38 C
Phnom Penh

ព្រះមហាក្សត្រ​កោតសរសើរ​រដ្ឋសភា​ថា​បាន​ធានា​នូវ​និរន្តរភាព​នៃ​ដំណើរការ​កែលំអ​លទ្ធិប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី មាន​បន្ទូល​កោត​សរសើរ​រដ្ឋសភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ថា​ជា​រដ្ឋសភា​ជាតិ​មួយ​ដែល​បាន​បំពេញ​ការងារ​ដ៏​មាន​សារសំខាន់​បំផុត ដូចជា​ការ​អនុម័ត​ច្បាប់​រហូត​ដល់​ជាង ១០០​មាត្រា​ក្នុង​អាណត្តិ​ទី​៦ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ដំណើរការ​កែលំអ​លទ្ធិប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី ចេញ​ព្រះរាជសារ​ក្នុង​ឱកាស​បើក​បវេសនកាល​នៃ​រដ្ឋសភា​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា សមាជិក​រដ្ឋសភា​ទាំងអស់​បាន​ខិតខំ​យកចិត្ត​ទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មណ្ឌល​ដែល​ខ្លួន​បាន​ទទួល​ខុសត្រូវ​រៀងៗ​ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​កន្លងមក។

សម្តេច​ព្រះបាទ នរោត្តម សីហមុនី មាន​ព្រះរាជ​បន្ទូល​កោតសរសើរ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ​ថា បាន​ដោះស្រាយ​ការងារ​លំបាកៗ​ដោយ​ជោគជ័យ​ក្នុង​ការ​ថែរក្សា​សន្តិភាព ឯករាជ្យ​ជាតិ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រស់នៅ​ដោយ​ស្មើ​ភាព ស្មើ​សិទ្ធិ និង​សុខដុមរមនា ព្រមទាំង​បាន​នាំមក​នូវ​កិត្យានុភាព​ជូន​ជាតិ​មាតុភូមិ​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

ព្រះមហាក្សត្រ​ខ្មែរ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រៀម​លក្ខណៈ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៧ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដើម្បី​ជ្រើសរើស​អ្នក​ដឹកនាំ​ប្រទេស​ជាតិ​ដែល​មាន​ចក្ខុវិស័យ​បន្ត​ការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត។

រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ​នេះ គឺជា​រដ្ឋសភា​មួយ​ដែល​កើត​ចេញពី​ការ​រំលោភ​លើ​មាត្រា​៧៦ នៃ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់ពី​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​យក​កៅអី​សមាជិក​រដ្ឋសភា​របស់​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​មក​ធ្វើជា​របស់​ខ្លួន​កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៧ កន្លងទៅ​នោះ។

ក្រោយពី​បក្ស​កាន់​អំណាច​ប្លន់​កៅអី​សមាជិក​រដ្ឋសភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហើយ ដោយ​ជំនួស​មក​វិញ​នូវ​សមាជិក​រដ្ឋសភា​ខុស​ច្បាប់​របស់​ខ្លួន ពួកគេ​បាន​នាំគ្នា​កែប្រែ​នូវ​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​ជាច្រើន​ទៅ​តាម​ការ​ចង់​បាន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​រង​ការ​រិះគន់​ថា ជា​ការ​កែប្រែ​ក្នុង​ចេតនា​ជួយ​ការពារ​អំណាច​ឱ្យ​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​ការ​អនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ខ្លាំង​ទៅ​ថ្ងៃ​មុខ។

សមាជិក​រដ្ឋសភា​ជាតិ​កម្ពុជា​ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង ១២៥​រូប ក្នុង​អាណត្តិ​ទី​៦ នេះ ត្រូវ​គេ​មើល​ឃើញ​ថា ពួកគេ​មិន​បាន​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ទេ គឺ​ពួកគេ​បម្រើ​តែ​មហិច្ឆតា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តែប៉ុណ្ណោះ ជាពិសេស​គឺ​ការ​ចូលរួម​ជួយ​កែប្រែ ឬ​តាក់តែង​ច្បាប់​ទាំងឡាយ​ណា​ដែល​លោក ហ៊ុន សែន ចង់​បាន ដូចជា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ដែល​រង​នូវ​ការ​រិះគន់​ថា​ជា​ការ​កែប្រែ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ការ​ផ្ទេរ​អំណាច​ក្នុង​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន ទៅ​ថ្ងៃ​មុខ ជាដើម ដែល​មិនមែន​ការ​កែប្រែ​ដើម្បី​ប្រយោជន៍​ជាតិ​ឡើយ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ក្រោម​សំឡេង​សមាជិក​រដ្ឋសភា​ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន កំពុងតែ​ជ្រែក​រាជ្យ​ព្រះមហាក្សត្រ​ខ្មែរ​ដែល​នឹង​ក្លាយ​ជា​បុគ្គល​ដ៏​មាន​អំណាច​បំផុត​នៅ​ថ្ងៃ​មុខ ទោះ​អំណាច​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ក៏​នៅ​ក្រោម​អំណាច​របស់​លោក ហ៊ុន សែន ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស