៃ​សង្គមូបនីយកម្ម​វេញ​ត្បាញ​បង្កើត​ឥរិយាបថ និង​អាកប្បកិរិយា​របស់​មនុស្ស។ យើង​ត្រូវ​បណ្ដុះ​ចិត្ត​ធ្វើការ​ស្រមើស្រមៃ​ដល់​អ្វី​ខ្លះ​ដែល​យើង​ចង់​បាន។

យើង​ត្រូវ​បណ្ដុះ​គំនិត​ច្នៃប្រឌិត​បង្កើត​អ្វី​មួយ​ដែល​មិន​ដែល​មាន​ពី​មុន​មក។ ការ​ស្រមើស្រមៃ បូក​នឹង​គំនិត​ច្នៃប្រឌិត បូក​នឹង​គំនិត​វិជ្ជមាន​ត្រិះរិះ​ពិចារណា ជួយ​យើង​ឲ្យ​អាច​ដោះស្រាយ​បញ្ហា​តូច​ធំ​បាន។ យើង​ត្រូវ​មាន​ជំនឿ​ទៅ​លើ​សមត្ថភាព​របស់​យើង ហើយ​បង្កើត​ឆន្ទៈ​ម៉ឺងម៉ាត់​ថា​យើង​អាច​រក​ជោគជ័យ​ឃើញ។

បើ​មិន​គិត និង​ព្យាយាម​ធ្វើ​ដូច​បរិយាយ​មក​នេះ​ទេ អនាគត​របស់​ពលរដ្ឋ​ខ្មែរ​ប្រាកដ​ជា​គ្មាន​អ្វី​ក្រៅ​អំពី​ជាប់​ទ្រុង​ទាសភាព​តទៅទៀត​ឡើយ។ សូម​កុំ​ភ្លេច​ថា គ្មាន​ជន​អត្តាធិបតី​ណា​នៅ​ក្នុង​លោក​នេះ​សុខចិត្ត​ផ្ទេរ​អំណាច​រដ្ឋ​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​ផ្សេង​ឡើយ។ ជន​អត្តាធិបតី​ដែល​នៅ​បន្ត​អំណាច​របស់​ខ្លួន​បាន គឺ​ដោយសារតែ​ការ​ជិះជាន់​បំពាន​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ​មិន​ជួបប្រទះ​នឹង​ផលវិបាក។

ពួក​ថីថុង និង​អ្នក​ស្ម័គ្រចិត្ត​ដែល​បម្រើ​របប​ផ្ដាច់ការ​មិនមែន​មាន​ជើង​ដីឥដ្ឋ​ចាក់​ជាប់​នឹង​ដី ហើយ​គ្មាន​ការ​ភ័យ​ព្រួយ​ទេ ប៉ុន្តែ​ដរាបណា​ពួកគេ​មិន​បាន​ជួប​ផលវិបាក គេ​នៅតែ​បម្រើ​របប​ជិះជាន់​ដដែល។

សម្ដី​លោក ហ៊ុន សែន នា​ឆ្នាំ​២០០៩ ជា​សម្ដី​លាក់បាំង​ការ​ភ័យ​ព្រួយ​តែប៉ុណ្ណោះ៖ “ខ្ញុំ​សូម​បញ្ជាក់​ថា អ្នក​ឯង​ជា​នរណា​ក៏ដោយ គណបក្ស​អ្វី​ក៏ដោយ បើ​ហ៊ាន​ជ្រៀតជ្រែក​ក្នុង​គណបក្ស​ប្រជាជន អ្នក​ឯង​នៅ​ឥត​សុខ​ទេ ខ្ញុំ​នឹង​សម្រុក​ចូល​រហូត​ដល់​កន្លែង​អ្នក​ឯង​នៅ​ពួន​ចុងក្រោយ​បង្អស់។ តើ​ដឹង​ឬ​ទេ អ្នក​បាត់​ខ្លួន​មាន​ចំនួន​ប៉ុន្មាន​ហើយ?”

លោក ហ៊ុន សែន មិនមែន​មិន​ដឹង​ថា​ពួក​អ្នក​តស៊ូ​មិនទាន់​បាន​យក​ដៃ​ជើង​របស់​គេ​ទៅ​បញ្ចាំ​កុងស៊ី​នៅឡើយ​ទេ។

ជា​អកុសល ជន​អត្តាធិបតី ហ៊ុន សែន នៅ​ត្រួតត្រា​ប្រទេស​កម្ពុជា​តទៅទៀត​បាន ក៏​ពីព្រោះ​ប្រភព​ថាមពល​សំខាន់​បំផុត គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាទូទៅ​ច្រើន​តែ​ជា​មនុស្ស​អសកម្ម និង​ស្លូតត្រង់។ ពលរដ្ឋ​ច្រើន​តែ​យល់​ឃើញ​ថា លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា មាន “សិទ្ធិ” ត្រួតត្រា​ប្រទេស​កម្ពុជា។

ទំនៀមទម្លាប់ និង​វប្បធម៌​ប្រដៅ​ពលរដ្ឋ​រាប់​ពាន់​ឆ្នាំ ហើយ​ឲ្យ​គោរព​កោតខ្លាច​មេដឹកនាំ។ នៅ​គ្រប់​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ និង​ឥត​សេរី​ម្តង​ហើយ​ម្តង​ទៀត របប​ក្រុង​ភ្នំពេញ​អះអាង​ថា ពលរដ្ឋ​ខ្មែរ​បាន​បោះឆ្នោត​ឲ្យ​ពួកគេ។ សកម្មភាព​ពលរដ្ឋ និង​គណបក្ស​នយោបាយ​តូចៗ​ជាច្រើន​ដែល​ចូលរួម​បោះឆ្នោត​ដែល​ឥត​ត្រឹមត្រូវ និង​ឥត​សេរី​ម្តង​ហើយ​ម្តង​ទៀត​នោះ វា​គឺជា​សកម្មភាព​ជួយ​សម្រួល​ជន​អត្តាធិបតី និង​របប​ផ្ដាច់ការ​ឲ្យ​ស្រប​ច្បាប់។

ទិដ្ឋិ​មួយ​លើកឡើង​ថា បើ​ពលរដ្ឋ​ភាគច្រើន​បញ្ឈប់​ការ​លន់តួ​ចុះចូល និង​ការ​គោរព​កោតខ្លាច ហើយ​បញ្ឈប់​សហការ​ជាមួយ​ពួក​អត្តាធិបតី របប​ផ្ដាច់ការ​នឹង​រលំ​ដួល ព្រោះ​គ្មាន​ថាមពល​បន្ត​ដំណើរ​អំណាច​ជិះជាន់។ ជា​អកុសល មាន​តែ​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ទេ​ដែល​អាច​បំពេញ​មុខនាទី​នេះ​បាន។ អ្វី​ដែល​ជា​ឆ្អឹង​ទទឹង​ក​ក្នុង​ការ​លុបបំបាត់​លទ្ធិ​ផ្ដាច់ការ​អត្តាធិបតេយ្យ គឺ​ថា​ពលរដ្ឋ​មួយ​ចំនួន​នៅ​មាន​មន្ទិល​នៅឡើយ​ថា តើ​ការ​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ​អាច​មាន​ទ្រង់ទ្រាយ​ដូចម្តេច ហើយ​អាច​ទុកចិត្ត​កម្រិត​ណា?

អំពី​អ្នកនិពន្ធ៖

បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីត​យុទ្ធជន “កងទ័ព​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ” ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨៩ បាន​បង្រៀន​វិទ្យាសាស្ត្រ​នយោបាយ​ចំនួន ១៣​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង នៅ​កោះ Guam ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០៤ ដែល​ជា​ឆ្នាំ​លោក​បាន​ចូល​និវត្តន៍។

លោក​អ្នក​អាន និង​ស្តាប់ អាច​ចូល​មើល​គេហទំព័រ “គំនិត​ខ្មែរ” របស់​លោក​តាម​អាសយដ្ឋាន www.kumnitkhmer.com ហើយ​អាច​ទាក់ទង​នឹង​លោក​បាន​តាមរយៈ​សារ​អេឡិចត្រូនិក [email protected]

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស